ហ៊ុយ យ៉ា​ឡេង ស្រក់​ទឹក​ភ្នែក ក្រោយ​ឃើញ​លទ្ធផល​បញ្ជាក់​ពី​គ្រូ​ពេទ្យ ដោយ​សារ​រឿង​ធាក់​ស៊ីក្លូ

  • 2019-07-30 04:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនិពន្ធ និង​ដឹកនាំ​រឿង ហ៊ុយ យ៉ា​ឡេង បាន​ពោល​ថា លោក​អង្គុយ​ស្រក់​ទឹក​ភ្នែក ក្រោយ​ពី​បាន​ទទួល​លទ្ធផល​ពិនិត្យ​របស់​គ្រូ​ពេទ្យ​នៅ​លើ​ឆ្អឹង​ខ្នង​របស់​លោក បញ្ជាក់​ថា មាន​បញ្ហា​ទៅ​ហើយ​ក្រោយ​ពី​ចូល​ខ្លួន​មក​ធាក់​ស៊ីក្លូ​បាន​ប៉ុន្មាន​ថ្ងៃ។

អ្នក​និពន្ធ និង​ដឹកនាំ​រឿង "ធ្មប់" បញ្ជាក់​ថា តាម​លទ្ធផល​ពី​គ្រូ​ពេទ្យ​គឺ​ឆ្អឹង​ខ្នង​របស់​លោក​មាន​បញ្ហា​ទៅ​ហើយ ហើយ​នោះ​អ្វី​ដែល​លោក​បារម្ភ ពេល​នេះ​វា​​បាន​ក្លាយ​ជា​ការ​ពិត។ "អង្គុយ​គិត​ស្រក់​ទឹក​ភ្នែក ឈឺ​ចាប់​ពេញ​១​ថ្ងៃ?ថា​តើ​ត្រូវ​សម្រាក ឬ​ទៅមុខ​បន្ត បើ​យើង​មាន​បញ្ហា​ឆ្អឹង​ទៅ​ហើយ!”។

លទ្ធផល​គួរ​ឲ្យ​ស្លុត​ចិត្ត​ខាង​លើ បាន​កើត​មាន​ក្រោយ​ពី​លោក​បាន​លះបង់​ភាព​សុខ​ស្រួល​មួយ​រយៈ ចូល​ខ្លួន​ផ្សាំ​នឹង​ជីវិត​ធាក់​ស៊ីក្លូ ក្នុង​បំណង​ក្រេប​យក​បទ​ពិសោធន៍​ពិត​របស់​បង​ប្អូន ពូ​ៗ និង​លោក​តា​ប្រកប​របរ​ធាក់​ស៊ីក្លូ ទៅ​រំលេច​ក្នុង​សេណារីយ៉ូ កុន​ថ្មី​របស់​លោក​មាន​ចំណង​ជើង​ថា "ដើម្បី​កូន" ដែល​តួអង្គ​ក្នុង​រឿង គឺ​ជា​អ្នក​ធាក់​ស៊ីក្លូ។ លោក យ៉ា​ឡេង ប្រាប់​ថា តួ​អង្គ​ក្នុង​រឿង គឺ​ជា​បុរស​ពិការ​ម្នាក់ ហើយ​ឥឡូវ​នេះ លោក​ស្រាប់​តែ​ទទួល​ដំណឹង​លោក​ឈឺ​មែន​ទែន។

"ហ៊ឺ​ថត​រឿង​ពិការ​ចំ​ធ្លាក់​ខ្លួន​មាន​ជំងឺ​មែន​ទែន? ពិត​ជា​មាន​ន័យ ណាស់​ជីវិត​ខ្ញុំ​អើយ?ទើប​នឹង​ដាក់​គោលដៅ​តស៊ូ​សម្រេច​ក្ដី​ប្រាថ្នា​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ទៅ​មុខ​ទៀត? ទេវតា​អើយ​សុំ​៥​ឆ្នាំ​ទៀត​ចាំ​ឈឺ​ក៏​មិន​បាន? តែ​មិន​អី​ទេ​កូន​ចៅ​បាន​សម្រេចចិត្ត​ហើយ? ត្រូវ​សម្រេច​គោល​ដៅ​អោយ​បាន​មិន​បោះ​បង់​ទេ!”។ លោក​ប្រាប់​បន្ថែម​ថា តាម​សភាព​ជំងឺ​លោក គ្រូ​ពេទ្យ ប្រាប់​ឲ្យ​សម្រាក និង​កុំ​ធ្វើ​ការងារ​អ្វី​ឲ្យ​ហួស​ហេតុ និង​ព្យាយាម​ហាត់​ប្រាណ ដោយ​ហែល​ទឹក​ឲ្យ​បាន​ច្រើន។

