ព្រះ​សព​សម្ដេច​រាជបុត្រី ​ព្រះរៀម នរោត្តម បុប្ផាទេវី ​​នឹង​ត្រូវ​ដង្ហែ​ពី​​ប្រទេស​ថៃ​​មក​កម្ពុជា​ល្ងាច​នេះ​​

  • 2019-11-19 02:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​សព​សម្តេច​រាជបុត្រី ​ព្រះរៀម នរោត្តម បុប្ផាទេវី ​​នឹង​ត្រូវ​ដង្ហែ​ពី​​​ទីក្រុង​បាង​​កក​​ ប្រទេស​ថៃ​​​​​ឆ្ពោះ​មក​កាន់​​កម្ពុជា​តាម​​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​​ វេលា​ម៉ោង ​៦:០០​នាទី​ល្ងាច ​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​។​ នេះ​បើ​តាម​​លោក​​ យាង វណ្ឌី ប្រធាន​ក្រុម​ព្រះសុរិយា​​បាន​​​ប្រាប់​ឱ្យ​ដឹង​។

លោក​បាន​​​បាន​​អញ្ជើញ ​មិត្ត​ៗ​សិល្បៈ​ករ​ សិល្បៈ​​ការិនី ​និង​មហាជន​ទាំង​អស់​​អញ្ជើញ​ចូល​រួម ​ពិធី​ទទួល​ព្រះសព​ សម្តេច​រាជបុត្រី ​ព្រះរៀម ​នរោត្តម​ បុប្ផា​ទេវី ​ដែល​នឹង​ត្រូវ​ដង្ហែ​ពី​ទីក្រុង​បាងកក ​ប្រទេស​ថៃ​​នៅ​ល្ងាច​នេះ​ឱ្យ​​​បាន​មុន​ម៉ោង ៥ ល្ងាច​​​ ​​នៅ​ទី​កន្លែង ​ច្រក ​vip ​ឬ​នៅ​តាម​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី​រហូត​ដល់​វត្តបទុមវតី​ ​។ លោក​បាន​ចាត់​ទុក​ការ​អញ្ជើញ​ចូល​រួម​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ និង​សិល្បៈ​ករ​ សិល្បៈ​ការិនី​​ទាំង​អស់​​បង្ហាញ​ការ​គោរព​ដឹង​​គុណ​ចំពោះ​ សម្ដេច​រាជបុត្រី ​ព្រះរៀម នរោត្តម បុប្ផាទេវី ដែល​ជា​ជនជាតិ​ខ្មែរ​លើក​ដំបូង​​​​​​ឱ្យ​បរទេស​ស្គាល់​​របាំ​អប្សរា​ និង​របាំ​​ព្រះរាជទ្រព្យ​​លើ​​ឆាក​​អន្តរជាតិ​​ ​បង្ហាញ​​ការ​គោរពដ៏ខ្ពង់ខ្ពស់​បំផុត​​ចំពោះ​​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​តា​ សម្ដេច​យាយ​​។

លោក​បាន​បង្ហាញ​ការ​សោក​ស្ដាយ​យ៉ាង​ជា​ពន់ពេក​ចំពោះ​​ការ​យាង​សោយ​ទិវង្គត​របស់​​ ​សម្តេច​រាជបុត្រី ​ព្រះរៀម នរោត្តម បុប្ផាទេវី ​ហើយ​​សង្ឃឹម​​​សិល្បៈ​សិល្បៈ​ការិនី​​ចូល​រួម​បាន​ច្រើន​កុះ​ករ​​នៅ​ល្ងាច​នេះ។ ​​

សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បាន​យាង​សោយ​ព្រះ​ទិវង្គត​ក្នុង​ព្រះជន្ម​ ៧៦​ព្រះវស្សា​ នា​វេលា​ម៉ោង ​១២:៣០ ​នាទី ​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៩ ក្នុង​មន្ទីរ​ពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ ដោយ​ព្រះរោគាពាធ។ ​នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផេក​ Royal du Cambodge បាន​ចេញ​​ផ្សាយ។

ព្រះអង្គ ​ព្រះ​ប្រសូត​នៅ​ថ្ងៃ​ទី​០៨ ​ខែ​មករា​ ឆ្នាំ​១៩៤៣ ​នា​រាជធានី​ភ្នំពេញ ​ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង​ នៃ​ព្រះករុណា ​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព​ដែន​ដី ​និង​ឯកភាពជាតិ​ខ្មែរ ​ព្រះបរម​រតនកោដ្ឋ ​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ និង​អ្នក​ម្នាង ​ផាត់ កាញ៉ុល នាដការី ​នៃ​របាំ​ព្រះរាជទ្រព្យ៕

អត្ថបទ​៖ សុផល​

អត្ថបទថ្មី
;