តើនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីមានភារកិច្ចអ្វីខ្លះ?
- 2019-09-11 08:06:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីមានភារកិច្ចអ្វីខ្លះ?
ចន្លោះមិនឃើញ
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានចេញសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដោយយោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល។
យោងតាមសេចក្តីសម្រេចចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានខ្លឹមសារថា៖
ប្រការ ១.កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សំដៅធានាការអនុវត្តច្បាប់និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ។
ប្រការ ២.នាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្ត្រី និងចាត់ចែងបញ្ហារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ។
ប្រការ៣.
១. សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្រ្តីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន ជួយនាយករដ្ឋមន្ត្រីលើការងារសន្តិសុខជាតិ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការជួញដូរមនុស្ស ការដឹកនាំប្រតិបត្តិការទប់ស្កាត់និងប្រឆាំងភេរវកម្ម ការងារគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងការបំផ្លាញចោលអាវុធ ព្រមទាំងការងារភូមិឃុំមានសុវត្ថិភាព ការងារក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការងារផ្សេងៗទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី។
២. សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារការពារជាតិ ទទួលសិទ្ធិពីនាយករដ្ឋមន្រ្តី ក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ហាអង្គភាពពិសេសប្រឆាំងភេរវកម្ម ក្នុងពេលនាយករដ្ឋមន្ត្រីអវត្តមាន។
៣. លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកផ្ដល់យោបល់ជូននាយករដ្ឋមន្ត្រីអំពីក្របខ័ណ្ឌគោលនយោបាយក្រៅប្រទេស ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការពិនិត្យនិងសម្រេចលើសំណើសុំកូនការសុំលាសញ្ជាតិ និងការងារផ្សេងៗទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី។
៤. លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារអធិការកិច្ចនិងសវនកម្ម ព្រមទាំងជួយនាយករដ្ឋមន្ត្រីលើការងារសង្គម។
៥. លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រចាំការ សម្របសម្រួលកិច្ចការសម្រាប់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងបណ្តាឧបនាយករដ្ឋមន្ត្រី ជួយនាយករដ្ឋមន្ត្រីក្នុងការងារតាមដាន សម្របសម្រួលដំណើរការតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដឹកនាំផ្ទាល់ក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងជួយនាយករដ្ឋមន្ត្រីក្នុងការរៀបចំចម្លើយតបនឹងសំណួររបស់សមាជិករដ្ឋសភា ស្របតាមនីតិវិធីដូចមានចែងក្នុងមាត្រា៩៦នៃរដ្ឋធម្មនុញ្ញ ដោះស្រាយការងារប្រចាំថ្ងៃជំនួសនាយករដ្ឋមន្ត្រី ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យនិងសម្រេចលើការងាររបស់«ច្រកចេញចូលតែមួយ-នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកលែងតែការងារដែលមានវេទយិតភាពខ្ពស់ ដែលតម្រូវឱ្យសុំការណែនាំឬការសម្រេចពីនាយករដ្ឋមន្ត្រី ជួយនាយករដ្ឋមន្ត្រីលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ។
៦- លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងការងារផ្សេងៗទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី។
៧- លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំផ្ទាល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារពិសេសផ្សេងៗទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី។
៨- លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារការបរទេស ការសម្របសម្រួលការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការងារពិសេសផ្សេងៗទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី។
៩- លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងការងារផ្សេងៗទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី។
១០- លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំផ្ទាល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនិងការងារផ្សេងៗទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី។
ប្រការ៧.
១- លោក ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយរួមការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ប្រាក់ សុខុន ការងារស្វែងរកអដ្ឋិធាតុយុទ្ធជនអាមេរិកនិងវៀតណាម និងការងារផ្សេងៗទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី។
២- លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជននិងជនពិការ ទទួលបន្ទុកជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងការងារផ្សេងៗទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី។
៣- លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីននិងគ្រាប់មិនទាន់ផ្ទះ ការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ និងការងារផ្សេងៗទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី។
៤- លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រាជរដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើពុករលួយ។
៥- លោក អៀង ម៉ូលី ទេសរដ្ឋមន្ត្រីទទួល បន្ទុកដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។
៦- លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន។
៧- លោក យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
៨- លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
៩- លោក ហូ សិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងការងារផ្សេងៗទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី។
១០- លោក ហ៊ុន ហ័ង ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី។
១១- លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាប្រធានគណៈកម្មាធិការជាតិអេស្តាប់និងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន។
១២-លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារចលនាមូស្លីម និងការងារផ្សេងៗទៀត តាមការប្រគល់របស់នាយករដ្ឋមន្ត្រី៕