សម្ដេច ហ៊ុន សែន ស្នើឲ្យក្រុមហ៊ុន Smart ផ្ដល់សេវាអ៊ីនធឺណិតតាមសាលារៀន និងមន្ទីរពេទ្យ
- 2019-12-17 06:39:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ហ៊ុន សែន ស្នើឲ្យក្រុមហ៊ុន Smart ផ្ដល់សេវាអ៊ីនធឺណិតតាមសាលារៀន និងមន្ទីរពេទ្យ
ចន្លោះមិនឃើញ
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសុំឲ្យក្រុមហ៊ុន Smart Axiata ពិចារណាក្នុងការជួយផ្តល់នូវសេវា Internet ដល់សាលារៀន រួមទាំងសាកលវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងនៅតាមបណ្ណាល័យជាដើម និងមន្ទីរពេទ្យ ដើម្បីធ្វើយ៉ាងណាឲ្យគ្រូបង្រៀន និស្សិត និងសិស្សានុសិស្សមានឱកាសប្រើប្រាស់បច្ចេកវិទ្យាតាម Internet ដើម្បីបង្កើនការសិក្សាស្រាវជ្រាវពង្រីកចំណេះវិជ្ជាដើម្បីពង្រឹងគុណភាព និងសមត្ថភាពធនធានមនុស្សឲ្យកាន់តែរីកចម្រើន។ ការលើកស្នើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្ដេច និងលោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ប្រធានក្រុមហ៊ុន Axiata Group Berhad នៅថ្ងៃទី១៧ ខែធ្នូ នេះ នៅវិមានសន្តិភាព។
ជាការឆ្លើយតប លោក TAN SRI ប្រធានក្រុមហ៊ុន Smart Axiata បានបញ្ជាក់ថាក្រុមហ៊ុននឹងបន្តពង្រីកវិសាលភាពរបស់ក្រុមហ៊ុនបន្តទៀតដែលនឹងគ្របដណ្ដប់ទៅតាមទីជនបទនៅទូទាំងប្រទេស។
លោក TAN SRI ក៏បានគោរពជម្រាបជូនសម្តេចថា ក្រុមហ៊ុន Smart Axiata បានបោះទុកវិនិយោគនៅកម្ពុជាអស់ប្រមាណ ១ ៤០០ លានដុល្លារអាមេរិកហើយ ហើយក្រុមហ៊ុនកំពុងមានគម្រោងវិនិយោគបង្កើតបន្ថែមទៀតគឺការវិនិយោគលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធល្បឿនលឿន 5G ផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុន Smart Axiata គឺមិនត្រឹមតែដើម្បីរកផលចំណេញនោះទេ ប៉ុន្តែគឺមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសង្គមជាតិកម្ពុជាផងដែរ។ ដូចជា វិស័យអប់រំ វិស័យសុខាភិបាលក៏ដូចជាវិស័យបរិស្ថាន និងកីឡាផងដែរ៕