ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ឲ្យ​លោក ជា សុផារ៉ា ពិនិត្យ​ដោះស្រាយ​ករណី​ប្រជាពលរដ្ឋ​ប្ដឹង​លោក ញឹក ប៊ុនឆៃ រឿង​ដីធ្លី

  • 2019-07-01 07:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ប្រគល់​ភារកិច្ច​ឲ្យ​លោក​ឧប​នាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និងជា​ប្រធាន​អាជ្ញាធរជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ពិនិត្យ​ដោះស្រាយ​ករណី​ប្រជាពលរដ្ឋ​ប្ដឹង​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និងជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ពាក់ព័ន្ធ​ភាព​មិនប្រក្រតី​នៃការ​លក់ដី ៣​កន្លែង​ស្ថិតនៅ​ឃុំនិមិត្ត ឃុំ​ប៉ោយប៉ែត និង​ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។ នេះបើយោង​តាមលិខិត ចុះថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ២០១៩ ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំ​ការ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។

ការ​ប្រគល់​ភារកិច្ចឲ្យ​លោក ជា សុផារ៉ា ពិនិត្យ​ដោះស្រាយ​ករណី​ខាងលើ​នេះ គឺបន្ទាប់ពី​មាន​ចំណារ​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចុះ​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០១៩។ ភាព​មិនប្រក្រតី​នៃលក់ដី៣កន្លែងនេះ គឺត្រូវបាន​លើកឡើង​ដោយ​ប្រធាន​ប្រតិភូ​គណបក្សខ្មែរក្រោក។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស​ខ្មែររួបរួម​ជាតិ បានធ្វើ​លិខិត​បំភ្លឺ ជូនប្រធាន​ប្តូរវេន​នៃឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ កាលពីថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ២០១៩ ទាក់ទងនឹង​ការ​លើកឡើង​របស់​លោក សុខ សុវណ្ណ​វឌ្ឍនាសាប៊ុង ប្រធាន​ប្រតិភូគណបក្ស​ខ្មែរក្រោក ក្នុង​អង្គប្រជុំ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ២០១៩។

នៅក្នុង​លិខិត​បំភ្លឺ លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក​ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ថា​រូបលោក​បាន​យក​តួនាទី​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​យោបល់ ទៅដោះស្រាយ​ជម្លោះ​ដីធ្លី និង​បែងចែក​ផលប្រយោជន៍​របស់​ក្រុមហ៊ុន ASK & KH Group របស់​លោក​ លី សាយឃាង ផ្ទុយនឹង​តួនាទី​ដែលបាន​កំណត់​ក្នុងព្រះរាជក្រឹត្យ និង​លោក ឈឹម ផលវរុណ បាន​លើកឡើង​ថា គ្មាន​មន្ត្រី​នៅ​លេខាធិការដ្ឋាន​ចុះទៅ​បេសកកម្ម​នៅក្រុង​ប៉ោយប៉ែត និង​ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​នោះ​ទេ ។

លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ថា ចំពោះការ​លើកឡើង​របស់​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង គឺផ្ទុយ​ពីការពិត​ទាំងស្រុង ពីព្រោះ​ការចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ក្រុមហ៊ុនASK & KH Group របស់​លោក គឺក្នុង​នាមជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ទំនាស់ និង​លក់ដី​ក្រុមហ៊ុន ដែលមាន​ការ​តែងតាំង​ពី​ក្រុមហ៊ុន តាម​សេចក្តី​សម្រេច​ចុះថ្ងៃទី៧ ខែ​សីហា ឆ្នាំ២០១៨ និង​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​ទិញដី ចុះថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៨ រវាង​លោក លី សាយឃាង និង​រូប​លោក។ ម្យ៉ាងទៀត​ចំពោះ​ការលើកឡើង​របស់​លោក ឈឹម ផលវរុណ ថាគ្មាន​មន្ត្រី​លេខាធិការដ្ឋាន​ចុះ​បេសកម្ម ជាការ​ពិត ដោយសារ​ការយល់ច្រឡំ​ខុសរបស់​លោក អំពីមន្ត្រីមួយរូប​ដែលជា​សមាជិក​ប្រតិភូគណបក្ស​ខ្មែររួបរួម​ជាតិ ធ្វើការ​ជាមួយ​លេខាធិការដ្ឋាន​នោះ ស្មានថា​ជាមន្ត្រី​លេខាធិការដ្ឋាន ។

លោក​បាន​បន្តទៀត​ថា លោក លី សាយឃាង បាន​ប្រគល់​សិទ្ធិ​ឲ្យ​រូប​លោក​លក់ដី​របស់​ក្រុមហ៊ុន​ដែលមាន​ជម្លោះ​រ៉ាំរ៉ៃ​រយៈពេល១៥​ឆ្នាំហើយ តាម​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​ទិញ​អចលនវត្ថុ ទំហំ ៧៨៧​ហិកតា។ ក្នុងនាម​ប្រធាន​គណៈកម្មការ​ដោះស្រាយ ទំនាស់​ និង​លក់ដី​ក្រុមហ៊ុន​លោក​បាន​ប្រើ​រយៈពេល​ប្រមាណ ៨​ខែ និង​ចំណាយ​ថវិកា​ជាច្រើន​ដោះស្រាយ​បញ្ហា​ជម្លោះ​វិវាទ​ដីធ្លីក្រុមហ៊ុននេះ រហូតត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​ទាំងស្រុង៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;