មុនប៉ះ​កម្ពុជា គ្រូមីយ៉ាន់ម៉ា បែរជា​ប្រាប់​ឱ្យវៀតណាម ប្រយ័ត្ន​ជាមួយ​ឥណ្ឌូណេស៊ី​ទៅវិញ

  • 2019-12-10 01:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម U22 មីយ៉ាន់ម៉ា នឹង​ប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ទល់នឹង U22 កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅថ្ងៃទី១០ធ្នូនេះ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គ្រូ U22 មីយ៉ាន់ម៉ា បែរជាផ្តល់ដំបូន្មានឱ្យ U22 វៀតណាម ប្រយ័ត្ន​ចំពោះ U22 ឥណ្ឌូណេស៊ី ទៅវិញ។

ថ្លែងក្នុងសន្និសីទ​កាសែត​កាលពីម្សិលមិញ លោក Velizar Popov គ្រូ U22 មីយ៉ាន់ម៉ា បាន​លើកឡើងថា «U22 ឥណ្ឌូណេស៊ី គឺ​គូប្រកួត​ដ៏ខ្លាំងមួយ។ ល្បឿន និង​បច្ចេកទេស គឺ​សុទ្ធតែជាអត្តសញ្ញាណពួកគេ។ ពួកគេ​មាន​ខ្សែប្រយុទ្ធមុតស្រួច ២រូប ដែលពោរពេញដោយគ្រោះថ្នាក់។ គ្រប់គ្នា​ដឹងហើយថា U22 វៀតណាម គឺ​ជាក្រុម​ខ្លាំង ប៉ុន្តែ​នឹង​ប្រឈម​មុខ​នឹងការលំបាកជាច្រើន»។

គ្រូសញ្ជាតិប៊ុលហ្គារីរូបនេះ​បន្ថែម​ថា ប្រសិន​បើវៀតណាម ហ៊ានតែបង្កើតកំហុសតែបន្តិចនោះ ពួកគេ​នឹងខាតបង់ធំ ព្រោះតែឥណ្ឌូណេស៊ី មាន​កីឡាករបង្កគ្រោះថ្នាក់ជាច្រើន អាច​សម្រេច​ជោគវាសនា​នៃការប្រកួតតែមួយភ្លេតប៉ុណ្ណោះ ជាពិសេស​កីឡាករលេខ១០, ១៥ និង ២០។

សូមជម្រាប​ថា U22 មីយ៉ាន់ម៉ា បាន​ប្រកួតចាញ់ U22 ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ២-៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ U22 វៀតណាម បំបាក់ U22 កម្ពុជា ៤-០។ មីយ៉ាន់ម៉ា ត្រូវប៉ះកម្ពុជា ដណ្តើមមេដាយសំរិទ្ធ នៅម៉ោង ៣រសៀល ខណៈ វៀតណាម ដណ្តើមមេដាយមាស​ជាមួយឥណ្ឌូណេស៊ី នៅម៉ោង ៧យប់៕

ប្រភព៖ Dan Viet

ប្រែសម្រួល៖ សំភី

អត្ថបទថ្មី
;