ព្រះរាជបណ្ដាំចុងក្រោយសម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សុំអង្វរយុវជនជួយថែរក្សាសិល្បៈវប្បធម៌ជាតិផង
- 2019-11-19 03:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះរាជបណ្ដាំចុងក្រោយសម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សុំអង្វរយុវជនជួយថែរក្សាសិល្បៈវប្បធម៌ជាតិផង
ចន្លោះមិនឃើញ
ព្រះបរមរាជវាំង បានបញ្ចេញវីដេអូមួយដែលជាព្រះរាជបណ្ដាំចុងក្រោយរបស់សម្ដេចរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី "ទេពនាដវដ្ដីឯក" ដែលព្រះរាជបុត្រីបានផ្ដែផ្ដាំឲ្យបងប្អូនកូនក្មួយ ពិសេសយុវជនត្រូវជាចៅ ចៅទួត ចៅលួតជួយថែរក្សាសិល្បៈវប្បធម៌ខ្មែរយើងឲ្យគង់វង្សផង។
នៅក្នុងវីដេអូរយៈពេលជាង ៩នាទី សម្ដេចព្រះរាជបុត្រី បានមានព្រះសុវណ្ណីឲ្យដឹងថា ទាំងព្រះម្ចាស់ក្សត្រី និងព្រឹទ្ធាចារ្យសិល្បៈបុរាណផ្សេងទៀត ដែលទម្រាំអាចចេះចាំសិល្បៈវប្បធម៌ និងរបាំបុរាណខ្មែរបាន ហើយយកមកបង្ហាត់បង្រៀនបន្តដល់បងប្អូនកូនក្មួយ ចៅៗជាច្រើនជំនាន់មកនេះ គឺមានការលំបាកណាស់ ព្រោះកាលណោះ ប្រទេសជាតិស្ថិតក្រោមអាណានិគមនិយមបារាំង ដែលអ្វីៗនៅខ្វះខាតសព្វគ្រប់នៅឡើយ។
ប៉ុន្តែបានព្រះគុណព្រះមាតា គឺព្រះមហាក្សត្រិយានី កុសុមៈ នារីរ័ត្ន ដែលព្រះអង្គបានចំណាយអស់កម្លាំងកាយពល រួមទាំងធនធានផ្ទាល់របស់ព្រះអង្គ ដើម្បីបណ្ដុះបណ្ដាលដល់ព្រះរាជបុត្រីផ្ទាល់រួមទាំងលោកគ្រូ អ្នកគ្រូផ្សេងទៀតឲ្យចេះចាំបាន។ ប៉ុន្តែវ័យចេះតែវិវត្ត លោកគ្រូអ្នកគ្រូទាំងអស់ រួមទាំងព្រះរាជបុត្រីផង កាន់តែជរាណាស់ហើយ។ ដូច្នេះហើយ អ្វីដែលជាព្រះរាជកង្វល់របស់ព្រះអង្គ គឺខ្លាចអត់ពីលោកគ្រូអ្នកគ្រូផ្នែកសិល្បៈបុរាណនេះទៅ បងប្អូនកូនក្មួយ ចៅៗ មិនមានអ្នកបន្តវេន។
“ពួកខ្ញុំអាយុច្រើនហើយ អីចឹងហើយមានតែក្មួយ ចៅទាំងអស់នេះ...អីចឹងខ្ញុំសំណូមពរ សុំអង្វរក្មួយៗ ចៅៗទាំងអស់ជួយថែរក្សាសម្បត្តិវប្បធម៌ជាតិរបស់យើង ក្នុងនោះមិនត្រឹមក្មួយៗ ចៅៗជាសិល្បករ គឺអ្នកមិននៅក្នុងផ្នែកនេះក៏ដោយ សូមជួយ សូមពួតដៃគ្នាថែរក្សាសម្បត្តិវប្បធម៌របស់យើងឲ្យគង់វង្ស កុំអោយមានអ្នកណា ទៅអ្វីផ្ដេសផ្ដាសបាន"។
សារពីព្រះបរមរាជវាំង ពេញមួយព្រះជន្ម នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គ បានបូជានូវព្រះបញ្ញាញាណ និងព្រះកាយពលឥតខ្លាចនឿយហត់ ក្នុងការថែរក្សា ផ្សព្វផ្សាយលើកតម្កើងវិស័យវប្បធម៌ខ្មែរ ឲ្យមានភាពរីកចម្រើនល្បីរន្ទឺ និងមានការទទួលស្គាល់លើសកលលោក។
ហេតុដូច្នេះហើយ ទើបនៅឈានដល់គ្រាចុងក្រោយនៃព្រះជន្មរបស់ព្រះរាជបុត្រី គឺព្រះអង្គមានព្រះរាជកង្វល់ខ្លាំងពីរឿងអ្នកបន្តវេន ក៏ដូចជាអ្នកជួយថែរក្សាសម្បត្តិវប្បធម៌ សិល្បៈបុរាណរបស់ខ្មែរយើងឲ្យនៅគង់វង្ស។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះទិវង្គតក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ តាមព័ត៌មាន ព្រះសពសម្ដេចរាជបុត្រី នឹងត្រូវដង្ហែពីទីក្រុងបាងកក ប្រទេសថៃឆ្ពោះមកកាន់កម្ពុជាតាមច្រកប្រលានយន្តហោះអន្តរជាតិភ្នំពេញ វេលាម៉ោង ៦:០០នាទីល្ងាច នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