អ្នកនាំពាក្យ៖ ក្រសួងការពារជាតិ មិនដែលសុំឱ្យអាមេរិក ជួសជុលអគាររបស់ទ័ពជើងទឹកកម្ពុជាឡើយ
- 2019-07-04 08:07:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនាំពាក្យ៖ ក្រសួងការពារជាតិ មិនដែលសុំឱ្យអាមេរិក ជួសជុលអគាររបស់ទ័ពជើងទឹកកម្ពុជាឡើយ
ចន្លោះមិនឃើញ
អ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានហៅការផ្សព្វផ្សាយនូវអត្ថបទដែលថា «ក្រសួងការពារជាតិកម្ពុជា បានបដិសេធជំនួយអាមេរិក ដែលសុំជួសជុលអគារហ្វឹកហ្វឺន និងផ្ទុកនាវា របស់មូលដ្ឋានកងទ័ពជើងទឹកកម្ពុជា» គឺជាដំណឹងមិនពិតទាល់តែសោះ។ ក្រសួងការពារជាតិពុំដែលបានស្នើទៅអាមេរិក ដើម្បីជួសជុលអគារខាងលើនេះម្តងណាទេ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកលោក ឈុំ សុជាត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា អគារហ្វឹកហ្វឺននិងផ្ទុកសម្ភារៈ ដែលរងការចោទប្រកាន់នេះ គឺមិនមែនចំណុះឱ្យមូលដ្ឋានកងទ័ពជើងទឹករាមទេ ប៉ុន្តែជាអគាររបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ មានទីតាំងបណ្តោះអាសន្ន នៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលនឹងត្រូវផ្លាស់ប្តូរទៅកាន់កន្លែងថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ហើយមិនទាន់មានភាពចាំបាច់ក្នុងការជួសជុលនោះទេ។
លោកនាយឧត្តមសេនីយ៍បន្តថា ពាក់ព័ន្ធនឹងលិខិតរបស់ឧបការីរងក្រសួងការពារជាតិសហរដ្ឋអាមេរិកនោះ ក្រសួងការពារជាតិកម្ពុជាក៏បានអញ្ជើញអនុព័ន្ធយោធាប្រចាំការនៅក្នុងស្ថានទូតអាមេរិក មកស្តាប់ការបំភ្លឺអំពីមូលហេតុដែលកម្ពុជាមិនទាន់មានភាពចាំបាច់ ក្នុងការទទួលជំនួយសហរដ្ឋអាមេរិក ដើម្បីជួសជុលអគារខាងលើនេះផងដែរ។
«ឆ្លៀតឱកាសនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំសូមស្នើដល់សារព័ត៌មានទាំងអស់ សូមកុំបន្តធ្វើការបកស្រាយចំពោះដំណឹងមិនពិត ដែលអាចនាំឱ្យមានការភាន់ច្រឡំមកលើក្រសួងការពារជាតិកម្ពុជា»។ នេះជាការអំពាវនាវរបស់លោក ឈុំ សុជាត៕