បុគ្គលិកសុំឈប់ព្រោះមិនឡើងតំណែង តែថៅកែឲ្យធ្វើរឿងមួយទើបភ្ញាក់ខ្លួន
- 2019-08-28 10:37:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលិកសុំឈប់ព្រោះមិនឡើងតំណែង តែថៅកែឲ្យធ្វើរឿងមួយទើបភ្ញាក់ខ្លួន
ចន្លោះមិនឃើញ
ក្រោយបញ្ចប់ការសិក្សាដំណាលគ្នា បុរសពីរនាក់បានចូលធ្វើការនៅក្រុមហ៊ុនលក់ទំនិញតែមួយ។ ទាំងពីរនាក់សុទ្ធតែប្រឹងប្រែងធ្វើការដូចគ្នា ប៉ុន្តែម្នាក់បែរជាឡើងតំណែងមុន ធ្វើឲ្យម្នាក់ទៀតអន់ចិត្តរហូតសុំលាលែងពីការងារ។ យ៉ាងណាក្ដី ប្រធានក្រុមហ៊ុនមានគំនិតវៃឆ្លាតមួយ ធ្វើឲ្យបុគ្គលិកប្ដូរចិត្តពីសុំលាឈប់ មកធ្វើការរៀនសូត្រពីការងារវិញ។
បន្ទាប់ពីធ្វើការច្រើនឆ្នាំ ប្រធានក្រុមហ៊ុនបានដំឡើងតំណែងបុរសឈ្មោះ Jing ជាប្រធានផ្នែកលក់ ចំណែកបុរសឈ្មោះ Chuan នៅត្រឹមជាអ្នកតំណាងដដែល ធ្វើឲ្យរូបគេអន់ចិត្តយ៉ាងខ្លាំងព្រោះចូលធ្វើការដំណាលគ្នា។ ថ្ងៃមួយ Chuan មិនអាចទ្រាំជាមួយស្ថានភាពនេះបាន ក៏សម្រេចចិត្តសុំលាលែងពីការងារ និងរិះគន់ប្រធានក្រុមហ៊ុនថាមិនផ្ដល់តម្លៃដល់បុគ្គលិកខំធ្វើការ តែបែរជាដំឡើងបុគ្គលិកណាដែលចូលចិត្តអែបអប។
ប្រធានក្រុមហ៊ុនដឹងច្បាស់ថា Chuan ប្រឹងធ្វើការអស់ច្រើនឆ្នាំមកហើយ ប៉ុន្តែដើម្បីឲ្យគេដឹងថាសមត្ថភាពខុសគ្នាជាមួយ Jing យ៉ាងណា លោកបានប្រាប់ឲ្យ Chuan ធ្វើកិច្ចការមួយចំនួនមុនចាកចេញ។ ប្រធានក្រុមហ៊ុនបានប្រាប់ឲ្យ Chuan ទៅរកអ្នកលក់ឪឡឹកនៅផ្សារ។ បន្តិចក្រោយមក Chuan បានត្រលប់មកវិញ និងប្រាប់ថាមាន។
ប្រធានក្រុមហ៊ុនបានសួរបន្តទៀតថា តើមួយគីឡូក្រាមតម្លៃប៉ុន្មាន? Chuan បានទៅផ្សារម្ដងទៀតដើម្បីសាកសួរ និងប្រាប់ទៅប្រធានក្រុមហ៊ុនថាមួយគីឡូក្រាមតម្លៃ ១២ដុល្លារ។ ក្រោយមក ប្រធានក្រុមហ៊ុនបានប្រាប់ថា លោកនឹងប្រាប់ឲ្យ Jing ទៅរកអ្នកលក់ឪឡឹកនៅផ្សារដូចគ្នា។
Jing បានទៅតែម្ដងគត់ និងត្រលប់មកវិញជាមួយដំណឹងថា មានមនុស្សតែម្នាក់គត់ដែលលក់ឪឡឹក។ ឪឡឹកមួយគីឡូក្រាមតម្លៃ ១២ដុល្លារ បើទិញ ១០គីឡូក្រាម តម្លៃ ១០០ដុល្លារ។ អ្នកលក់នៅសល់ឪឡឹក ៣៤០ផ្លែ ដែលទើបទិញមកពីរថ្ងៃមុន។ ឪឡឹកទាំងអស់សុទ្ធតែស្រស់ សាច់ក្រហម និងមានគុណភាពល្អ។
Chuan មានអារម្មណ៍ភ្ញាក់ផ្អើលចំពោះ Jing យ៉ាងខ្លាំង ព្រមទាំងដឹងពីភាពខុសគ្នារវាងខ្លួនឯង និងមិត្តរួមការងារ។ ដោយសារបែបនេះហើយ ទើប Chuan សម្រេចចិត្តឈប់លាលែងពីការងារ និងព្យាយាមរៀនសូត្រពី Jing។
តម្លៃអប់រំ៖ អត្ថន័យនៅក្នុងសាច់រឿងចង់បង្ហាញថា ចំណេះអាចមានដូចគ្នា ការព្យាយាមអាចមានដូចគ្នា តែការច្នៃប្រឌិត និងភាពឆ្លាតវៃអាស្រ័យលើមនុស្សម្នាក់ៗ។ បុគ្គលជោគជ័យសម្លឹងឃើញច្រើនឆ្នាំទៅមុខ ខណៈបុគ្គលបរាជ័យគិតទុកត្រឹមថ្ងៃស្អែក។ ១ឆ្នាំ និង ១ថ្ងៃ ខុសគ្នា ៣៦៥ដង... បើអ្នកសម្លឹងត្រឹមមួយថ្ងៃ ឯគេដឹងដល់មួយឆ្នាំ ធ្វើម៉េចអាចឈ្នះគេកើត?