យន្តហោះ​ F-16 ​អាមេរិក ច្រឡំ​ទម្លាក់​គ្រាប់បែក​ខុស​ទីតាំង នៅ​​ប្រទេស​ជប៉ុន

  • 2019-11-08 07:23:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ចម្បាំង F-16 បាន​ច្រឡំ​ទម្លាក់គ្រាប់​បែកមួយ​ទម្ងន់ ២០០​គីឡូក្រាម​ខុសទីតាំងហ្វឹកហាត់ នៅ​លើ​ដី​ឯកជន​មួយកន្លែង​ ក្នុងខេត្ត​ Aomori ភាគឦសាន​ប្រទេស​ជប៉ុន។ ការ​ទម្លាក់​នេះ ក្នុងអំឡុង​ពេល​ហ្វឹកហាត់​របស់​ពីឡុត​អាមេរិក នៅ​ជិត​មូលដ្ឋាន​ទ័ព​អាកាស Misawa។ នេះ​បើតាម​ការចុះផ្សាយ​របស់ Kyodo News។

ទោះជា​យ៉ាងណា មិនទាន់​មាន​របាយការណ៍​អំពី​អ្នករងគ្រោះ ក្នុងហេតុការណ៍​នេះនៅ​ឡើយទេ។ ប៉ុន្តែ​រឿងនេះ ត្រូវ​ក្រសួង​ការពារ​ជាតិ​ជប៉ុន ​ប្តឹងតវ៉ា​យោធា​អាមេរិកហើយ។

ក្រសួង​ការពារជាតិ​ជប៉ុន បាន​ដកស្រង់​សម្តីយោធា​អាមេរិក ឱ្យដឹងថា យន្តហោះ F-16 ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន Misawa បាន​ទម្លាក់​ឧបករណ៍​ហ្វឹកហាត់១ នៅ​តំបន់​ភ្នំដែល​ជាកន្លែង​សម្រាប់​ហ្វឹកហ្វឺន កាលពី​ល្ងាច​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០១៩។

យោធា​អាមេរិកអះអាង​ថា គ្រាប់បែកដែល​ទម្លាក់ពី​លើយន្តហោះ​នោះ គឺមិន​ផ្ទុះទេ ហើយក៏បាន​រកឃើញ​វិញ​នៅដី​ឯកជន ដែល​នៅជិត​កន្លែង​ហ្វឹកហ្វឺន។ យ៉ាងណាមិញ ពួកគេនឹង​ស៊ើបអង្កេត​បន្ថែម​ជុំវិញ​ករណីនេះ៕

ប្រភព៖ Kyodo News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;