កងពល​តូចលេខ៧០ ដែលមានភារកិច្ច​ការពារ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ប្រារព្ធខួប​២៥ឆ្នាំ

  • 2019-10-14 04:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ 70 (១៥ តុលា ១៩៩៤-១៥ តុលា ២០១៩) នៅបញ្ជាការដ្ឋានកងពលតូចលេខ 70 នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ ៧០ បានថ្លែងថា កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភាររបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំង់មានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុង​រាជធានី​ភ្នំពេញ។

លោកបន្តថា ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ត្រូវបានកែសម្រួលជាកងពល តូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាមអនុក្រឹត្យលេខ៥១ ចុះថ្ងៃទី ១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ករ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានកសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានប្តេជ្ញា៖

-ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានស្ថិតស្ថេររឹងមាំជាអមតៈ។

-អនុវត្តឲ្យបានជោគជ័យទៅតាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទនយោបាយ និងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេស បាវចនា កម្មវិធី២គឺ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។

-បង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន។

-ប្តេជ្ញាវាយកំទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ។

-ប្តេជ្ញាបន្តយកចិត្តទុកដាក់បំពេញភារកិច្ច សំដៅសម្រេចបានសមិទ្ធផល់ជាបន្តបន្ទាប់ ដោយប្រែក្លាយរាល់ភាពប្រឈមចំពោះមុខឲ្យក្លាយទៅជាចំណុចខ្លាំង ដើម្បីជាខឿនការពារជាតិដ៏រឹងមាំ និងប្រកបដោយការជឿទុកចិត្តបំផុតរបស់ជាតិ មាតុភូមិ និងប្រជាជន។

-ប្តេជ្ញាសម្រេចឲ្យបាននូវទិសដៅ៥ឆ្នាំ ២០១៩-២០២៤ របស់កងពល ដោយនឹងបន្តសកម្មភាពមនុស្សធម៌ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ពង្រឹងគុណភាពនិងសម្ថភាពកងទ័ព តាមរយៈការបណ្ដបណ្ដាលយោធិនបន្តវេន និងការធ្វើទំនើបកម្មសម្ភារៈ ដើម្បីត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក៕

អត្ថបទ៖ សោភា

;