ពីតារាកូរ៉េលេខ ១ ក្លាយជាមនុស្សដែលជនជាតិកូរ៉េស្អប់ខ្លាំងបំផុត
- 2019-12-18 07:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីតារាកូរ៉េលេខ ១ ក្លាយជាមនុស្សដែលជនជាតិកូរ៉េស្អប់ខ្លាំងបំផុត
ចន្លោះមិនឃើញ
Yoo Seung-Jun កើតនៅប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៧៦ ប៉ុន្តែរូបគេ និងក្រុមគ្រួសារបានផ្លាស់ទៅនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក នាឆ្នាំ ១៩៨៩។ Seung-Jun បាននិយាយថាមានចិត្តចង់ក្លាយជាតារា ក្រោយពីមានតារាកូរ៉េម្នាក់បានឆក់យក Crush របស់ខ្លួននៅទីក្រុង Los Angeles។
Seung-Jun បានតាំងចិត្តរៀនរាំ រៀនច្រៀងដោយខ្លួនឯង និងបានផ្ញើវីដេអូសម្ដែងរបស់ខ្លួនទៅប្រទេសកូរ៉េខាងត្បូងជាញឹកញយ។ នៅឆ្នាំ ១៩៩៦ រូបគេ ត្រូវបានផលិតកម្មកូរ៉េមួយចាប់អារម្មណ៍ ឲ្យប្រឡូកជាតារាចម្រៀងទោលម្នាក់ ហើយ Seung-Jun ក៏ចាប់យកឱកាសនេះភ្លាមៗ។
Seung-Jun មានទេពកោសល្យខ្លាំង ដល់ថ្នាក់ខាងផលិតកម្មសម្រេចឲ្យរូបគេប្រឡូកជាផ្លូវការ ពេលទៅដល់កូរ៉េបានត្រឹម ៣ ខែ។ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩៩៧ Seung-Jun បានបញ្ចេញអាល់ប៊ុមដំបូង ជាមួយបទ Debut ចំណងជើងថា "Gaui”។ ភ្លាមៗនោះរូបគេទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ពលរដ្ឋកូរ៉េ ហើយចាប់ពីឆ្នាំ ១៩៩៧ ដល់ ២០០១ ជារៀងរាល់ឆ្នាំបទចម្រៀងដែល Seung-Jun បញ្ចេញសុទ្ធតែទទួលបានជោគជ័យខ្លាំង និងលក់ដាច់បានច្រើន។
ក្រៅពីចំណុចដែលមានទេពកោសល្យខាងផ្នែកសិល្បៈ Seung-Jun ក៏ជាតារាម្នាក់មានអត្តចរិតល្អបំផុត និងមិនធ្លាប់ផ្ទុះរឿងអាស្រូវនោះទេ។ Seung-Jun បានផ្លាស់ប្ដូរការយល់ឃើញរបស់ពលរដ្ឋកូរ៉េ ដែលយល់ថាជនជាតិកូរ៉េ-កាត់អាមេរិក ជាប្រភេទមនុស្សចូលចិត្តបង្ករឿង និងស័ក្ដិសមនឹងសង្គមកូរ៉េ។
យ៉ាងណាមិញអ្វីដែលធ្វើឲ្យអ្នកគាំទ្ររបស់ Seung-Jun ខូចចិត្តខ្លាំង គឺពេលដែលរូបគេប្រកាសនៅតាមទូរទស្សន៍នាឆ្នាំ ២០០១ ថានឹងចូលបម្រើកងទ័ព។ Seung-Jun ត្រូវចូលបម្រើទ័ពនាខែមករា ឆ្នាំ ២០០២។ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០០១ រូបគេទទួលបានសិទ្ធចាកចេញពីប្រទេសដ៏ពិសេសមួយ ក្រោមហេតុផលថាត្រូវទៅសម្ដែងនៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ មុនចាកចេញ Seung-Jun បានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលថានឹងត្រឡប់មកវិញភ្លាមៗ ពេលដែលចប់ការងារ។
