កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​ពីរ​គ្រាប់​ ក្រោយ​ពី​និយាយ​ថា​ចង់​បន្ត​ការ​ចរចា​ជា​មួយ​អាមេរិក

  • 2019-09-10 03:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​ប្រភព​យោធា​កូរ៉េ​ខាង​ត្បូង​ កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ចំនួន​ពីរ​គ្រាប់​ នៅ​ថ្ងៃ​ទី​ ១០ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ​ ចេញ​ទៅ​សមុទ្រ​ខាង​កើត​ខ្លួន​។ ការ​បាញ់​នេះ​ កើត​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ថា​ពួក​គេ​ចង់​បន្ត​កិច្ច​ចរចា​អាវុធ​នុយក្លេអ៊ែរ​ជា​មួយ​សហរដ្ឋ​អាមេរិក។

ការ​បាញ់​មីស៊ីល​នេះ​ គឺ​ដើម្បី​ដាក់​សម្ពាធ​លើ​សហរដ្ឋ​អាមេរិក​ឲ្យ​ថយ​មួយ​ជំហាន​នៅ​ពេល​ដែល​កិច្ច​ចរចា​បាន​បន្ត​។ កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​គិត​ថា​ នឹង​ទាមទារ​ឲ្យ​អាមេរិក​ធានា​សុវត្ថិភាព​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ និង​កាត់​បន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ជា​ថ្នូរ​នឹង​ការ​រុះរើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួក​គេ។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​បាន​បញ្ជាក់​ថា​ មីស៊ីល​ទាំង​ពីរ​នេះ​គឺ​បាន​បាញ់​ចេញ​ពី​ខេត្ត​ Phyongan ខាង​ត្បូង​ ​នៅ​ជិត​ទីក្រុង​ព្យុងយ៉ាង​ ហើយ​មាន​ទិស​ដៅ​ហោះ​ទៅ​រក​ឆ្នេរ​ខាង​កើត​របស់​ខ្លួន។

គួរ​បញ្ជាក់​ថា​ ប៉ុន្មាន​ម៉ោង​មុន​ការ​បាញ់​នេះ​អនុ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​ លោក​ស្រី Choe Son Hui បាន​ប្រកាស​ថា​ប្រទេស​លោក​ស្រី​នឹង​សុខ​ចិត្ត​បន្ត​កិច្ច​ចរចា​ជា​មួយ​អាមេរិក​នៅ​ចុង​ខែ​កញ្ញា​នេះ​ តែ​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​មក​តុ​ចរចា​ជា​មួយ​សំណើ​ថ្មី​ដែល​អាច​ទទួល​យក​បាន​។​ លោក​ស្រី​បាន​បន្ត​ទៀត​ថា​បើ​សិន​សំណើ​ថ្មី​របស់​អាមេរិក​មិន​អាច​បំពេញ​ចិត្ត​របស់​កូរ៉េ​ខាង​ជើង​ កិច្ច​ចរចា​រវាង​ភាគី​ទាំង​ពីរ​នឹង​ត្រូវ​បញ្ឈប់​។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​និយាយ​ថា​ការ​ប្រកាស​នេះ​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។​ «យើង​នឹង​ចាំ​មើល​មាន​អ្វី​កើត​ឡើង»។

លោក​ ត្រាំ ​បាន​បន្ត​ទៀត​ថា៖​ «យើង​បាន​ចំណាប់​ខ្មាំង​របស់​យើង​ត្រលប់​មក​វិញ​ យើង​ក៏​កំពុង​ទទួល​សាកសព​របស់​វីរបុរស​ដ៏​អស្ចារ្យ​របស់​យើង ហើយ​ក៏​គ្មាន​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​យូរ​មក​ហើយ»៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;