យុវជនចង់ទៅធ្វើការនៅកូរ៉េ កាន់តែមានលទ្ធភាពខ្ពស់ ក្រោយឧកញ៉ា ឡេង ណាវ៉ាត្រា ចុះ MOU ជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
- 2019-11-20 10:16:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនចង់ទៅធ្វើការនៅកូរ៉េ កាន់តែមានលទ្ធភាពខ្ពស់ ក្រោយឧកញ៉ា ឡេង ណាវ៉ាត្រា ចុះ MOU ជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
ចន្លោះមិនឃើញ
ចាងហ្វាងផលិតកម្ម Galaxy និងជាអគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គឺឧកញ៉ា ឡេង ណាវ៉ាត្រា នៅព្រឹកមិញនេះឈានដល់ដល់ចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ដោយឯកភាពគ្នាបង្កើតវគ្គបណ្ដុះបណ្ដាលយុវជនលើភាសាកូរ៉េដោយឥតគិតថ្លៃពីពេលនេះតទៅ។
ការផ្ដល់ជូននេះ គឺសម្រាប់យុវជន យុវនារី ដែលមានបំណងចង់រៀនភាសាកូរ៉េដើម្បីស្វែងរកឱកាសទៅធ្វើការនៅប្រទេសកូរ៉េប៉ុណ្ណោះ។ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានផ្ដួចផ្ដើមគម្រោងនេះ បានឲ្យដឹងថា លោកធ្វើបែបនេះ ក្រោយពីបានឃើញថា បងប្អូនយុវជនកម្ពុជាមានលំបាកក្នុងការទទួលបានឱកាសសិក្សាភាសាកូរ៉េ ដើម្បីទៅធ្វើការនៅប្រទេសកូរ៉េ។ ការលំបាកទាំងនោះមានដូចជា ខ្វះថវិកាសម្រាប់ការចំណាយក្នុងការសិក្សា ពិបាករកទីតាំងដើម្បីរៀន និងខ្វះខាតការទទួលបានព័ត៌មានពីការទៅធ្វើការនៅប្រទេសកូរ៉េជាដើម។
ហេតុដូច្នេះទើបលោក ពុះពារឲ្យមានវគ្គបណ្ដុះបណ្ដាលភាសាកូរ៉េដោយឥតបង់ថ្លៃនេះ ដោយសហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បង្កើតជាទីតាំងសម្រាប់ផ្ដល់វគ្គបណ្ដុះបណ្ដាល ដើម្បីសម្រួលដល់គោលបំណងរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជា យុវជនឆ្ពោះទៅធ្វើការនៅកូរ៉េ ដើម្បីពួកគេមានឱកាសបានកសាងអនាគតដូចជារូបលោកផ្ទាល់។
ឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែងថា "អ្វីដែលយើងធ្វើនៅថ្ងៃនេះ គឺចង់ឲ្យបងប្អូនយើង មានលទ្ធភាពកាន់តែច្រើនទៅធ្វើការនៅកូរ៉េ ខ្ញុំចង់ឲ្យពួកគាត់បានទៅឃើញរបៀបរស់នៅ សុវជីធម៌ សីលធម៌របស់ប្រទេសគេ ទៅលត់ដុំជាមួយការរស់នៅជាក្រុម ពិសេសគឺចង់ឲ្យគាត់ទទួលបានប្រាក់កម្រៃខ្ពស់ ដែលអាចដល់ទៅ២ពាន់ ឬជាង២ពាន់ដុល្លារ ហើយគាត់បានសន្សំលុយខ្លះសម្រាប់ត្រឡប់មកស្រុកកំណើតវិញ ដើម្បីចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននានា!”។
