អបអរសាទរ! មន្ទីរពេទ្យ ៣ ទទួលបានជយលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០១៩
- 2019-08-14 06:53:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! មន្ទីរពេទ្យ ៣ ទទួលបានជយលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០១៩
ចន្លោះមិនឃើញ
មន្ទីរពេទ្យបង្អែកបាកាន ក្នុងខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែក ខេត្តកោះកុង និងមន្ទីរពេទ្យ ខេត្តកំពង់ចាម បានទទួលជយលាភីជាអង្គភាពផ្ដល់សេវាសាធារណៈគំរូលេខ១ ផ្នែកសុខាភិបាលឆ្នាំ២០១៨-២០១៩។ ពិធីប្រកាសនេះត្រូវបានធ្វើឡើងកាលពីសប្ដាហ៍មុននៅវិទ្យាស្ថានជាតិអប់រំ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយលោកបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងសុខាភិបាលបានចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជយលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ដែលជាមន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ពីចំណាត់ថ្នាក់លេខ១ដល់លេខ១០ មន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ ពីចំណាត់ថ្នាក់លេខ១ ដល់១០ និងមន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ពីចំណាត់ថ្នាក់លេខ១ ដល់លេខ១០ ទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមអនុក្រឹត្យ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ដីពីការទទួលស្គាល់ជយលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ និងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ហើយទទួលបានពានរង្វាន់ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ព្រមទាំងថវិកាជារង្វាន់លើកទឹកចិត្តផងដែរ។
ក្រៅពីមន្ទីរពេទ្យបង្អែកខាងលើ ផ្នែកវិស័យអប់រំឯណោះវិញ វិទ្យាល័យពេជ្រចិន្តា ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក៏ទទួលបានជយលាភីលេខ១ ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ទូទាំងប្រទេស ឆ្នាំសិក្សា២០១៨-២០១៩ផងដែរ។
ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការតំណាងគ្រប់ក្រសួង/ស្ថាប័ន គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) គណៈកម្មការបច្ចេកទេសអន្តរក្រសួង អភិបាលនៃគណៈអភិបាលរាជធានី/ខេត្ត មន្ទីរពាក់ព័ន្ធ (មន្ទីរសុខាភិបាល អប់រំ យុវជន និង កីឡា មុខងារសាធារណៈ បរិស្ថាន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) តំណាងអង្គការដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូតសឹង្ហបុរី សាកលវិទ្យាធិការ និងនាយកវិទ្យាស្ថាន នាយកមន្ទីរថ្នាក់ជាតិ ប្រធានមជ្ឈមណ្ឌលជាតិ អភិបាលនៃគណៈអភិបាលក្រុង/ស្រុក/ខណ្ឌ មន្ទីរពេទ្យបង្អែករាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ នាយក នាយិកាវិទ្យាល័យទូទាំងប្រទេស ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សរុបប្រមាណ ១.២០០នាក់ ក្នុងនោះស្ត្រីមាន ៣០០នាក់៕