កីឡាករ​ខ្មែរ​២រូប បញ្ចេញទស្សនៈទុកចិត្តលើ ចាន់ រតនា លើ​ក្បាច់​ខ្លះ

  • 2019-08-12 08:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់ក្លិប «សិល្បៈ» និង ជាកីឡាករគុនចម្រុះ ចាន់ រតនា ត្រូវជួបជើងខ្លាំងមកពីគុយបា Gustavo Balart នៅសង្វៀន ONE: DREAM OF GOLD នាថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ នៅក្រុងបាងកក ប្រទេសថៃ។

មុនការប្រកួតមកដល់ អ្នកលេងគុនចម្រុះមានឈ្មោះបោះសំឡេងនៅកម្ពុជាពីររូបសុទ្ធ ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស៊្រន់ បានបង្ហាញទំនុកចិត្តដល់មិត្តរួមជាតិ ចាន់ រតនា ដែលអាចមានភាគរយខ្ពស់ដើម្បីទទួលជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា។

ស៊ឹម ប៊ុនស្រ៊ន់ ដែលមានបទពិសោធន៍ប្រកួតលើសង្វៀនគុនចម្រុះជាច្រើនដងកន្លងមកបានបង្ហើបទស្សនៈផ្លាល់ខ្លួនថា ៖«ខ្ញុំគិតថា បង រតនា អាចមានភាគរយពី ៦០ ទៅ ៧០ ភាគរយដើម្បីឈ្នះការប្រកួតនេះ។ បើសិន បង រតនា អាចទាត់កាត់ និង បោះជង្គង់ច្រើន ប្រហែលជា Balart អាចសន្លប់ទៀតផង។ កម្លាំងស៊ុហ្វ របស់ បង រតនា ក៏ល្អណាស់ដែរឥឡូវនេះ»។ ប៊ុនស្រ៊ន់ អះអាងទៀតថា បើសិន ចាន់ រតនា ទាត់ច្រើនកាលណា នោះវាកាន់តែល្អសម្រាប់ការប្រកួតនេះ។ លើសពីនេះទៅទៀត ប៊ុនស្រ៊ន់ មើលឃើញថា ម្ចាស់ក្លិប «សិល្បៈ» មានជំនាញប្រើកណ្ដាប់ដៃ ទាត់ និង ដោះឃ្លេបានល្អទៀតផង ហើយបើគូបដិបក្ខប្រើក្បាច់ចាប់ច្រើន នោះត្រូវព្យាយាមដោះដូចរាល់ដង។ ការប្រើក្បាច់បែបនេះនឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន។

កូនសិស្សមកពី Cambodian Top Team សង្កត់ធ្ងន់ថា ៖«ខ្ញុំខ្លាចបន្តិច បើគាត់ចាប់ឃ្លេជាមួយគេច្រើន ឬ វៃដេក គឺ អាចចាញ់ប្រៀបគេហើយ ព្រោះ គេ[Balart] ស្អិតដូចតុកកែ និង ជំនាញចំបាប់ល្អ។ គេរាងតឿបន្តិច ប៉ុន្តែកម្លាំងគេល្អណាស់។ ដូច្នេះ បង រតនា គាត់ធ្វើការងារធ្ងន់ជាងលើកមុនៗឆ្ងាយ។ ប៉ុន្តែខ្ញុំជឿថា គាត់អាចដោះបានបើសិនជាជាប់ឃ្លេ»។ កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ គូសបញ្ជាក់ថា Balart មានកម្លាំងស៊ុហ្វល្អណាស់ និង ពូកែចាប់បោក ហើយ ចាន់ រតនា ដាច់ត្រូវតែការពារឲ្យបាន។

ងាកមកកាន់ ខុន ស៊ីចាន់ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ១ ក៏មានពាក្យពេចន៍ខ្លះដើម្បីជម្រាបជូនអ្នកគាំទ្ររវាងជើងខ្លាំងទាំងពីរនេះដែរ។ ខុន ស៊ីចាន់ ថ្លែងបែបនេះ៖ «Balart ពូកែចាប់ណាស់ តែ ចាន់ រតនា ក៏ពូកកែដោះហើយការពារ និង ហ្វឹកហាត់ការដោះក្បាច់ រួមកម្លាំងស៊ុហ្វល្អដែរ។ ខ្ញុំសង្ឃឹមថា រតនា ឈ្នះតែម្ដង»។ អ្នកលេងគុនចម្រុះមកពីស្រុកអន្លង់វែងសង្កត់ធ្ងន់ថា៖«បើរតនា វ៉ៃក្នុងជំហរដេក ខ្ញុំគិតថាចាញ់គេពី ៦០ ទៅ ៧០ ភាគរយ ប៉ុន្តែបើវ៉ៃជំហរឈរ នោះនឹងឈ្នះ ១០០ភាគរយតែម្ដង»។

កូនសិស្សលោក Alan Mccune រៀបរាប់ទៀតថា សមត្ថភាព និង កម្លាំងស៊ុហ្វប្រហាក់ប្រហែលគ្នា ប៉ុន្តែ ពេលចាប់ផ្ដើមប្រកួត Balart នឹងស្រវាចូលចាប់ឃ្លេជាក់ជាមិនខានទៅលើបុរសវ័យ ៣៣ ឆ្នាំរបស់កម្ពុជា។

ជើងខ្លាំងជំនាញចំបាប់សញ្ជាតិគុយបា Balart ឈ្នះ ៨ លើកក្នុងការបង្ហាញខ្លួន ១០ លើកនៅសង្វៀនគុនចម្រុះកន្លងមក។ ប៉ុន្តែ បុរសវ័យ ៣២ ឆ្នាំសញ្ជាតិគុយបា រូបនេះ ចាញ់កីឡាករសញ្ជាតិជប៉ុន Tatsumitsu Wada កាលខែ មេសា កន្លងទៅ។ រឿងដ៏អស្ចារ្យ ចន្លោះ ២០១៥ ដល់ ២០១៧ ម្ចាស់មេដាយមាស Pan American Games ឆ្នាំ ២០១១ មិនដែលស្គាល់ពាក្យថាចាញ់ទេក្នុងការប្រកួត ៦ លើក (ឈ្នះទាំងអស់)។ ចំណែក ចាន់ រតនា ឈ្នះ ២លើកចុងក្រោយជាប់គ្នាលើកីឡាករមកពីឥណ្ឌូណេស៊ី ពោល រតនា វ៉ៃ Abrou Fernandes ឲ្យចុះចាញ់ និង បំបាក់កីឡាករ Rudy Agustian ឲ្យចុះចាញ់ កាលដើមខែ ឧសភា ឆ្នាំ ២០១៩ នេះ។

សូមទស្សនាការផ្សាយផ្ទាល់ពីសង្វៀន ONE: DREAMS OF GOLD ពីប្រទេសថៃនាល្ងាចថ្ងៃទី ១៦ ខែ សីហា ចាប់ពីម៉ោង ៥:៣០ ល្ងាចតទៅ តាមរយៈផេក និង YouTube: ONEChampionship ឬ អាចដោយឡូត ONE App ដើម្បីទស្សនាលើទូរសព្ទ៕

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;