សម្តេច ហ៊ុន សែន ថា​​មេដាយ​ស៊ីហ្គេម​២០២៣ គ្រាន់​តែជារឿងទី២

  • 2019-07-29 08:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងថា ក្នុងពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ការទទួល​បាន​មេដាយ គឺជា​រឿង​ទី២ទេ ពោលគឺ​រឿងដែល​សំខាន់​បំផុត ​ការ​ធានារ៉ាប់រង​ដល់​កីឡាករ-កីឡាការិនី ដែលមក​ចូលរួម។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពេល​អញ្ជើញ​ចុះពិនិត្យ​ការដ្ឋាន​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ នៅ​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «**យើងមាន​តួនាទី​ជាម្ចាស់ផ្ទះ។ ដូច្នេះ​កិច្ចការ២​ដែលត្រូវ​ធ្វើ ទី១ ត្រូវ​ធ្វើម្ចាស់ផ្ទះ​ដែលមាន​ការ​ទទួល​ខុសត្រូវ ហើយដោយ​ការប្រព្រឹត្ត​ទៅនៃ​ការប្រកួត​រលូន​ពីដើម​ដល់ចប់ មិនធ្វើឱ្យ​កីឡាករ​កីឡាការិនី និង​អ្នកដឹកនាំ​នៃ​ប្រទេស​នានា ដែល​មក​ចូលរួម​ការប្រកួត បាក់​ទឹកចិត្ត ហើយ​ធ្វើឱ្យ​ខូចនូវ​មុខមាត់​ប្រទេស​នោះទេ។ មេដាយ​គឺជារឿងទី២​ទេ ប៉ុន្តែ​រឿង​ធានារ៉ាប់រង​ក្នុង​ឋានៈ​ជា​សមាជិក​អាស៊ាន​ដែលមាន​ការ​ទទួល​ខុសត្រូវ ត្រូវ​ធ្វើ​កិច្ច​ការងារ​នេះ ឱ្យ​ច្បាស់ គឺ​មិន​ឱ្យកីឡាករ កីឡាការិនី ដែលមកពី​ប្រទេស​នានា បាក់​ទឹកចិត្ត ហើយ​ត្រឡប់​ទៅវិញ​និយាយ​ដើមពី​កម្ពុជា​នោះទេ**»។

សូម​ជម្រាប​ថា សម្តេច​នាយករដ្ឋមន្ត្រី​បានផ្តល់​នូវ​អនុសាសន៍​សំខាន់ៗ ក្នុងការ​ជំរុញ​ឱ្យ​វិស័យ​កីឡា ក៏ដូចជា​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣ខាងមុខ​ ឱ្យ​ទទួល​បាន​ជោគជ័យ​ដូចជា៖

១. បង្កើន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​ក្នុង​តំបន់​នេះ ពិសេស​ត្រូវធ្វើការ​កសាង​ផ្លូវថ្នល់​សំខាន់ៗ​ឱ្យ​បាន​ច្រើន ដើម្បី​បង្កភាពងាយ​ស្រួល​ដល់ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ចេញចូល​ក្នុង​តំបន់​នេះ។

២. ជំរុញ​ឱ្យ​មានការ​ត្រៀមហ្វឹកហាត់​កីឡាគ្រប់ប្រភេទ​ចាប់ពីពេល​នេះតទៅ ដើម្បីឈាន​ទៅចាប់យក​មេដាយ​ឱ្យ​បានច្រើន។ ជាមួយគ្នានេះ​ដែរ បណ្តាទូរទស្សន៍​ក្នុងស្រុក​ទាំងអស់​ត្រូវមាន​ការ​បែងចែក​ការងារ​គ្នា​ក្នុងការ​ផ្សព្វផ្សាយ​ពីការ​ហ្វឹកហាត់ និងការ​ប្រកួតកីឡា​នីមួយៗ ដើម្បី​កុំឱ្យ​ដាច់វគ្គប្រកួត​នីមួយៗ ឱ្យ​ការទស្សនា​ពីមហាជន​ គឺភាព​ភាពងាយស្រួល​ក្នុងការ​ប្រកួតកីឡា​ប្រភេទ​ផ្សេងៗ​គ្នា៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;