ដោយ​ឡែក​ចំពោះ​ផែនការ​ធាក់​ស៊ីក្លូ​ដើម្បី​សរសេរ​រឿង​ថ្មី​របស់​លោក ក៏​គ្រូពេទ្យ​ណែនាំ​កុំ​អោយ​ប្រើ​កម្លាំង​ជ្រុល​ដែរ ពោល​គឺ ១​ថ្ងៃ​តែ​ប្រមាណ ៣០នាទី គឺ​សម​ស្រប​ហើយ។ យ៉ាង​ណា​ក៏​ដោយ អ្នកនិពន្ធ​ដដែល បញ្ជាក់​ថា លោក​មិន​បោះ​បង់​មហិច្ឆតា​របស់​លោក​ឡើយ បើ​ទោះ​ជំងឺ​វិវត្ត​ដល់​ដំណាក់​កាល​ធ្ងន់​ជាង​នេះ​ក៏​ដោយ។ លោក​ថា "អស់​ខ្លាំង​វះ​កាត់​ដាក់​ដែក​ហើយ​បន្ត ដំណើរ​ទៅ​មុខ​ទៀត? ថ្ងៃ​នេះ​ធាក់​ដោះ​អាវ​ក្រោម​កម្ដៅ​ថ្ងៃ​ទៀត ដើម្បី​អោយ​ស្បែក​ខ្មៅ”

អ្វី​ដែល ហ៊ុយ យ៉ា​ឡេង បាន​ធ្វើ​ខាង​លើ គឺ​ត្រៀម​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​ភាពយន្ត​បែប​ជីវិត​មួយ​រឿង​មាន​ចំណង​ជើង​ថា “ដើម្បី​កូន” ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ថត​នា​ពេល​ខាង​មុខ​នេះ ខណៈ​លោក​ទើប​តែ​ជួប​ប្រឈម​នឹង​ជំងឺ​ឆ្អឹង​ដែល​មិន​នឹក​ស្មាន​ដល់​នេះ។ “មុន​ពេល​ធាក់​ស៊ីក្លូ ខ្ញុំ​ទទួល​អារម្មណ៍​ថា ឆ្អឹង​ខ្នង​ខ្ញុំ​នឹង​វា​ឈឺ​តិច​ៗ​ដែរ តែ​គិត​ថា​មិន​អី ដល់​ឥឡូវ​ឃើញ​ថា​មាន​បញ្ហា​ទៅ​ហើយ...គ្រូ​ពេទ្យ​ថា ឲ្យ​ហាត់​ប្រាណ​ពុត​ចង្កេះ ហែល​ទឹក ធ្វើ​អ្វី​ក៏​ទម្រន់ និង​ញុំា​ថ្នាំ​ឲ្យ​ទៀង​ទាត់​ទៅ វា​អាច​ជា​វិញ​ហើយ ហ៊ឺ...​វេលា​ថត​ជិត​មក​ដល់​ហើយ តែ​យ៉ាង​ណា ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ធ្វើ​បាន...!”។

អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ដដែល បញ្ជាក់​ថា លោក​គ្រោង​នឹង​ធ្វើ​វីឌីអូ​ផ្ដល់​ជូន​បង​ប្អូន​អំពី​បញ្ហា​នេះ ដើម្បី​កុំ​មាន​បញ្ហាកើត​ឡើង​ហើយ ទើប​ស្ដាយ​ដូច​ជា​លោក៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;