មុន​ចាញ់ U19 កម្ពុជា ដល់ទៅ៩គ្រាប់! ​គ្រូ​ U19 ម៉ារីអាណា​ខាងជើង បាន​និយាយ​ត្រៀមចិត្ត​បែបនេះ​រួចមក​ហើយ

  • 2019-11-05 03:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Michiteru Nita គ្រូបង្គោល U19 ម៉ារី​អាណាខាងជើង (Northern Mariana Islands) បាន​ថ្លែង​មុនបើក​ការប្រកួត​វគ្គជម្រុះ AFC U19 Championship 2020 ពូល G ដែល​ធ្វើឡើង​នៅកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកាថា វាមិនងាយនោះទេ ក្នុងការ​ឡើង​ទៅជុំបន្ទាប់​សម្រាប់ក្រុមលោក ប៉ុន្តែ​ក្រុម​លោកនឹង​ព្យាយាម​ឱ្យអស់​ពីសមត្ថភាព​សម្រាប់​ការប្រកួត​ទាំងអស់។

លោក​និយាយថា៖ «ការ​រំពឹងទុករបស់យើង​គឺ​ត្រូវ​ធ្វើឱ្យ​អស់ពី​សមត្ថភាព​ពីការ​ប្រកួត​មួយ​ទៅ​ការប្រកួត​មួយ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ។ បន្ទាប់មក​យើង​ចង់ប្រើបទពិសោធន៍​នេះ សម្រាប់​ការ​អភិវឌ្ឍបាល់ទាត់​របស់យើង​នាពេល​អនាគត»។

សូម​ជម្រាប​ថា ឆ្លងកាត់​២ប្រកួតកន្លងមករបស់​ U19 ម៉ារីអាណាខាងជើង​ក្នុងវគ្គជម្រុះនេះ គឺចាញ់ទាំង២លើក ដោយ​ការប្រកួតលើកទី១ ចាញ់ U19 ប្រ៊ុយណេ ៣-៤ និង​លើកទី២យប់មិញ ចាញ់ម្ចាស់ផ្ទះ U19 កម្ពុជា ០-៩។

​ក្រោយ​ការប្រកួត​ជាមួយ U19កម្ពុជា គ្រូ​សញ្ជាតិជប៉ុនខាងលើ បាន​បញ្ជាក់​ថា វាជាការប្រកួត​ដ៏លំបាក​មួយសម្រាប់​ក្រុមលោក ប៉ុន្តែ​លោកមាន​មោទនភាព​ចំពោះ​កីឡាកររបស់លោក​ដែល​បាន​ព្យាយាម​យ៉ាងខ្លាំង​សម្រាប់​ការប្រកួតនេះ។

ជាមួយគ្នានេះ លោក​ក៏បាន​អបអរសាទរដល់ក្រុម U19 កម្ពុជា សម្រាប់​ជ័យជម្នះ ដោយ​លេងបាន​យ៉ាងល្អ ហើយ​លោក​គិតថា កម្ពុជា​អាចឡើង​ទៅវគ្គបន្ត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;