ឧកញ៉ា ឡេង ណាវ៉ាត្រា នឹងបើកផ្សារទំនើបជួយទិញកសិផលធម្មជាតិរបស់កសិករខ្មែរ
- 2019-12-28 08:15:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា ឡេង ណាវ៉ាត្រា នឹងបើកផ្សារទំនើបជួយទិញកសិផលធម្មជាតិរបស់កសិករខ្មែរ
ចន្លោះមិនឃើញ
បន្ទាប់ពីឃើញទុក្ខលំបាករបស់ប្រជាកសិករខ្មែរ លើបញ្ហាពិបាករកទីផ្សារលក់កសិផល ឬតម្លៃថោកពេក ឥឡូវឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហើបគម្រោងធំមួយ ដោយគ្រោងនឹងបើកផ្សារទំនើបកសិផលធម្មជាតិដំបូងគេនៅកម្ពុជា ដោយធានាទិញបន្លែគុណភាពល្អរបស់កសិករទាំងអស់។
គម្រោងនេះបានលេចមក បន្ទាប់រយៈពេលថ្មីៗនេះ គេឃើញបងប្អូនកសិករខ្មែរមួយចំនួន បានជួបទុក្ខលំបាក ក្រោយពីខិតខំដាំដុះ និងថែទាំរហូតដល់បានផលល្អ ប៉ុន្តែបែរជាគ្មានទីផ្សារ ហើយបើមានក៏តម្លៃទាបហួស រហូតដល់កសិករបង្ខំចិត្តដកចោល ឬទុកអោយខូចចោលតែម្ដង។ ប៉ុន្តែយ៉ាងណា តាមឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហើប គឺលោកបានគិតអំពីគម្រោង ជួយកសិករខ្មែរនេះយូរហើយ ប៉ុន្តែអ្វីៗបានដើរដល់ចំណុចចុងក្រោយបង្អស់នៃគម្រោងដោយគាប់ជួននាពេលនេះតែម្ដង។
ឧកញ៉ា ថា បច្ចុប្បន្នគម្រោងនេះបាន និងកំពុងដំណើរការហើយ ដោយក្រុមការងាររបស់លោកឧកញ៉ា កំពុងមមាញឹកក្នុងរៀបចំ ដេគ័រផ្សារទំនើបនេះ ក្នុងនោះ យូរបំផុត គឺប្រមាណជា ២ខែទៀតប៉ុណ្ណោះ ផ្សារដែលជាក្ដីសង្ឃឹមកសិករខ្មែរនឹងអាចដំណើរការបានហើយ។ ចំពោះទីតាំង អតីតពលករខ្មែរនៅកូរ៉េរូបនេះ ប្រាប់ថា ផ្សារទំនើបកសិផលធម្មជាតិរបស់លោក មានទីតាំងកណ្ដាលនៅ Olympia ដោយគ្រោងនឹងបើកឆាប់ៗខាងមុខ។ តាមគម្រោងលោក ឧកញ៉ា គ្រោងនឹងពង្រីកដល់ ២៥០ សាខាឯណោះ ក្នុងទីក្រុងភ្នំពេញ។
"ក្រុមនិស្សិតមកពីបរទេសដែលស្ថិតក្នុងក្រុមការងារខ្ញុំ បានចុះទៅជួប និងធ្វើកុងត្រាជាមួយបងប្អូនកសិករយើងបានច្រើយហើយ ហើយខ្ញុំទិញតែ កសិផលរបស់កសិករខ្មែរតែប៉ុណ្ណោះយកមកលក់។ អីចឹងហើយ ខ្ញុំសូមអោយបងប្អូនកសិករទាំងអស់ ផលិតផលកសិកម្មផ្ដោតទៅលើគុណភាព សុខភាពជាចំបង ទើបខាងផ្សាររបស់ខ្ញុំទទួលទិញយក! ដែលបន្លែទាំងនោះ ត្រូវតែឆ្លងកាត់កាត្រួតពិនិត្យ ពីអង្គការ និងស្ថាប័នពាក់ព័ន្ធជាមុន ដើម្បីធានាភាពត្រឹមត្រូវនៃគុណភាពបន្លែ”។
ទន្ទឹមនឹងគម្រោងដ៏ធំនេះជិតដំណើរការ ឧកញ៉ា ណាវ៉ាត្រា បញ្ជាក់ថា នៅពេលនេះ លោកត្រូវការជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម ៤០០ នាក់ ក្នុងផ្ដល់អាទិភាពឲ្យនិស្សិតកសិកម្ម ឬអ្នកដែលចូលចិត្តកសិកម្មតែម្ដង។ ចំណុចពិសេសមួយ បេក្ខជនណាដែលពេលសម្ភាសន៍ជាប់ជាបុគ្គលិក ហើយ ពួកគេនឹងទទួលបានម៉ូតូ honda dream 2020 ម្នាក់មួយគ្រឿងតែម្ដង ដែលត្រូវចុះកុងត្រាជាមួយគម្រោងផ្សាររបស់លោករយៈពេលវែង។
សម្រាប់ អ្នកដែលមានបំណងដាក់ពាក្យសូមទាក់ទងមកលេខទូរសព្ទ ០៦៦ ៤៤៤ ៤៤៤។ " ខ្ញុំបាទ ឡេង ណាវ៉ាត់ត្រា សូមគោរពស្នើសុំទៅ ស្ថាប័ន ក្រសួងពាក់ព័ន្ធ មេត្តា ជួយសម្របសម្រួលខ្ញុំបាទនេះផង ដើម្បីមានភាពងាយស្រួល នឹងទទួលបានជោគជ័យលើគម្រោងជួយកសិករខ្មែរយើងនាពេលនេះ"។
លោក ឧកញ៉ា បន្ថែមថា សម្រាប់ក្រុមហ៊ុនផ្សេង ឬ បងប្អូនដែលមានបំណងចង់ចូលរួម នៅលើគម្រោងនេះដែរ ឬមានចំណេះដឹងអ្វីបន្ថែម អាចទាក់ទងមកលេខខាងលើដើម្បីពិភាក្សា ដាក់គោលដៅបន្ថែម ដើម្បីឱ្យ ផ្សារទំនើបកសិផល នេះទទួលបានភាពជោគជ័យ ពិតប្រាកដសម្រាប់ ការទទួលទិញពីបងប្អូន កសិករ ។
"ជាពិសេសនោះ ស្នើបងប្អូន ទាំងអស់មេត្តា ជួយគាំទ្រ ផលិតផលកសិផលធម្មជាតិ ទើបផ្សារទំនើបនេះ អាចឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យបាន ព្រោះផ្សារទំនើបកសិផលនេះប្រឈមមុខនឹងការខាតខ្លាំងបំផុត តែយ៉ាងណា ខ្ញុំប្ដេជ្ញាចិត្ត ថានឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព"។ ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ថែម៕