សំណង់ប្រាសាទកំពូលបីនៅរង្វង់មូលប៉ោយប៉ែតតម្លៃជាង៥០ ម៉ឺនដុល្លារត្រូវផ្អាកជាបណ្ដោះអាសន្ន
- 2019-08-21 07:06:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណង់ប្រាសាទកំពូលបីនៅរង្វង់មូលប៉ោយប៉ែតតម្លៃជាង៥០ ម៉ឺនដុល្លារត្រូវផ្អាកជាបណ្ដោះអាសន្ន
ចន្លោះមិនឃើញ
គម្រោងសាងសង់ប្រាសាទកំពូលបីនៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត ខេត្តខេត្តបន្ទាយមានជ័យ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រង់ចាំការអនុញ្ញាតជាថ្មីទើបអាចសាងសង់បាន។ ការសាងសង់នេះរងនូវផលប៉ះពាល់ចំនួនបីចំណុច។
បើតាមលិខិត មួយច្បាប់ចុះហត្ថលេខាកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ដោយ លោក តូច ចាន់កុសល តំណាងឱ្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ផ្ញើទៅអភិបាលខេត្តបន្ទាយមានជ័យ ទាក់ទងនឹងការស្ថាបនាប្រាសាទកំពូលបី នៅត្រង់ចំណុចរង្វង់មូលក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យថា ការស្ថាបនាប៉ះពាល់ខូចខាតដល់ប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្តិនៃរបាំងផ្លូវឆ្លងកាត់ ពេលដែលរថភ្លើងឆ្លងកាត់ផ្លូវជាតិ ប៉ះពាល់ដល់កិច្ចព្រមព្រាងបច្ចេកទេស និងនីតិវិធី ដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបញ្ចប់ទាំងស្រុង កំពុងរង់ចាំថ្នាក់ដឹកនាំរាជរដ្ឋាភិបាលប្រទេសទាំងពីរចុះហត្ថលេខាឆាប់ៗ។
ក្រោយពេលកិច្ចព្រមព្រាង ចុះហត្ថលេខារួច និងមានពិធីសម្ពោធជិះរថភ្លើងឆ្លងកាត់ព្រំដែនប្រទេសទាំងពីរធ្វើឡើង ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ ចំណុចចុងក្រោយការស្ថាបនាប្រាសាទកំពូលបីនៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត ក្រសួងសាធារណៈការ និងដឹកជញ្ជូន មិនបានទទួលលិខិតផ្លូវការរបស់ក្រុង ឬខេត្ត ដើម្បីសហការឡើយ។
ទោះយ៉ាងណាគម្រោងនេះបច្ចុប្បន្នសម្រេចបានប្រមាណ ៧០% ទៅហើយ។ នេះបើតាមប្រសាសន៍ លោក សាន ស៊ានហូ អតីតអភិបាលក្រុងប៉ោយប៉ែតបានប្រាប់ sabay។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក ក្រោមវត្តមានលោក សួន បវរ អតីតអភិបាលខេត្តបន្ទាយមានជ័យ។ លោកថា ការសាងសង់នឹងអាចបន្តបាន លុះត្រាតែថ្នាក់ដឹកនាំខេត្តអនុញ្ញាត ព្រោះនេះជាផលប្រយោជន៍សាធារណៈ និងសង្គមជាតិ។
លោកបានបន្ថែមថា ការសាងសង់ប្រាសាទកំពូលបីនេះជាប្រាសាទចាស់ និងសាងសង់លើទីតាំងរង្វង់មូលចាស់ ក្នុងទំហំដដែល និងមានការអនុញ្ញាតពីលោក សួន បវរ អតីតអភិបាលខេត្តបន្ទាយមានជ័យ។ដូច្នេះពេលនោះលោកមិនគិតថា មានផលប៉ះពាល់ឡើយ។
ការសាងសង់រង្វង់មូលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព និង បង្អួតអត្តសញ្ញាណជាតិខ្មែរជូនភ្ញៀវអន្តរជាតិ ខណៈរង្វង់មូលថ្មីនេះរំលេចដោយប្រាង្គប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ បន្ទាយស្រី ដើមត្នោត ព្រមទាំងឈ្មោះរាជធានី នៃខេត្តទាំង២៥ របស់កម្ពុជា។ ក្នុងនោះថ្នាក់នីមួយៗនឹងមានតម្កល់រូបបដិមាផ្សេងៗ ទុកជាទីសក្ការតាមទំនៀមទម្លាប់ សាសនា និងរចនាបថស្ថាបត្យកម្មតាមប្រពៃណីខ្មែរយើង។ដោយចំណាយថវិកាសាងសង់ជាង៥០ម៉ឺនដុល្លារ រង្វង់មូលសាងសង់ ដោយរំកិលប្រាសាទកំពូលបីពីក្លោងទ្វារមុខទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាស់ យកមកតម្កល់ ដោយរៀបចំគម្រោងប្លង់ទម្រប្រាសាទខាងលើបន្ថែមរចនាបទជាប្រាង្គប្រាសាទចំនួន ៥ថ្នាក់ ហើយគ្រោងសាងសង់តែ ៦ ខែប៉ុណ្ណោះនឹងចប់ជាស្ថាពរ។
លោក សាន ស៊ានហូ អតីតអភិបាលក្រុងប៉ោយប៉ែត ដែលបច្ចុប្បន្នមានតួនាទីជាក្រុមប្រឹក្សាក្រុងប៉ោយប៉ែត បានប្រាប់ថា ករណីគម្រោងនេះអនុញ្ញាតឱ្យសាងសង់ឡើងវិញហើយគ្មានថវិកាសាងសង់លោកសុខចិត្តចេញថវិកាផ្ទាល់ខ្លួន ឬគៀងគរសប្បុរសជនសាងសង់ត្បិតថា លោកបានចំណាយថវិកាច្រើនមកហើយ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្រុងប៉ោយប៉ែត៕