លោក ហ៊ុន ម៉ាណែត៖ កុំមើលងាយជាតិឯង គឺត្រូវមានមោទនភាពចំពោះជាតិសាសន៍ខ្លួនឯង
- 2019-10-03 07:46:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហ៊ុន ម៉ាណែត៖ កុំមើលងាយជាតិឯង គឺត្រូវមានមោទនភាពចំពោះជាតិសាសន៍ខ្លួនឯង
ចន្លោះមិនឃើញ
លោក ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់និស្សិតថា «យើងកុំមើលងាយជាតិឯង គឺត្រូវ មានមោទនភាពចំពោះជាតិសាសន៍ ចំពោះប្រព័ន្ធអប់រំរបស់យើង និងធនធានមនុស្សរបស់យើង។ អ្នកចេះពិតប្រាកដ គេមិនដែលមើលងាយអ្នកផ្សេងទេ កាន់តែខ្ពស់កាន់តែដាក់ខ្លួន បើកចំហរចិត្ត គោរពអ្នកដទៃ»។ ការថ្លែងនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង កាលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។
លោក ហ៊ុន ម៉ាណែត បានបន្តថា នៅពេលដែលខ្លួនពុំមានគុណធម៌ សីលធម៌ កុំតាំងខ្លួនអ្នកឯងបណ្ឌិតប៉ុណ្ណា ក៏គេមិនគោរពដែរ ព្រោះខ្វះគុណធម៌ អ្នកចេះដឹង ជាពិសេសការឲ្យតម្លៃអ្នកដទៃជាពិសេសឲ្យតម្លៃជាតិខ្មែរ តម្លៃកូនសិស្សខ្មែរឲ្យតម្លៃប្រជាពលរដ្ឋខ្មែរ។ យើងត្រូវមានមោទនភាពចំពោះជាតិឯងដែលក្នុងរយៈពេល ២០ឆ្នាំនេះ និងតទៅមុខទៀតយើងមានសក្តានុពលរបស់យើង។
លោកបានបន្តថា អ្នករៀននៅខាងក្រៅ និងអ្នករៀននៅខាងក្នុងគឺមានតម្លៃដូចគ្នា មិនសំខាន់តែសញ្ញាប័ត្រនោះទេ តែសញ្ញាប័ត្រក៏ជាកត្តាសំខាន់ដែរ។ ដូច្នេះយើងត្រូវឱ្យតម្លៃនៃការសិក្សារៀនសូត្រ និងប្រព័ន្ធអប់រំគឺជារឿងសំខាន់ដែលជាវិស័យអតិភាពរបស់រាជរដ្ឋាភិបាល។ លោកក៏បានបញ្ជាក់ដែរថា ធនធានមនុស្ស គឺជាគោលការណ៍សំខាន់ក្នុងនោះ មានពីរ គឺសុខភាព និងចំណេះដឹង គឺវិស័យអប់រំនិងសុខាភិបាល។ មនុស្សមានចំណេះដឹងតែមិនមានសុខភាពល្អក៏ធ្វើមិនកើត ហើយមនុស្សមានសុខភាពមិនមានចំណេះដឹងក៏យើងមិនអាចអភិវឌ្ឍបាន។
ដូច្នេះហើយថវិកាជាតិមានកំណើនខ្ពស់នៅលើវិស័យទាំងពីរនេះដើម្បីលើកតម្កើងជីវភាព និងបង្កើនគុណភាពអប់រំ ដើម្បីឲ្យនិស្សិតខ្មែរយើងកាន់តែខ្លាំង ពីព្រោះយើងរស់នៅក្នុងដំណាក់កាលប្រកួតប្រជែង បើកចំហរ។ ហើយការអប់រំគឺមិនសំខាន់តែត្រឹមតែនៅលើក្រដាសនោះទេ គឺសំខាន់នៅលើភាពជាក់ស្ដែងផងដែរ។ ការអប់រំនៅកម្ពុជាចេញដំណើរនៅក្រោយគេបន្តិចដោយសារសង្គ្រាម ប៉ុន្តែមកដល់ម៉ោងនេះ ប្រទេសយើងបានដើរលឿនជាងប្រទេសមួយចំនួន។
«នេះគឺជាមោទនភាពរបស់យើង ហើយកត្តាធំមួយទៀតនោះ គឺកត្តាសុខសន្តិភាព និងកត្តាមនុស្សដែលប្រព័ន្ធអប់រំរបស់យើងបានប្រមូលផ្ដុំធនធានមនុស្សដែលនៅសេសសល់ពីសង្គ្រាមមកជួយបណ្ដុះបណ្ដាល និងបានបញ្ជូនសិក្សានៅក្រៅប្រទេសមកដល់ពេលបច្ចុប្បន្ន»។ មកដល់ម៉ោងនេះទាំងក្នុងរាជរដ្ឋាភិបាល វិស័យឯកជន និងនៅវិស័យផ្សេងទៀត គឺខ្មែរយើងបានម្ចាស់ការដោយខ្លួនឯង៕