អ្នកនាំពាក្យ​រាជរដ្ឋាភិបាល៖ អាមេរិក​ប្រហែល​ច្រឡំថា កម្ពុជា​ក្រោម​អាណានិគម​របស់​ខ្លួន​ហើយមើល​ទៅ

  • 2019-07-31 01:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​សហរដ្ឋអាមេរិក​ថា កម្ពុជាមិន​ស្ថិតក្រោម​អាណានិគម​របស់​សហរដ្ឋអាមេរិក​នោះទេ។ កម្ពុជាមិន​ស្វាគមន៍​អ្នកដែលមិន​សប្បាយចិត្ត និង​ការរស់រាន​មានជីវិត​ដោយ​សន្តិភាព ស្ថិរភាព ដែលមាន​នៅក្នុង​កម្ពុជា បើថាគេ​មិន​សប្បាយចិត្ត​ ឲ្យគេដើរ​ចេញទៅ។

ការថ្លែង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​សហរដ្ឋអាមេរិក​បានបង្ហោះសារ​មួយ​ពាក់ព័ន្ធនឹង​ការ​បោះឆ្នោតជាតិ​នៅកម្ពុជា​ថា មិនមាន​ភាព​សេរី និង​យុត្តិធម៌​ទេ ហើយក៏​មិនបាន​តំណាងឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទេ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានថ្លែង​ប្រាប់ [ខ្លីៗ] កាលពីថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៩ យ៉ាងដូច្នេះ​ថា «នៅក្នុងច្បាប់​របស់​កម្ពុជា មិន​តម្រូវ​ឲ្យបរទេស​ណា​មកវាយ​តម្លៃ ឬក៏​ទទួល ឬមិនទទួល​ស្គាល់​នោះទេ ប្រហែល​ជាអាមេរិក​យល់ច្រឡំថា​កម្ពុជា នៅក្រោម​អាណានិគម​របស់គេ​ហើយ​មើលទៅ»។

លោក​បញ្ជាក់​ថា ការបោះឆ្នោត​នៅកម្ពុជា​ ប្រព្រឹត្ត​ទៅក្រោម​ការចាត់ចែង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​ចំពោះ​វិវាទ លទ្ធផល​ការ​បោះឆ្នោត គឺមាន​គណៈកម្មការជាតិ​រៀបចំការ​បោះឆ្នោត ក្រុមប្រឹក្សា​ធម្មនុញ្ញ ជាអ្នក​វាយតម្លៃ និង​ផ្ដល់​សុពលភាព នូវ​បេក្ខជន​ដែលទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា ហើយ​រដ្ឋសភា​បន្តនីតិវិធី​ក្នុងការ​ជ្រើសរើស​យក​នាយក​រដ្ឋមន្ត្រី។ «ហើយបើ​សិនជា​គេលើកឡើង​គេមិន​ទទួលស្គាល់ ដូចជា​មិនតម្រូវការ​ឱ្យគេ​ទទួលស្គាល់​នោះទេ បើគេមិន​សប្បាយ​ចិត្ត ឲ្យគេ​ចេញពី​ស្រុកខ្មែរ​ទៅ។ អ្វីដែល​ខ្ញុំថា មន្ត្រីណា​ឬក៏អ្នកណា ដែលមិន​សប្បាយចិត្ត​និង​ស្រុកខ្មែរ ចាកចេញពី​ស្រុកខ្មែរ​ទៅ គឺជា​ពាក្យ​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ និយាយ​ទាំងអស់»។

សូម​ជម្រាប​ថា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​បាន​សរសេរ​សារ​ថា៖ «ថ្ងៃនេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កត់សម្គាល់​ខួបមួយឆ្នាំ​នៃការ​បោះឆ្នោត​ជាតិ ដែលមាន​កំហុស​ឆ្គង​យ៉ាងខ្លាំង នៅ​កម្ពុជា។ ការ​បោះឆ្នោត​នោះ មិនមាន​ភាព​សេរី និង​យុត្តិធម៌​ទេ ហើយក៏​មិនបាន​តំណាង​ឲ្យឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទេ។ ការ​បោះឆ្នោត​នេះ បានផាត់ចោល​គណបក្ស​ប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា ហើយវា​រឹតតែ​ធ្វើឲ្យបាត់បង់​ថែមទៀត​នូវ​សមិទ្ធិផល​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ជំរុញ​ការផ្សះផ្សា​នយោបាយ និងលើក​កម្ពស់​កំណើន​សេដ្ឋកិច្ច ចាប់តាំង​ពីមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១​មក»។

ទូត​អាមេរិក​បន្ត​ថា៖ «យើងសូម​អំពាវនាវ​ឲ្យរដ្ឋាភិបាលកម្ពុជា​ចាត់វិធានការ​ជាក់ស្តែង​នានា ក្នុងការ​ស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំង​ធ្វើការទម្លាក់​បទចោទ​ប្រកាន់​ទាំងឡាយ ប្រឆាំង​លោក កឹម សុខា និងអ្នកទោស​នយោបាយ​ដទៃទៀត ហើយបញ្ចប់​ការអនុវត្តនូវការ​ចោទប្រកាន់​ដោយគ្មាន​មូលដ្ឋាន និងក្រោម​ហេតុផល​នយោបាយ ដើម្បីយាយី​ពលរដ្ឋ​របស់ខ្លួន។ ប្រជាពលរដ្ឋ ទាំងអស់​នៅកម្ពុជា​ គួរតែអាច​ប្រើសិទ្ធិ​របស់​គេក្នុងកា​រសម្តែង​មតិ ដោយសេរី និងអាច​ធ្វើការ​ប្រមូលផ្តុំគ្នា​ដោយ​សន្តិវិធី ហើយឲ្យ​ពលរដ្ឋចូលរួម​នៅក្នុង​ដំណើរការ​កិច្ចការ​សាធារណៈ»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;