នាយកក្រុមហ៊ុនជប៉ុន៖ គ្រាប់ស្វាយចន្ទីកម្ពុជា មានរសជាតិឆ្ងាញ់ជាងវៀតណាម ប៉ុន្តែខ្វះខាតចំណុចនេះ
- 2019-10-25 06:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកក្រុមហ៊ុនជប៉ុន៖ គ្រាប់ស្វាយចន្ទីកម្ពុជា មានរសជាតិឆ្ងាញ់ជាងវៀតណាម ប៉ុន្តែខ្វះខាតចំណុចនេះ
ចន្លោះមិនឃើញ
លោក Murayama Tsetuo នាយកក្រុមហ៊ុនជប៉ុន Top Planning Japan Co., Ltd បានបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើការសិក្សាស្រាវជ្រាវអំពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា ហើយលទ្ធផលនៃការសិក្សាគឺបានធ្វើតេស្តសាកល្បងរសជាតិគ្រាប់ស្វាយចន្ទីផលិតនៅកម្ពុជាដោយប្រជាជនជប៉ុនបង្ហាញថា គ្រាប់ស្វាយចន្ទីកម្ពុជាមានរសជាតិឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីរបស់វៀតណាម ឥណ្ឌា និងអាហ្វិក។ ប៉ុន្តែ ជារួមគុណភាព អនាម័យ បរិមាណផលិត ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ និងកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីនៅមានកម្រិតនៅឡើយ។
ការថ្លែងរបស់នាយកក្រុមហ៊ុនខាងលើនេះ ធ្វើឡើងក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
លោកបន្តថា កត្តាអវិជ្ជមានទាំងនេះ ធ្វើឲ្យក្រុមហ៊ុនមានឆន្ទ:ចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា កម្រិតស្តង់ដារអន្តរជាតិ ធ្វើយ៉ាងណាកាត់បន្ថយ និងឈានទៅលុបបំបាត់ចំណុចអវិជ្ជមានទាំងនេះ ដើម្បីឈានទៅលើកកម្ពស់បរិមាណគុណភាព និងអនាម័យគ្រាប់ស្វាយចន្ទីកម្ពុជា ឲ្យស្ថិតក្នុងចំណាត់ថ្នាក់ពិភពលោកនាពេលអនាគត។
ជាមួយគ្នានេះ លោកបានធ្វើការស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសលោករដ្ឋមន្រ្តីជួយផ្តល់កិច្ចសហការ និងណែនាំបន្ថែមធ្វើយ៉ាងណា ឲ្យគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា នាពេលអនាគតឲ្យទទួលបានជោគជ័យតាមការគ្រោងទុក។ ក្រៅពីគ្រាប់ស្វាយចន្ទី ក្រុមហ៊ុនក៏ចាប់អារម្មណ៍ផងដែរលើការដាំដុះ និងកែច្នៃសណ្តែកផ្កាយ ការចិញ្ចឹមឃ្មុំក្នុងចំការស្វាយចន្ទី និងការចិញ្ចឹមជ្រូកសាច់សរីរាង្គផងដែរ។
ជាការឆ្លើយតប លោក វេង សាខុន បានស្វាគមន៍ចំពោះលទ្ធផលនៃការសិក្សា ជាពិសេសគំនិតផ្តួចផ្តើមលើការវិនិយោគរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ។ គម្រោងនេះគឺស្របនឹងគោលនយោបាយរបស់ក្រសួងដែលបាននឹងកំពុងខិតខំជំរុញផលិតភាពផលិតកម្មឲ្យមានលក្ខណ:ល្អប្រសើរទាំងបរិមាណ គុណភាព និងអនាម័យ តាមរយ:វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្មដោយអនុវត្តតាមអភិក្រម "រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម" ដោយប្រើប្រាស់បច្ចេកវិទ្យាដាំដុះ កែច្នៃ វេចខ្ចប់ទាន់សម័យ សំដៅលើកកម្ពស់តម្លៃបន្ថែម កាត់បន្ថយការនាំចេញវត្ថុធាតុដើម៕
អត្ថបទ និងរូបថត៖ ក្រសួងកសិកម្ម