កំណត់ត្រាគួរឲ្យចាប់អារម្មណ៍ទាំង ៧ ក្នុងជុំទី១ នៃលីគកំពូលកម្ពុជារដូវកាលនេះ
- 2019-07-03 07:32:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណត់ត្រាគួរឲ្យចាប់អារម្មណ៍ទាំង ៧ ក្នុងជុំទី១ នៃលីគកំពូលកម្ពុជារដូវកាលនេះ
ចន្លោះមិនឃើញ
លីគកំពូលកម្ពុជា បានបញ្ចប់ជើងទី១ ហើយ កាលពីចុងសប្ដាហ៍កន្លងទៅ។ មុនចាប់ផ្ដើមជើងទី២ (សប្ដាហ៍ទី១៤) នាចុងសប្ដាហ៍នេះ [ខ្លីៗ] សូមលើកយករឿងរ៉ាវ ឬស្ថិតិគួរឲ្យចាប់អារម្មណ៍ មកបង្ហាញប្រិយមិត្តដូចខាងក្រោម៖
១. ក្រុមដែលមិនទាន់ចាញ់៖
ព្រះខ័នរាជស្វាយរៀង ជាក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ពាក្យថា "ចាញ់"។ ក្រោយឆ្លងកាត់ ១៣ប្រកួតក្នុងជើងទី១ ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ឈ្នះ ១០ និង ស្មើ ៣ មាន ៣៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយលើសក្រុមលេខ២ ណាហ្គាវើល ចំនួន ៥ពិន្ទុ។ ក្រុម ៣ ដែលបានស្មើព្រះខ័នរាជស្វាយរៀង រួមមាន អង្គរថាយហ្គ័រ (១-១), បឹងកេត (២-២) និងណាហ្គាវើល (០-០)។
កំពង់ចាម បានរបូងគ្រាប់បាល់ដល់ទៅ ១៣១គ្រាប់ ក្នុង ១៣ប្រកួតនៃជើងទី១ ច្រើនជាងក្រុម ១៣ផ្សេងទៀត។ ក្រុមដែលរបូងគ្រាប់បាល់ច្រើនលំដាប់ទី២ គឺក្រុមយុវជនបាទី (របូត ៤៥គ្រាប់)។ មានតែក្រុមតែ១ប៉ុណ្ណោះ ដែលស៊ុតមិនចូលកំពង់ចាម គឺក្រុមអគ្គិសនីកម្ពុជា (ចាញ់កំពង់ចាម ០-១)។ ចំណែកក្រុម ១២ ផ្សេងទៀត បានស៊ុតចូលកំពង់ចាម មានដូចជា៖ ណាហ្គាវើល (១៨គ្រាប់), ភ្នំពេញក្រោន (១៧គ្រាប់), វិសាខា (១៤គ្រាប់), អគ្គស្នងការដ្ឋាននគរបាលជាតិ (១៤គ្រាប់), ព្រះខ័នរាជស្វាយរៀង (១៣គ្រាប់), គិរីវង់សុខសែនជ័យ (១២គ្រាប់), អង្គរថាយហ្គ័រ (១១គ្រាប់), ក្រសួងការពារជាតិ (១១គ្រាប់), បឹងកេត (៧គ្រាប់), សូលទីឡូ (៦គ្រាប់}, អាស៊ីអឺរ៉ុប (៥គ្រាប់), យុវជនបាទី (៣គ្រាប់)។
៣. មានតែក្រុម ៣ ប៉ុណ្ណោះ ដែលបានឡើងឈរកំពូលតារាង
ក្រុមទាំង ៣នោះ រួមមាន ព្រះខ័នរាជស្វាយរៀង (១០សប្ដាហ៍) ណាហ្គាវើល (២សប្ដាហ៍) និងគិរីវង់សុខសែនជ័យ (១សប្ដាហ៍)។ គិរីវង់សុខសែនជ័យ ឈរកំពូលតារាង បានតែ១សប្ដាហ៍ដំបូង ក្រោយឈ្នះយុវជនបាទី ៤-១ ក៏ត្រូវព្រះខ័នរាជស្វាយរៀង ឡើងឈរជំនួសវិញ ពីសប្ដាហ៍ទី២ រហូតដល់សប្ដាហ៍ទី៧។ ចូលសប្ដាហ៍ទី៨ ណាហ្គាវើល បានឡើងឈរជំនួសព្រះខ័នរាជស្វាយរៀង។ យ៉ាងណាក្ដី បានតែ ២សប្ដាហ៍ ក៏ត្រូវព្រះខ័នរាជស្វាយរៀង វ៉ាដាច់វិញ រហូតដល់ចប់ជើងទី១តែម្ដង។ តំណែងលេខ១ របស់ព្រះខ័នរាជស្វាយរៀង នឹងត្រូវបន្តទៀត ដោយសារបច្ចុប្បន្ន ក្រុមនេះ លើសណាហ្គាវើល ដល់ទៅ ៥ពិន្ទុ។
៤. ក្រុមដែលឈរបាតតារាង ក៏មានតែ ៣ដែរ
