សណ្ឋាគារ​ល្បី​បំផុត​​មួយ​របស់​អាមេរិក Hilton នឹង​បើក​សាខា​នៅ​កម្ពុជា

  • 2019-09-17 02:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សណ្ឋាគារ Hilton បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ GFC ដើម្បី​បើក​សណ្ឋាគាររបស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់ TTG។

ប្រភពដដែល​បញ្ជាក់ថា សណ្ឋាគារ Hilton Phnom Penh ដែល​មាន​ ២៨០បន្ទប់ នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ ២០២២។

លោក Paul Hutton អនុប្រធាន​ប្រតិបត្តិការ​របស់​សណ្ឋាគារ Hilton ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង បាន​លើកឡើងថា៖ "កម្ពុជា គឺជា​ប្រទេស​ដែល​កំពុង​លូតលាស់ ដោយ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរអន្តរជាតិ​​ច្រើនបំផុត​លំដាប់​ទី៣ ប្រចាំ​តំបន់​អាស៊ាន​កាលពីឆ្នាំមុន តិច​ជាង​តែវៀតណាម និងឥណ្ឌូណេស៊ី​ប៉ុណ្ណោះ។ យើងជឿជាក់ថា ភាព​ខ្លាំងនៃ brand របស់ Hilton នឹង​រួមចំណែក​ជួយ​ភ្នំពេញ ក្នុង​នាម​ជា​គោលដៅ​ទេសចរណ៍​"។

សណ្ឋាគារ Hilton នៅ Hua Hin ប្រទេសថៃ (រូបភាព៖ Travel Weekl)
TTG បញ្ជាក់ថា សណ្ឋាគារ Hilton Phnom Penh មាន​ទីតាំង​ ៩គីឡូម៉ែត្រ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពោល​គឺ​ជាប់​ផ្សារ​ធំថ្មី និង​អគារ​វឌ្ឍនៈ។

សូមបញ្ជាក់ថា បច្ចុប្បន្ន Hilton មានសណ្ឋាគារ​ចំនួន ៣៩ នៅ​ក្នុង​ប្រទេស ៩ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មានដូចជា​ថៃ ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា​ជាដើម។ នា​រយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខ ក្រុមហ៊ុន​បាន​ដាក់​គោលដៅ​បង្កើត​ឲ្យ​បាន ៥៤សណ្ឋាគារ​បន្ថែមទៀត៕

ប្រភព៖ TTG Asia

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;