ខុន ស៊ីចាន់ ប្រាប់ពីចំណុចខ្លាំងរបស់គូប្រកួតនៅ ONE Championship

  • 2019-10-22 02:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកលេងគុនចម្រុះ និងគុនខ្មែរ ខុន ស៊ីចាន់ ដែលប្រកួតតំណាងឲ្យក្លិប Phnom Penh MMA ក្នុងកម្មវិធី ONE: MASTERS OF FATE នៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន បានចេញមកនិយាយអំពីចំណុចខ្លាំងរបស់គូបដិបក្ខ Roshan Mainam និងត្រៀមខ្លួនទប់ទល់យកឈ្នះបន្ទាប់ពីបានទស្សនាឃ្លីបវីដេអូខ្លះៗពីគូប្រជែងរូបនេះ។

ខុន ស៊ីចាន់ បានគូសបញ្ជាក់ថា៖ «ខ្ញុំបានមើលវីដេអូខ្លះហើយបង Mainam ល្អកម្លាំង ល្អខាងចូលចាប់បោកយើង ល្អខាងរឹតក ល្អខាងម៉ាត់បើសិនករណីគេនៅពីលើខ្ញុំ ប៉ុន្តែ ក្បាច់ឈរវ៉ៃរបស់គេអត់សូវល្អទេ។ ករណីដែលយើងដោះអត់ចេញ ហើយគេនៅពីលើ ខ្ញុំអាចនឹងយ៉ាប់របស់ក្បាច់គេមិនខាន។ និយាយរួមបើវ៉ៃជំហរដេក Mainam មានប្រៀបនិងល្អម៉ាត់ពីលើ»។

សុន ស៊ីចាន់ ពេលប្រកួត​នាពេលកន្លងមក (រូបភាព៖ ONE Championship)
បែបណាក្ដី ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ១ មកពីខេត្តឧត្ដរមានជ័យ បានហ្វឹកហាត់ត្រៀមខ្លាំងក្លា តាំងពីដើមខែតុលា មកម៉្លេះ និងបន្តរហូតដល់ថ្ងៃចេញទៅប្រកួតទេម្ដង។ មិនត្រឹមតែហ្វឹកហាត់ក្បាច់ដោះឃ្លេក គាបដៃជើង ឬ វាយបកក្បាច់ឃ្លេបញ្ចប់ដៃគូ ស៊ីចាន់ ក៏ហ្វឹកហាត់គុនខ្មែរ ដែលបច្ចុប្បន្នរូបគេគិតថាអាចមានប្រៀបឈ្នះលើគូប្រកួតមកពីឥណ្ឌាខាងលើ។

កីឡាករមានបទពិសោធន៍ប្រកួតនៅសង្វៀន ONE Championship ចំនួន ៣ដងរូបនេះ សង្កត់ធ្ងន់ថា៖ «គ្រូបង្វឹក Fernando Salvador បានបង្ហាត់ខ្ញុំអំពីវិធីការពារពេលគេនៅពីលើ ការពារពេលកីឡាករឥណ្ឌាចូលចាប់ផ្ដួល។ បើសិនខ្ញុំការពារបាន...អាក្បាច់គេចូលផ្ដួលហ្នឹងគឺខ្ញុំសង្ឃឹមឈ្នះ ៩០% ហើយ»។

ខុន ស៊ីចាន់ ហ្វឹកហាត់​ក្បាច់​ក្លេ​ជាមួយ​គ្រូបង្ហាត់ (រូបភាពផ្ដល់ឲ្យ)

ស៊ីចាន់ បុកហ្វឹកហាត់ខ្លាំងជាប្រចាំ និងត្រៀមខ្លួនបានល្អជាងប្រកួតមុនៗក្រោមការបង្ហាត់របស់គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៣ដាន់ពីក្បាច់គុនជីជិតស៊ូ Fernando Salvador មុនធ្វើដំណើរទៅប្រកួតនៅហ្វីលីពីន។

ខុន ស៊ីចាន់ បានទទួលមេរៀនជូរចត់កាលចាញ់ Rudy Agustian នាខែកុម្ភៈ ត្រឹមទឹកទី១ ដោយចូលឃ្លេរើមិនរួចទាល់​តែ​សោះ។ នេះជាចំណុចដែល ស៊ីចាន់ បានអះអាងថាត្រូវបំពេញចន្លោះប្រហោងឲ្យខាងតែបាន នៅក្នុងការប្រកួតលើកនេះ។ អតីតកូនសិស្សលោក ឡោ វុទ្ធី មានទំនុកចិត្តថា រូបគេធ្វើបានល្អជាមុនពីការការពារក្បាច់ឃ្លេដៃជើង និង ឃ្លេកតាមរយៈការហ្វឹកហាត់បច្ចេកទេសថ្មីៗ។

ខុន ស៊ីចាន់ និងគ្រូបង្ហាត់ Fernando Salvador (រូបភាពផ្ដល់ឲ្យ)

ម្ចាស់ខ្សែក្រវាត់គុនចម្រុះឆ្នាំ២០១៣ ត្រូវប្រឈមនឹងកីឡាករ ឥណ្ឌា Roshan Mainam ក្នុងការប្រកួតគុនចម្រុះទម្ងន់ flyweight ។ នេះជាការប្រកួតទី៤ របស់កូនសិស្សលោក Alan Mccune នៅសង្វៀន ONE Championship បន្ទាប់ពីមានកំណត់ត្រាឈ្នះម្ដង និងចាញ់ ២ ដង។ ស៊ីចាន់ ចាញ់មិត្តរួមជាតិ ស៊ឹម ប៊ុនស៊្រន់ ត្រឹមទឹកទី១ ពេលស្ថាប័ន ONE រៀបចំនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១៥ ហើយបន្ទាប់មកទៀត ឈ្នះពិន្ទុកីឡាករឥណ្ឌូណេស៊ី Riski Umar កាលខែមីនា ឆ្នាំ ២០១៨ មុនចាញ់ Rudy Agustian កីឡាករឥណ្ឌូណេស៊ី ត្រឹមទឹកទី១ កាលខែកុម្ភៈ ឆ្នាំ២០១៩ នៅសិង្ហបុរី៕

ទស្សនា​វីដេអូ ខុន ស៊ីចាន់ ប្រកួត​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Riski Umar៖

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;