ចាន់ រតនា៖ «ខ្ញុំមិនហ៊ានថាខ្ញុំអ្នកអាជីព ប៉ុន្តែខ្ញុំធ្វើខុសប្លែកពីកីឡាករកម្ពុជាខ្លះ»

  • 2019-11-05 04:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាន់ រតនា ជាអ្នកលេងយុទ្ធគុនខម និងគុនខ្មែរ ប៉ុន្តែអាចប្រកួតក្បាច់គុនចម្រុះ តំណាងឲ្យកម្ពុជា នៅសង្វៀនលំដាប់ពិភពលោក ONE Championship បានយ៉ាងល្អមួយរយៈចុងក្រោយនេះ។ ទោះជាបែបណាក្ដី កីឡាករវ័យ៣៣ ឆ្នាំរូបនេះមិនហ៊ានអះអាងថាខ្លួនឯងមានលក្ខណៈអាជីពគ្រប់គ្រាន់ឡើយនៅកម្ពុជា ប៉ុន្តែរូបគេបានធ្វើរឿងជាច្រើនដែលកីឡាករកម្ពុជាផ្សេងទៀតមិនសូវបានធ្វើជាប្រចាំ។

ចាន់ រតនា បានបង្ហើបថា៖ «បើនៅស្រុកគេ ខ្ញុំឃើញគេមានលក្ខណៈអាជីពច្រើនជាងយើង ទាំងការហ្វឹកហាត់ និងឡើងប្រកួត ប៉ុន្តែសម្រាប់ខ្ញុំ វាមិនទាន់អាជីពពេញលេញ ហើយខ្ញុំក៏មិនហ៊ានថាខ្លួនឯងដែរ។ តែខ្ញុំបានខំហ្វឹកហាត់ជាប្រចាំ មានការតមអាហារត្រឹមត្រឹមត្រូវពេលត្រៀមប្រកួត ហើយខ្ញុំមានគ្រូគ្រប់ផ្នែកពាក់ព័ន្ធជួយខ្ញុំ និងហាត់ទៅតាមម៉ោងដែលបានរៀបចំប្រចាំថ្ងៃ។ ខ្ញុំមានគ្រូដើម្បីប្រឹក្សាច្រើនខុសប្លែកពីគេខ្លះ»។

ចាន់ រតនា ដើរចូលសង្វៀន​ប្រកួត​នៅ ONE នាពេលកន្លងមក (រូបភាព៖ ONE Championship)
រតនា ជាកីឡាករកម្ពុជា ដែលខំហ្វឹកហាត់ខ្លាំងក្លាតាំងពីសាច់ហើមៗមិនទាន់ល្អកាលនៅប្រកួតគុនខ្មែរនៅលើសង្វៀនក្នុងស្រុក។ មិនយូរប៉ុន្មាន រូបគេបានប្រែក្លាយសាច់ដុំទៅជាកង់ៗ និងហំហាននៅពេលឈានជើងចូលប្រកួតក្បាច់ចម្រុះលើសង្វៀន ONE Championship តាមរយៈការហ្វឹកហាត់ត្រឹមត្រូវ។ រតនា ជាកីឡាករខ្មែរតែម្នាក់គត់ បានសាងប្រវត្តិសាស្ត្រនៅលើសង្វៀនអន្តរជាតិមួយនេះ ដែលឈ្នះ ៣ ប្រកួតជាប់គ្នាមិនធ្លាប់មានសម្រាប់កីឡាករកម្ពុជា។

កូនប្រុសរបស់លោក ចាន់ ប៊ុនធឿន សង្កត់ធ្ងន់ថា៖ «ខ្ញុំមានគ្រូបង្វឹកច្បាស់លាស់ទៅតាមផ្នែករបស់ខ្ញុំ ដូចជា គ្រូបង្វឹក Lorenzo Lanzafame មកពី LLFitness បង្ហាត់បច្ចេកទេសនិងគ្រប់គ្រងកម្លាំងរួមទាំងរបបអាហារ, គ្រូខូវ វិវឌ្ឍនា បង្ហាត់ខ្ញុំខាងក្បាច់ជីជិតស៊ូ ចំបាប់ និង MMA, គ្រូបង្វឹក Rolando ជនជាតិគុយបា បង្វឹកផ្នែកប្រដាល់សកល, គ្រូបង្វឹក Sov បង្វឹកភាពអំណត់ និងគ្រូបង្វឹក Jeppe បង្ហាត់ផ្នែកចលនាសរសៃនិងម៉ាស្សា ជាដើម។ ភាពច្បាស់លាស់ទៅតាមជំនាញនិមួយៗទើបធ្វើឲ្យខ្ញុំទទួលលទ្ធផលល្អដល់សព្វថ្ងៃ»។

