កម្ពុជា ទទួល​បាន​កម្ចីជាង ១២០លាន​ដុល្លារ​ពីបារាំង

  • 2019-12-31 02:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Ophelie BOURHIS នាយក​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ប្រចាំ​នៅកម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ចំនួន២ ដែលមាន​ទឹកប្រាក់​សរុប ១១៨លានអឺរ៉ូ (ជាង ១២១,៣២លានដុល្លារអាមេរិក)។

កិច្ចព្រមព្រៀង​ទាំង២នេះ មាន​ដូចខាងក្រោម៖

១. ឥណទាន​សម្បទានចំនួន ១០០លានអឺរ៉ូ (ប្រមាណ​ជាង ១០១,៤លានដុល្លារ) សម្រាប់​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្មទឹកស្អាត​បាក់ខែង ដំណាក់កាលទី២៖ សម្រាប់​អនុវត្ត​គម្រោង​នេះ​បន្ត​ពី​គម្រោង​ជំហានទី១ មាន​ទិសដៅ៖ ១. សាងសង់​ស្ថានីយ៍​បូមទឹក ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន ១៩៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ២. បំពាក់​បំពង់មេ​នាំទឹកស្អាត, បំពង់ចែកចាយ និង​សម្ភារៈ​តភ្ជាប់​បំពង់ និង​៣. ត្រួតពិនិត្យ​ការងារ​សាងសង់ និង​គាំទ្រ​ដល់ការ​ពង្រឹង​សមត្ថភាព​មន្រ្តី​របស់​រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ​លើការងារ​លទ្ធកម្ម និងដំឡើង​បណ្តាញ​ចែកចាយ​ទឹក។

២. ឥណទាន​សម្បទាន​ចំនួន១៨លានអឺរ៉ូ (ប្រមាណ​ជា ១៩,៩២ លានដុល្លារអាមេរិក) សម្រាប់​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការ​ប្រកួត​ប្រជែង៖ សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការ​ប្រកួត​ប្រជែង ដែលមាន​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាភ្នាក់ងារ​ប្រតិបត្តិ​គម្រោង ហើយ​ក្រសួង​អប់រំ យុវជន និងកីឡា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាភ្នាក់ងារ​អនុវត្ត​គម្រោង។ គម្រោង​នេះ មាន​ទិសដៅ៖ ១. កែលម្អ និង​លើក​កម្ពស់​គុណភាព​នៃការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​ក្រោយ​មធ្យម​សិក្សា។ ២. លើកកម្ពស់​ការសិក្សា​ផង និងធ្វើការ​ផង តាម​បណ្តា​ឧស្សាហកម្មនានា និង​ទី៣. ពង្រឹង​យន្តការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ឱ្យប្រកបដោយ​នវានុវត្តន៍៕

អត្ថបទ និងរូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អត្ថបទថ្មី
;