លោក ញឹក ប៊ុនឆៃ ឆ្លើយតបការចោទប្រកាន់របស់ប្រធានគណបក្សខ្មែរក្រោក
- 2019-07-04 01:28:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ញឹក ប៊ុនឆៃ ឆ្លើយតបការចោទប្រកាន់របស់ប្រធានគណបក្សខ្មែរក្រោក
ចន្លោះមិនឃើញ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ដែលបានចោទប្រកាន់រូបលោកថា លក់ដីចំនួន៣កន្លែងស្ថិតនៅឃុំនិមិត្ត ឃុំប៉ោយប៉ែត និងឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យមានភាពមិនប្រក្រតី។ ការធ្វើសន្និសីទនេះ ធ្វើឡើងបន្ទាប់ពីទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពិនិត្យដោះស្រាយករណីប្រជាពលរដ្ឋប្ដឹងលោក ញឹក ប៊ុនឆៃ ពាក់ព័ន្ធភាពមិនប្រក្រតីនេះ។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា លោករីករាយសហការជាមួយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពីព្រោះវាត្រូវតាមគោលការណ៍របស់រាជរដ្ឋាភិបាល ហើយដីមិនទាន់មានបណ្ណកម្មទ្ធិរឹង ជាគោលការណ៍ប្រគល់ជូនអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីជាអ្នកដោះស្រាយ។ រីឯដីដែលមានបណ្ណកម្មសិទ្ធិរឹង គឺតុលាការជាអ្នកដោះស្រាយបញ្ហាទាំងអស់នេះ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវបានប្រគល់មកខាងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី យើងខ្ញុំរីករាយ ព្រោះយើងខ្ញុំមានឯកសារគ្រប់គ្រាន់ ហើយក្នុងករណីទាំងអស់នេះ សង្ឃឹមថា យើងខ្ញុំនឹងទទួលបានយុត្តិធម៌ ក្នុងពេលដែលអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី នឹងមានការកោះប្រជុំនៅក្នុងពេលឆាប់ៗនេះ»។
លោក ញឹក ប៊ុនឆៃ បានបន្តថា៖ «ក្រោយពីសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានលើកឡើងនៅក្នុងអង្គប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ រួចមក ខ្ញុំបានរៀបចំឯកសារគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបំភ្លឺអំពីករណីដែលបានលើកឡើងនេះ និងបានធ្វើឯកសារដាក់ជូនសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមាន១៦គណបក្ស ដើម្បីឲ្យបានជ្រាបអំពីបញ្ហានេះ ឲ្យបានច្បាស់លាស់ ហើយខ្ញុំក៏បានធ្វើឯកសារបំភ្លឺទៅខាងតុលាការដែលលោកតាំង សុខឃី និងមេធាវីគាត់បានប្តឹងទៅតុលាការ យើងខ្ញុំបានធ្វើការបំភ្លឺគ្រប់គ្រាន់ទាំងអស់ហើយ»។
ប្រធានគណបក្សរូបនេះបញ្ជាក់ទៀតថា៖
«លោកលី សាយឃាង បានលក់ដីកំពុងមានរឿងឲ្យមករូបលោកតាមកិច្ចសន្យាប្រគល់សិទ្ធិលក់ទិញអចលនវត្ថុ (ដី) ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨។ ដោយមានការសហការល្អពីអជ្ញាធរ និងសមត្ថកិច្ចព្រមទាំងប្រជាពលរដ្ឋផង ទំនាស់ដីធ្លីដ៏ស្មុគស្មាញអស់រយៈពេល ១៤ឆ្នាំមកហើយ ត្រូវបានបញ្ចប់តាមកិច្ចព្រមព្រៀងស្ដីពីការបញ្ចប់ជម្លោះដីធ្លីចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។ លោក តាំង សុខឃី ដែលឈ្មួញមករកទិញដី បានសហការជាមួយលោក លី សាយឃាង ទាត់ចោលឈប់ទទួលស្គាល់កិច្ចសន្យាប្រគល់សិទ្ធិលក់ទិញអចលនវត្ថុ (ដី) ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ មិនទទួលស្គាល់លោកម៉ន ម៉ារ៉ាឌី លោកសូ មឿត ដែលជាតំណាងក្រុមហ៊ុន និងរូបលោកជាប្រធានគណៈកម្មការដោះស្រាយទំនាស់ និងលក់ដីក្រុមហ៊ុន មិនទទួលស្គាល់កិច្ចសន្យាទិញលក់ដីរវាងលោក លី សាយឃាង និងឈ្មួញអ្នកទិញ ថែមទាំងមិនទទួលស្គាល់ប្រាក់កក់ថ្លៃដីដែលបានទទួលរួចហើយកន្លងមក។ លោក លី សាយឃាង បានតែងតាំងលោក តាំង សុខឃី ជាតំណាងក្រុមហ៊ុនថ្មីដែលមានការជួយជ្រោមជ្រែងពីលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកផង ដើម្បីលក់ដីនេះចែកផលប្រយោជន៍គ្នា ដែលធ្វើឱ្យបញ្ហាជម្លោះដីធ្លីនេះ ដែលត្រូវបានបញ្ចប់ទៅហើយ ត្រឡប់មកមានបញ្ហាដដែល ធ្វើឲ្យមានបញ្ហាអសន្តិសុខសង្គម មិនអាចធ្វើការអភិវឌ្ឍនៅតំបន់នេះបាន»៕