ប៉ុន្តែពេលវិលត្រឡប់មកវិញ គឺ Seung-Jun មិនមែនមានឈ្មោះថា Seung-Jun ទៀតនោះទេ ដោយប្ដូរឈ្មោះទៅជា Stephen Yoo វិញ។ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០០២ រូបគេបានបោះបង់សញ្ជាតិកូរ៉េខាងត្បូងជាផ្លូវការ និងក្លាយជាជនជាតិអាមេរិកវិញ។ ការបោះបង់សញ្ជាតិកូរ៉េនេះ ដោយសារ Seung-Jun ព្រួយបារម្ភថានឹងបាត់បង់ប្រជាប្រិយភាព ពេលត្រូវចូលបម្រើទ័ពរហូតដល់ ៣ ឆ្នាំ។ ប៉ុន្តែរូបគេមិនបានដឹងទេថា ការសម្រេចចិត្តនេះគឺប្រៀបបានសម្លាប់អាជីពរបស់ខ្លួនចោលអ៊ីចឹង។
ក្រោយពីដំណឹងដែល Seung-Jun ទទួលយកសញ្ជាតិអាមេរិកលេចធ្លាយ សាធារណជនទាល់គំនិត ព្រោះថាតារាដ៏ល្អម្នាក់ ជានិមិត្តរូបរបស់អ្នកគាំទ្រជាច្រើន បានល្មើសនឹងរឿងមួយដែលប្រជាជនកូរ៉េចាត់ទុកថាជារឿងធំដុំបំផុត។ វាជាទង្វើក្បត់ដ៏ធ្ងន់ធ្ងរមួយ ហើយ Seung-Jun ក៏បានក្លាយទៅជាតារាដែលមហាជនស្អប់ខ្លាំងជាងគេ។
រដ្ឋបាលកងកម្លាំងយោធាដែលមានតួនាទីចាត់ចែងលើការចូលបម្រើទ័ពរបស់កូរ៉េ បានសម្ដែងអារម្មណ៍ខឹងក្រោធ និងអនុម័តការហាមឃាត់ Seung-Jun មិនឲ្យចូលប្រទេសកូរ៉េខាងត្បូង។ ត្បិតថាមានការហាមឃាត់នេះ ប៉ុន្តែនៅថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០០២ Seung-Jun បានធ្វើដំណើរទៅកូរ៉េខាងត្បូង ដោយមានគោលបំណងធ្វើសន្និសីទកាសែតបកស្រាយពីហេតុផល។ យ៉ាងណាក្ដីដោយសារមានការហាមឃាត់នេះ រូបគេត្រូវបានឃាត់នៅព្រលានយន្តហោះរយៈពេល ៦ ម៉ោង និងមិនឲ្យចូលកូរ៉េខាងត្បូងបាននោះទេ។
ក្រោយរឿងហេតុនេះ Seung-Jun បានស្ងប់ស្ងាត់អស់ប៉ុន្មានឆ្នាំ ហើយបានបន្តលើការបញ្ចេញចម្រៀង និងការសម្ដែងនៅប្រទេសចិនវិញម្ដង ចាប់ពីអំឡុងឆ្នាំ ២០០៨ ដោយបានចុះកុងត្រា ១៥ ឆ្នាំ ជាមួយផលិតកម្មរបស់ Jackie Chan។
Seung-Jun បានព្យាយាមចង់វិលត្រឡប់ទៅកូរ៉េខាងត្បូង ចាប់ពីឆ្នាំ ២០១៥ ពេលដែលគេបញ្ចេញវីដេអូសុំទោស និងបកស្រាយអំពីការគេចវេះពីការចូលបម្រើទ័ពនៅក្នុងឆ្នាំ ២០០២។ Seung-Jun សន្យាថានឹងធ្វើគ្រប់យ៉ាង ហើយនិងទទួលយកលក្ខខណ្ឌគ្រប់ប្រភេទ ដើម្បីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលកូរ៉េក្នុងការចូលប្រទេសកំណើតវិញ។
ដើម្បីបានចូលប្រទេសវិញនៅអំឡុងឆ្នាំ ២០១៥ ដល់ ២០១៧ Seung-Jun ក៏បានសាកល្បងដាក់ពាក្យប្ដឹងផងដែរ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកូរ៉េដែលហាមឃាត់ខ្លួន ប៉ុន្តែត្រូវបានចាញ់ក្ដីចំនួនពីរលើក។ នៅថ្ងៃទី ១១ កក្កដា ឆ្នាំ ២០១៩ តុលាការកំពូលកូរ៉េ បានបញ្ជូនសំណុំរឿងរបស់ Seung-Jun ដែលបានបិទកាលពីឆ្នាំ ២០១៧ ត្រឡប់ទៅឲ្យតុលាការជាន់ខ្ពស់ក្រុងសេអ៊ូល ឲ្យធ្វើការសើរើរឿងក្ដីនេះសាឡើងវិញ៕