លោកឧកញ៉ា គួច ម៉េងលី៖ ប្រភេទបុគ្គលិក “ខ្មោច” មិនគ្រោះថ្នាក់ដល់បុគ្គលិក “ខ្មោចឆៅ” ទេ
- 2019-08-21 02:23:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកឧកញ៉ា គួច ម៉េងលី៖ ប្រភេទបុគ្គលិក “ខ្មោច” មិនគ្រោះថ្នាក់ដល់បុគ្គលិក “ខ្មោចឆៅ” ទេ
ចន្លោះមិនឃើញ
“ប្រធានក្រុមហ៊ុនខ្លះក្មេងខ្ចី ហើយគាត់អត់សូវយល់ពីប្រព័ន្ធបច្ចេកវិទ្យាហ្នឹង គឺគាត់នឹងក្ស័យធន ដោយសារបុគ្គលិកហ្នឹងទៅជាខ្មោចឆៅទាំងអស់”។ ទាំងនេះ គឺជាចំណាប់អារម្មណ៍របស់លោកឧកញ៉ា គួច ម៉េងលី ក្នុងកិច្ចសម្ភាសជាមួយ sabay ទាក់ទងទៅនឹងការគ្រប់គ្រងបុគ្គលិក ក្នុងសម័យឌីជីថលទំនើប។ ដើមឡើយគេធ្លាប់លឺ តែប្រភេទបុគ្គលិកខ្មោចតែប៉ុណ្ណោះ។ បុគ្គលិកខ្មោចមានន័យថា ជាប្រភេទបុគ្គលិកមានឈ្មោះ តែគ្មានមនុស្សមកធ្វើការងារ។
សម្រាប់លោកឧកញ៉ា គួច ម៉េងលី បុគ្គលិកខ្មោចឆៅ គឺជាប្រភេទបុគ្គលិកពួនសំងំចាំតែជញ្ជក់ឈាមក្រុមហ៊ុនរហូតដល់ដួលរលំ។ មិនខុសនឹងខ្មោចឆៅ ក្នុងរឿងចិនហុងកុង ដែលចាំតែជញ្ជក់ឈាមមនុស្សរហូតខ្សោះឈាមស្លាប់នោះឡើយ។
បុគ្គលិកប្រភេទនេះ មានរូប មានរាង និងមានវត្តមាននៅកន្លែងធ្វើការ ពោលគឺជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុន ដែលខ្លួនកំពុងធ្វើការ ១០០% ។ តែមិនបានធ្វើការពេញលេញទេ បែរជាអង្គុយ ក្នុងបន្ទប់បើកម៉ាស៊ីនត្រជាក់ចាំបើកប្រាក់ខែ ហើយឆ្លៀតទៅធ្វើការងារឱ្យក្រុមហ៊ុនផ្សេង តាមប្រព័ន្ធអនឡាញ ដូចជារកចំណូលតាមយូរធូប និងហ្វេសបុកជាដើម។
"បុគ្គលិកហ្នឹងមាននៅក្នុងស្ថាប័នមែន យើងបង់ប្រាក់ខែឱ្យគាត់ យើងឱ្យកន្លែងកាត់ធ្វើការ ទឹកភ្លើង បន្ទប់ម៉ាស៊ីនត្រជាក់ អ្វីៗគឺបុគ្គលិក១០០% ធ្វើការប្រាក់ខែខ្ពស់ឡើងៗ ប៉ុន្តែគាត់អត់ធ្វើការឱ្យយើង គាត់ធ្វើការឱ្យក្រុមហ៊ុនគេផ្សេង ដោយសារឌីសាញ តាមអនឡាញឱ្យគេ រកប្រាក់ចំណូលតាមហ្វេសបុក តាមយូធូប សរសេរកិច្ចការឱ្យគេ។ ដូច្នេះហើយនេះ គ្រោះថ្នាក់ណាស់ ដោយសារប្រើ ហ្វ្រីអ៊ីធឺណេត ហ្រ្វី WiFi ហ្រ្វី Computer ហ្វ្រី Server ប៉ុន្តែ Freelance សរសេរ Data base និង ឌីសាញឱ្យ”។
បន្ថែមលើការមិនប្រឹងប្រែងធ្វើការងារ បុគ្គលិកប្រភេទនេះ ក៏អាចឈានទៅបង្កើតបក្សពួក អុជអាល ចាក់រុកពីអ្នកនេះ ទៅប្រាប់អ្នកនោះផងដែរ។ នេះបើតាមលោកឧកញ៉ា គួច ម៉េងលី។ លោកឧកញ៉ាថា នេះគឺជាគ្រោះថ្នាក់បំផុតសម្រាប់ម្ចាស់ក្រុមហ៊ុន ដែលមានបុគ្គលិកប្រភេទនេះ ខណៈម្ចាស់ក្រុមហ៊ុនមួយចំនួនទៀតនៅមិនទាន់ដឹងនៅឡើយ៕