ចាន់ រតនា ពេលទទួលជ័យជម្នះនៅ ONE នាពេលកន្លងមក (រូបភាព៖ ONE Championship)

កីឡាករដែលជាប់កិច្ចសន្យានៅសង្វៀន ONE បានរៀបរាប់បន្តថា គ្រូបង្វឹកទាំងអស់មិនមែនយកកម្រៃប្រចាំថ្ងៃ ឬ ប្រចាំខែពីខ្លួននោះទេ តែវាជាការជួយគ្នាទៅវិញទៅមក។ ប៉ុន្តែមួយរយៈចុងក្រោយ រតនា ផ្ទាល់ និងគ្រូបង្វឹកទាំងអស់បានជជែកគ្នាដោយយល់ព្រមកាត់ភាគរយខ្លះពីប្រាក់ឈ្នួលឡើងប្រកួតម្ដងជូនគ្រូបង្វឹកទាំងអស់សម្រាប់ប្រើប្រាស់ ឬការធ្វើដំណើរទៅមើលការប្រកួតជាដើម។

គ្រូបង្វឹក Lorenzo Lanzafame ក៏បានបង្ហើបឲ្យដឹងកន្លងមកថា ចាន់ រតនាបានផ្ដោតលើការហ្វឹកហាត់ និងផ្ដោតលើការប្រកួតយ៉ាងល្អ ថែមទាំងមានភាពភាពអំណត់តស៊ូដើម្បីឆ្ពោះទៅរកលទ្ធផលដែលខ្លួនចង់បាន។ លោកបញ្ជាក់ថា រតនា បានឈានដល់កម្រិតល្អបំផុតមួយនៃការប្រកួតគុនចម្រុះតំណាងឲ្យកម្ពុជា ហើយរូបគេត្រូវបន្តអភិវឌ្ឍខ្លួនបន្ថែមទៀតដើម្បីប្រកួតដណ្ដើមខ្សែក្រវាត់។

ចាន់ រតនា ពេលទទួលជ័យជម្នះនៅ ONE នាពេលកន្លងមក (រូបភាព៖ ONE Championship)

បច្ចុប្បន្ននេះ ចាន់ រតនា មិនត្រឹមតែហ្វឹកហាត់ខ្លួនឯងដើម្បីត្រៀមប្រកួតទេប៉ុន្តែថែមទាំងបង្ហាត់សិស្សដើម្បីសុខភាព និងសិស្សដែលចង់ឡើងប្រកួតអាជីពទៀតផង។ ងាកមកបទពិសោធន៍ក្នុងគុនចម្រុះវិញ ស្ថិតក្នុងវ័យ៣៣ឆ្នាំ ចាន់ រតនា ឡើងប្រកួតលើសង្វៀនគុនចម្រុះបានចំនួន ១០ លើកក្នុងនោះឈ្នះ ៧ លើក និង ចាញ់ ៣ លើក។ កំណត់ត្រាល្អបំផុត គឺឈ្នះ ៣លើកចុងក្រោយនៅសង្វៀនពិភពលោក ONE ដូចជាវ៉ៃ កីឡាករឥណ្ឌូណេស៊ី ២នាក់ Abrou Fernandes និង Rudy Agustian ឲ្យចុះចាញ់ និងបន្តឈ្នះពិន្ទុ ជើងខ្លាំងធ្លាប់ប្រកួតនៅអូឡាំពិករបស់ក្រិក Gustavo Balart កាលពាក់កណ្ដាលខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ៕

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;