សមាជច្របាច់បញ្ចូលគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ត្រូវលើកពេល
- 2019-12-20 06:46:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជច្របាច់បញ្ចូលគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ត្រូវលើកពេល
ចន្លោះមិនឃើញ
សមាជច្របាច់បញ្ចូលគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិ របស់លោកញឹក ប៊ុនឆៃ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះត្រូវបានលើកពេលហើយ ដោយមិនទាន់បានកំណត់ពេលវេលាជាក់លាក់។ ការលើកពេលនេះ ស្របពេលដែលក្រសួងមហាផ្ទៃ បានឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ផ្អាកការធ្វើសមាជវិសាមញ្ញនៅថ្ងៃទី២៣ ខែធ្នូ ផងដែរ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ខ្លីៗ កាលពីថ្ងៃទី១៩ ខែធ្នូ ថា តាមអ្វីដែលក្រុមការងារគណបក្សទាំងពីរបានធ្វើការជាមួយគ្នា ដើម្បីរៀបចំចំណុចសំខាន់ៗមួយចំនួនដូចជា គោលនយោបាយ លក្ខន្តិកៈ បទបញ្ជាផ្ទៃ ដើម្បីឈានទៅដល់ការធ្វើសមាជច្របាច់បញ្ចូលគ្នា និងបានឯកភាពគ្នាថា យកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នឹងធ្វើសមាជបញ្ចូលគ្នារវាងគណបក្សទាំងពីរ។ តែកាលពីសប្តាហ៍មុនគណបក្សហ៊្វុនស៊ិនប៉ិច បានជូនដំណឹងមកថា នៅថ្ងៃទី២៣ ខែធ្នូ មិនបានធ្វើសមាជរួមបញ្ចូលគ្នាទេ គឺគណបក្សហ៊្វុនស៊ិនប៉ិច នឹងធ្វើសមាជតែម្នាក់ឯងនៅថ្ងៃទី២៣ ខែធ្នូ ដើម្បីឲ្យស្របទៅតាមលក្ខន្តិកៈរបស់គណបក្សគេ។
លោកបន្តថា “ខ្ញុំជឿថា ការរួបរួមគ្នានេះ គឺជាការល្អ យើងមានកម្លាំងទាំងសង្ខាង ហើយបូកបញ្ចូលគ្នាទៅ ឃើញថា កម្លាំងវាធំហើយ បើយើងរួមបញ្ចូលគ្នាទៅវាអាចធំ នឹងអាចធ្វើឲ្យសម្លេងអ្នកផ្សេងៗមកចូលរួមជាមួយ។ ហើយគោលជំហរខាងខ្ញុំនៅតែរក្សាការរួបរួមដដែល”។
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង បានធ្វើលិខិតទូលថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ថា ក្រសួងមហាផ្ទៃ បានទទួលនូវលិខិតជូនដំណឹងស្តីពីការរៀបចំធ្វើសមាជវិសាមញ្ញរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។
ពាក់ព័ន្ធនឹងករណ៏នេះ ក្រសួងមហាផ្ទៃស្នើឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ពន្យារពេលនៃការរៀបចំធ្វើសមាជវិសាមញ្ញរបស់គណបក្សជាបណ្តោះអាសន្នសិនរហូតដល់គណបក្សបានសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គណបក្សចប់សព្វគ្រប់ជាមុនសិន។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ស្នើសុំឲ្យគណបក្សត្រូវអនុវត្តតាមប្រការ២៤ នៃលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ១៥២៥ សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ៕