វៀតណាមទាក់ទាញបានក្រុមហ៊ុនផលិតទូរសព្ទធំមួយទៀត

  • 2019-08-29 04:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Google កំពុង​រៀប​ចំ​រើ​សង្វាក់​ផលិតកម្ម​ផលិត​ស្មាតហ្វូន Pixel របស់​ខ្លួន​ ចេញ​ពី​ប្រទេស​ចិន ទៅ​កាន់​វៀតណាម ដោយ​ចង់​គេច​ចេញ​ពី​​កម្រៃ​ពលកម្ម​ដែល​មាន​ការ​កើន​ឡើង​នៅ​ចិន រួម​នឹង​ការ​ព្រួយ​បារម្ភ​ជុំវិញ​ការ​យក​ពន្ធ​ពី​សំណាក់​រដ្ឋបាល​អាមេរិក​​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន ដែល​វា​អាច​ធ្វើ​ឲ្យ​តម្លៃ​ស្មាតហ្វូន​របស់ Google មាន​ការ​កើន​ឡើង។

​​​នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល Google រើ​​សង្វាក់​ផលិតកម្ម​ចេញ​ពី​ចិន។ ក្រុមហ៊ុន​នេះ​បាន​រើ​សង្វាក់​ផលិតកម្ម​ផលិត​ Nest និង Hardware របស់ Server ទៅ​កាន់​តៃវ៉ាន់ និង​ម៉ាឡេស៊ី​ កាល​ពី​ដើម​ឆ្នាំ ​ក្រោម​ហេតុផល​គេច​ចេញ​ពី​ការ​ដំឡើង​ពន្ធ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក/ចិន​ដូច​គ្នា។

​​ការ​ចុះ​ផ្សាយ​របស់ Nikkei Asian Review មិន​បាន​បញ្ជាក់​ថា​ Google ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ណា​ដើម្បី​ផលិត​ស្មាតហ្វូន​ Pixel នៅ​វៀតណាម​នោះ​ទេ។ ប៉ុន្តែ Bloomberg បាន​​ឲ្យ​ដឹង​ថា​ទំនង​ជា​ចាប់​ដៃ​គូ​ជា​មួយ FIH Mobile ដែល​ជា​សាខា​មួយ​របស់ Foxconn ហើយ​ធ្លាប់​បាន​ទិញ​រោងចក្រ​ Nokia នៅ​វៀតណាម​ពី​ Microsoft។ ការ​លើក​ឡើង​នេះ​ត្រូវ​គ្នា​នឹង​ការ​ចុះ​ផ្សាយ​របស់ Nikkei ដែល​អះអាង​ថា Google ចង់​យក​រោងចក្រ​ចាស់​របស់ Nokia ធ្វើ​ជា​រោងចក្រ​ផលិត​ស្មាតហ្វូន​របស់​ខ្លួន។

​ Google នឹង​ចាប់​ផ្ដើម​រើ​ការ​ផលិត​ Pixel 3a មួយ​ចំនួន​ទៅ​កាន់​រោងចក្រ​វៀតណាម​ ដោយ​មាន​គោលដៅ​ថា​នឹង​រើ​នៅ​ដំណាច់​ឆ្នាំ​ ២០១៩ នេះ។ ផលិត​ផល​ថ្មី​រំពឹង​ថា​នឹង​បន្ត​ផលិត​នៅ​ចិន នា​ពេល​ឥឡូវ​នេះ ដែល​វា​ទំនង​ជា​រួម​មាន​ Pixel 4 ផង​ដែរ។

គួរ​ដឹង​ថា​មិន​មែន​មាន​​តែ Google នោះ​ទេ​ ដែល​សម្លឹង​ឃើញ​​វៀតណាម​​ជា​គោលដៅ​ផលិត​ស្មាតហ្វូន។ ការ​ចុះ​ផ្សាយ​កន្លង​មក​របស់ Nikkei បាន​បញ្ជាក់​ថា​ Apple ប្រហែល​ជា​កំពុង​សិក្សា​រើ​សង្វាក់​ផលិតកម្ម​ផលិត iPhone ចន្លោះ​ពី ១៥ ទៅ ៣០% ទៅ​កាន់​ឥណ្ឌា និង​វៀតណាម ដើម្បី​គេច​​ពី​ការ​ដំឡើង​ពន្ធ៕

ចុចអាន ៖ លុយយ័នចិន ធ្លាក់ចុះក្នុងកម្រិតទាបបំផុតមិនធ្លាប់មានជាង ១០ឆ្នាំ ព្រោះមូលហេតុ១

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;