ដើម្បីឲ្យកាន់តែមានភាពងាយស្រួលទៀត តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ អតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ បានស្នើសុំវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រដែលមានឯកឧត្ដម តឹប អឿន ជានាយក ក្រៅពីបានផ្ដល់ការបណ្ដុះបណ្ដាលភាសាកូរ៉េដោយឥតគិតថ្លៃនេះហើយ សូវជួយភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួងការងារ ដើម្បីធានាដល់ការទទួលបានព័ត៌មានពីការទៅបំពេញការងារនៅប្រទេសកូរ៉េ បានកាន់តែលឿន និងគួរឲ្យទុកចិត្តបាន។
ឯកឧត្ដម តឹប អឿន ជានាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈការចុះ MOU ជាមួយឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា លើការផ្ដល់វគ្គសិក្សាភាសាកូរ៉េដោយឥតបង់ថ្លៃនាពេលនេះ គឺឯកឧត្ដមមានសេចក្ដីសោមនស្ស និងមោទកភាពណាស់ ព្រោះការណ៍នេះស្របតាមនយោបាយរបស់វិទ្យាស្ថានលោកដូចគ្នា ដែលលើកទឹកចិត្តសិស្សនិស្សិតក្រីក្រ ដែលជាក់ស្ដែងបច្ចុប្បន្ននិស្សិតកំពុងសិក្សានៅវិទ្យាស្ថានរបស់ឯកឧត្ដម គឺភាគច្រើនជាយុវជនមកពីបណ្ដាខេត្ត និងជានិស្សិតក្រីក្រ។
មួយវិញនេះ នយោបាយនេះ ក៏ស្របតាមស្មារតីរបស់ក្រសួងការងារ ដែលជាយូរមកហើយ គឺបានជំរុញ និងលើកទឹកចិត្តឲ្យ NIB មានវគ្គសិក្សាពីភាសាកូរ៉េផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនកម្ពុជា។ ដូច្នេះហើយ នេះជារឿងល្អទាំងសម្រាប់វិទ្យាស្ថាន ទាំងសម្រាប់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនខ្មែរ។
នៅជំហានដំបូងនៃអនុស្សរណៈគ្នា ឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្ដល់ជូនសិក្ខាកាមចំនួន២០០កន្លែងក្នុងមួយឆ្នាំ ហើយការផ្ដល់ជូនមានរយៈពេល២ឆ្នាំ។ ដូច្នេះ ឯកឧត្ដម តឹប អឿន ស្នើបងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនដែលមានបំណងសិក្សាភាសាកូរ៉េដើម្បីទៅបំពេញការងារនៅប្រទេសកូរ៉េ ប្រញាប់រួសរាន់មកចុះឈ្មោះ ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយតទៅ។
នេះគឺជាលើកទី១ ដែលក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានផ្ដល់ជូនការសិក្សាភាសាកូរ៉េដោយឥតបង់ថ្លៃដល់យុវជនកម្ពុជា ដោយចាប់ផ្ដើមជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រមុនគេ។ ប៉ុន្តែតាមលោកឧកញ៉ា អគ្គនាយក បានឲ្យដឹងការគម្រោងនេះ គ្រោងនឹងធ្វើនៅទីកន្លែងផ្សេងទៀត ពិសេសតាមបណ្ដាខេត្ត ដែលបងប្អូនប្រជាពលរដ្ឋមានភាពខ្វះខាតមិនអាចឡើងមកសិក្សានៅភ្នំពេញបាន។
ដោយឡែកការផ្ដល់ជូននៅ NIB លោកឧកញ៉ា ក៏បានបញ្ជាក់ថា នៅជំហានដំបូង ផ្ដល់ជូនត្រឹម២ឆ្នាំសិន ប្រសិនបើមានការគាំទ្រ មានអ្នករៀនច្រើន ពិសេសគឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាយុវជនខ្មែរទទួលបានផលប្រយោជន៍ពិតពីគម្រោងនេះ ការផ្ដល់ជូន នឹងអាចបន្តទៅឆ្នាំទី៣ ទី៤ថែមទៀត៕