កូនផ្សោតមួយក្បាលទៀតហើយ បានកើតក្នុងនៅអន្លង់ផ្សោតកាំពី

  • 2019-12-12 01:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូនផ្សោតមួយក្បាលទៀតហើយកើតនៅអន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

កូនផ្សោតទើបកើតថ្មីមួយក្បាលនេះ ត្រូវបានក្រុមស្រាវជ្រាវ នៃអង្គការ WWF-កម្ពុជា រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រទះឃើញ ខណៈដែលក្រុមការងារកំពុងចុះបំពេញការងារត្រួតពិនិត្យសកម្មភាពនេសាទខុសច្បាប់ក្នុងតំបន់ការពារសត្វផ្សោត។

បន្ទាប់ពីបានប្រទះឃើញវត្តមានកូនផ្សោតទើបកើតថ្មីនោះ ក្រុមការងារបានធ្វើការអង្កេតពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយ និងថតរូបកូនផ្សោតថ្មីនោះ និងមេរបស់វា។ កូនផ្សោតទើបកើតថ្មីនោះ មានអាយុប្រហែលជាមួយថ្ងៃ ហើយនៅក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណជាប្រាំពីរក្បាល។

កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី១៣ហើយ ដែលត្រូវបានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ ខែធ្នូ នេះ ដោយក្នុងនោះកូនផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង និងកូនផ្សោតចំនួនប្រាំពីរក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តក្រចេះ។

កូនផ្សោតកើតថ្មី និងកំណើនចំនួនសត្វផ្សោតជាលទ្ធផល ដែលឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង អង្គការ WWF-កម្ពុជា សហគមន៍ និងដៃគូពាក់ព័ន្ធនានា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;