កម្ពុជា ប្រតិកម្ម​រឿង​អាមេរិក​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ-រឹតត្បិត​ទិដ្ឋាការ​លោក​ គន់ គីម និង​លោក ទ្រី ភាព

  • 2019-12-11 03:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការកំណត់ជ្រើសរើសដោយបំពាននូវជនជាតិកម្ពុជាដែលបំរើការងាររដ្ឋ និងក្នុងផ្នែកឯកជន ក្រោមច្បាប់សាកលម៉ានីតស្គី (Global Magnitsky Act) របស់អាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងបានបន្តថា ទង្វើនេះធ្វើអោយមានការស្រងាកចិត្តយ៉ាងខ្លាំង នៅពេលដែលបុគ្គលសាធារណៈរបស់ប្រទេសមួយ ត្រូវបានក្លាយទៅជាកម្មវត្ថុនៃវិធានការទណ្ឌកម្មរបស់ប្រទេសដទៃផ្សេងទៀត ដោយផ្អែកលើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការគោរពទាល់តែសោះចំពោះភាពឯករាជ្យនៃច្បាប់ និងយុត្តិធម៌របស់ប្រទេសមួយ។ ប្រការនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍អន្តរជាតិស្តីពីគោលការណ៍ស្មើភាពនៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដ៏ទៃផ្សេងទៀត។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា បទបញ្ជាប្រតិបត្តិនេះ គឺជាការវាយប្រហារប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់រវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈការផ្ញើសារទៅវិញទៅមកនាពេលថ្មីៗនេះរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពកម្ពុជា ហើយមានបំណងដ៏មុតមាំក្នុងការលើកស្ទួយទំនាក់ទំនងទ្វេរភាគី ដោយឈរលើការគោរពគ្នាទៅវិញទៅមក។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងថា លោកគន់ គីម ត្រូវបានទទួលស្គាល់ជាសាធារណៈ ចំពោះការរួមចំណែកយ៉ាងច្រើនរបស់លោក ក្នុងការការពារ និងថែររក្សាសុខសន្តិភាព ស្ថេរភាព និងសណ្តាប់សង្គម ហើយលោកឧកញ៉ា ទ្រី ភាព ក៏បានដើរតួនាទីដ៏សកម្មក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។ ទាក់ទងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ-រឹតត្បិតទិដ្ឋាការនាយឧត្តមសេនីយ៍ គន់ គីម និងលោកឧកញ៉ា ទ្រី ភាព មិនអាចសុំការបំភ្លឺពីរលោកទាំងពីរបានទេ ដោយទូរស័ព្ទចូលគ្នាអ្នកទទួល។

សូមបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចដាក់ទណ្ឌកម្មនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ និងលោកឧកញ៉ា ទ្រី ភាព ព្រមទាំងក្រុមគ្រួសារដោយចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងប្រព្រឹត្តអំពើពុករលួយ។ ការដាក់ទណ្ឌកម្មនេះធ្វើឡើងក្រោមច្បាប់ Global Magnitsky។

ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងរឹតត្បិតទិដ្ឋាការលោកឧកញ៉ា ទ្រី ភាព និងលោកគន់ គីម ព្រមទាំងសមាជិកគ្រួសារលោក៣រូប និងក្រុមហ៊ុនចំនួន១៦ទៀត។ ការសម្រេចនេះ ធ្វើឡើងក្រោមការអនុវត្តច្បាប់ Global Magnitsky កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិករកឃើញថា លោកឧកញ៉ា ទ្រី ភាព ព្រមទាំងមានក្រុមហ៊ុនចំនួន១១ ត្រូវបានដាក់បញ្ចូលក្នុងទណ្ឌកម្មនេះ។ លោក គន់ គីម រួមទាំងសមាជិកគ្រួសារលោក៣ រូបទៀត រួមមានឈ្មោះ គីង ចាន់ឌី ឈ្មោះ គីម សុផារី និង គីម ផារ៉ា ព្រមទាំងក្រុមហ៊ុនចំនួន៥ ក៏ត្រូវបានដាក់បញ្ចូលក្នុងទណ្ឌកម្មរបស់អាមេរិកនេះផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;