កំពង់ចាម របូតគ្រាប់បាល់ច្រើនជាងគេ ប៉ុន្តែក្រុមនេះ មិនមែនជាក្រុមដែលស្ថិតនៅតារាងផ្ដាច់មុខពីសប្ដាហ៍ដំបូងនោះទេ។ ៤សប្ដាហ៍ដំបូង គឺក្រុមយុវជនបាទី ជាអ្នកឈរនៅចំណាត់ថ្នាក់ក្រោមគេ (លេខ ១៤)។ ឈានសប្ដាហ៍ទី ៥ សូលទីឡូអង្គរ បានធ្លាក់ទៅបាតតារាង ជំនួសយុវជនបាទី។ ចាប់ពីសប្ដាហ៍ទី ៦ មក ទើបកំពង់ចាម បន្តវេន រហូតដល់បញ្ចប់ ១៣ប្រកួតនៃជុំទី១។ បច្ចុប្បន្ន មានតែកំពង់ចាម និងយុវជនបាទីប៉ុណ្ណោះ ដែលនៅដាច់ឆ្ងាយពីក្រុមដទៃ ពោលគឺមាន ៣ពិន្ទុដូចគ្នា (កំពង់ចាម ជំពាក់គ្រាប់បាល់ច្រើនជាង) ចាញ់ក្រុមលេខ ១២ អគ្គិសនីកម្ពុជា ចំនួន ៧ពិន្ទុ។
៥. ក្រុមដែលឈ្នះជាប់គ្នា និងចាញ់ជាប់គ្នា ច្រើនសប្ដាហ៍ជាងគេ
ណាហ្គាវើល ជាក្រុមឈ្នះជាប់គ្នាច្រើនសប្ដាហ៍ជាងគេ គឺចំនួន ៧សប្ដាហ៍ ពីសប្ដាហ៍ទី ៣ ដល់សប្ដាហ៍ទី ៩។ ក្រុមដែលបញ្ចប់កំណត់ត្រារបស់ណាហ្គា គឺ បឹងកេត ដែលបានឈ្នះណាហ្គា ២-០ ក្នុងសប្ដាហ៍ទី ១០។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ដែលមិនទាន់ស្គាល់ពាក្យថា "ចាញ់៉ នោះ បានឈ្នះជាប់គ្នាបានត្រឹម ៥សប្ដាហ៍ដំបូង រួចក៏ស្មើអង្គរថាយហ្គ័រ។ ពីសប្ដាហ៍ទី ៩ ដល់ទី ១២ ក្រុមនេះបានឈ្នះជាប់គ្នា បាន ៤សប្ដាហ៍ រួចក៏បានស្មើណាហ្គាវើលទៀត។ បច្បុប្បន្ន ក្រុមដែលកំពុងឈ្នះជាប់គ្នាច្រើនជាងប្រកួត គឺភ្នំពេញក្រោន គឺឈ្នះ ៥ប្រកួតជាប់គ្នា ពីសប្ដាហ៍ទី ៩ ដល់ ទី ១៣។ ប្រសិនបើក្រុមនេះ ឈ្នះបាន ៣ប្រកួតជាប់គ្នាទៀត ក្នុងជុំទី២ នេះ នឹងអាចបំបែកកំណត់ត្រាណាហ្គាវើលបាន។
ចំណែកក្រុមចាញ់ច្រើនប្រកួតជាងគេ គឺកំពង់ចាម (១២សប្ដាហ៍) ចាប់ពីសប្ដាហ៍ទី ២ រហូតមក។ ចំនួននេះ អាចនឹងបង្កើនថែមទៀត ប្រសិនបើក្រុមនេះ បន្តចាញ់ពីប្រកួតដំបូងនៃជុំទី២។
៦. ការប្រកួតដែលមានការស៊ុតបញ្ចូលទីគ្នា ច្រើនគ្រាប់បំផុត
ការប្រកួតក្នុងសប្ដាហ៍ទី ១៣ រវាងភ្នំពេញក្រោន និងកំពង់ចាម មានការស៊ុតបញ្ចូលទីដល់ទៅ ១៩គ្រាប់ ពោលគឺភ្នំពេញក្រោន ឈ្នះ កំពង់ចាម ១៧-២។ ប្រកួតមួយទៀត ដែលមានការបំប៉ោងសំណាញ់ទីច្រើនលំដាប់ទី ២ (១៨គ្រាប់) គឺណាហ្គាវើល ឈ្នះ កំពង់ចាម ១៨-០ ក្នុងសប្ដាហ៍ទី ៩។
៧. គ្រូបង្គោល ៣រូប ត្រូវបានបញ្ចប់កុងត្រា
ក្នុងជុំដំបូង នៃលីគកំពូលកម្ពុជារដូវកាលនេះ មានគ្រូបង្គោល ៣រូប ត្រូវបានបញ្ចប់កុងត្រា ដែលមុនគេ គឺលោក Leonardo Vitorino (ភ្នំពេញក្រោន), លោក ភា សុភក្រ្ដា (ក្រសួងការពារជាតិ) និងចុងក្រោយ គឺលោក ហុក សុជីវ័ន (វិសាខា)។
សូមបញ្ជាក់ថា ការប្រកួតជើងទី ២ (សប្ដាហ៍ទី ១៤) នឹងចាប់ផ្ដើមនាថ្ងៃសៅរ៍ អាទិត្យ ចុងសប្ដាហ៍នេះ។ តើប្រិយមិត្ត មានស្ថិតិអ្វី ចង់បន្ថែមដែរឬទេ?
រូបភាព៖ MCL