រដ្ឋមន្ត្រីមហាផ្ទៃ-ទូតអាម៉េរិក ឯកភាពពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ
- 2019-11-08 06:23:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីមហាផ្ទៃ-ទូតអាម៉េរិក ឯកភាពពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ
ចន្លោះមិនឃើញ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានពិភាក្សាគ្នាដែលមានលទ្ធផលជាផ្លែផ្កា ជាពិសេសក្នុងក្របខណ្ឌទ្វេភាគី រួមទាំងវិស័យការពង្រឹងអនុវត្តច្បាប់ផងដែរ ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃ ការជួញដូរមនុស្ស ការការពារកុមារ និងវិស័យនៃការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន្តរជាតិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះនៅទីស្តីការក្រសួងមហាផ្ទៃ។
ភាគីទាំងពីរបានអនុវត្តនូវកិច្ចសហប្រតិបត្តិការផ្តល់នូវការការពារសន្តិសុខទៅដល់ស្ថានទូតរបស់ប្រទេសទាំងសងខាង រួមទាំងមន្ត្រីនៅក្នុងស្ថានទូតផងដែរ។ ឯកអគ្គរដ្ឋទូតអាម៉េរិក ក៏បានថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការលើការការពារផ្នែកសន្តិសុខកន្លងមក។
លោក បន្តថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ វិច្ឆិកា រួមទាំងពិធិបុណ្យអ៊ុំទូក (១០-១១-១២ វិច្ឆិកា) ផងដែរ និងសូមអបអរសាទរចំពោះការប្រារព្ធពិធីទាំងពីរនេះ ហើយលោកនឹងចូលរួមនៅក្នុងទិវាបុណ្យជាតិទាំងពីរនេះផងដែរ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នៅក្នុងជំនួបពិភាក្សាភាគីទាំងពីរបានឯកភាពគ្នាដើម្បីបន្តពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ទាក់ទងនិងវិស័យសន្តិសុខ និងការបង្ក្រាបបទល្មើសផ្សេងៗ។ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាម៉េរិកតាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេសដែលបានជូនពរដល់កម្ពុជានៅការប្រារព្ធបុណ្យឯករាជ្យជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ហើយសូមឯកភាពថា នៅក្នុងឱកាសនៃខួបអនុស្សាវរីយ៍ ៧០ឆ្នាំនៅទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក កាន់តែពង្រីកពង្រឹងឲ្យកាន់តែល្អថែមទៀត»៕