ព្រះមហាក្សត្រ​ធ្វើ​ព្រះរាជសារ​តបនឹងទៅ​មេដឹកនាំ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង

  • 2019-11-29 02:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា បានមានព្រះរាជបន្ទូលសម្តែងការអរគុណនិងការកោតសរសើរយ៉ាងជ្រាលជ្រៅតបចំពោះសារលិខិតពីរខុសគ្នារបស់មេដឹកនាំទាំងពីរនៃប្រទេសកូរ៉េ។

លោក គីម ជុងអ៊ុន ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េលោកមូន ចេអ៊ីន បានធ្វើសារជួនពរថ្វាយព្រះមហាក្សត្រខ្មែរក្នុងឳកាសទិវារំលឹកខួប៦៦ឆ្នាំនៃថ្ងៃឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណាព្រះមហាក្សត្រក្នុងព្រះរាជសារតបថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំពោះមេដឹកនាំកូរ៉េខាងជើងលោកប្រធានគីមជុងអ៊ុន បានមានព្រះរាជបន្ទូលជូនពរសុខភាពល្អនិងសុភមង្គល និងបញ្ជាក់បន្ថែមថា ព្រះអង្គគង់រង់ចាំបន្តពង្រឹងទំនាក់ទំនង ប្រពៃណីនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍ ល្អបំផុតសម្រាប់ប្រជាជនកម្ពុជានិងកូរ៉េខាងជើង។

ដោយឡែកក្នុងព្រះរាជសារតបចំពោះប្រធានាធិបតីកូរ៉េខាងត្បូងនោះវិញ ព្រះអង្គបានមានបន្ទូលថា ក្នុងពេលដែលព្រះអង្គផ្តល់ប្រទានពរស័ព្ទសាធុការសុខភាពល្អនិងជ័យជំនះក៏ដូចជាសន្តិភាពនិងវិបុលភាពដល់សាធារណរដ្ឋកូរ៉េ ព្រះអង្គមានជំនឿថា ក្នុងរយៈពេលច្រើនឆ្នាំដែលនឹងមកដល់នេះ ទំនាក់ទំនងដ៏ជិតស្និទ្ធ មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាកូរេខាងត្បូង នឹងកាន់តែបន្តស៊ីជម្រៅនិងរុងរឿងថែមទៀត សម្រាប់ផលប្រយោជន៍ដ៏ល្អបំផុតនិងសុខមាលភាពនៃប្រជាជនទាំង២កម្ពុជានិងកូរ៉េ។

កូរ៉េខាងត្បូងគឺជាប្រទេសមួយដែលបានភ្ជាប់ចំណងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាសាឡើងវិញនាប្រមាណ ២ទសវត្សកន្លងមកនេះ។ កូរ៉េខាងត្បូងគឺជាប្រទេសមួយដែលទើបបានដាក់ចេញនូវគោលនយោបាយទិសខាងត្បូងថ្មី New Southern Policy ហើយកម្ពុជាដែលស្ថិតក្នុងតំបន់ប៉ូលខាងត្បូង បានគាំទ្រគោលនយោបាយ ថ្មីរបស់ កូរេខាងត្បូងនេះ។

ចំណែកកូរ៉េខាងជើងនោះវិញ កម្ពុជានិងកូរ៉េខាងជើង មានចំណងទាក់ទងស្អិតល្មួតរវាងគ្នាតាំងពីអតីតកាល តាមរយៈ អតីតព្រះមហា វីរក្សត្រសម្តេចព្រះនរោត្តមសីហនុ។ ក្នុងឆ្នាំ១៩៧៤ សាធារណរដ្ឋប្រជាមានិតប្រជាធិប តេយ្យកូរ៉េ បានកសាងវិមានមួយថ្វាយព្រះអង្គក្បែរក្រុងព្យុងយ៉ាងដែលគេបានដាក់ឈ្មោះថាវិមានឆាង ស៊ូវុន ដែលជាវិមានដែលព្រះ អង្គនិងសម្តេចម៉ែតែគង់ប្រថាប់នៅក្រៅប្រទេសនាអតីតកាលនោះ៕

អត្ថបទ៖ សោភា

;