តោះ! មកស្គាល់របៀបឆ្លងឆ្នាំតាមបែបអ្នកនៅផ្ទះ ធានាថាសប្បាយហើយមានន័យទៀត
- 2019-12-31 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកស្គាល់របៀបឆ្លងឆ្នាំតាមបែបអ្នកនៅផ្ទះ ធានាថាសប្បាយហើយមានន័យទៀត
ចន្លោះមិនឃើញ
អ្នកណាថាទាល់តែទៅក្រៅឆ្លងឆ្នាំទើបសប្បាយរីករាយនោះ? តាមពិតអ្នកនៅផ្ទះក៏អាចរាប់ថយក្រោយយ៉ាងមានន័យដែរ ឱ្យតែចេះបង្កើតបរិយាកាសល្អៗ និង សប្បាយៗឱ្យខ្លួនឯង និងក្រុមគ្រួសារ។ ក្នុងរាត្រីឆ្លងឆ្នាំដ៏ពិសេសនេះ មនុស្សភាគច្រើនជ្រើសរើសការធ្វើដំណើរទៅក្រៅប្រទេស ទៅតាមខេត្ត ឬ រមណីយដ្ឋាននានាដើម្បីធ្វើការរាប់ថយក្រោយជាមួយក្រុបគ្រួសារ ឬ មនុស្សជាទីស្រឡាញ់។ យ៉ាងណាមិញ រូបភាពទាំងអស់នេះហើយធ្វើឱ្យអ្នកដែលគាត់មិនបានធ្វើដំណើរទៅក្រៅមានការអាក់អន់ស្រពន់ចិត្តជាខ្លាំង ដែលគ្មានឱកាសបានអបអរពិធីចូលឆ្នាំសកលនឹងគេ។ ដូចនេះហើយ អស់បារម្ភហើយសម្រាប់អ្នកនៅផ្ទះ អ្នកត្រូវគិតផ្លូវវិជ្ជមាន ហើយសាកល្បងមកធ្វើរឿងសប្បាយៗទាំងនេះជាមួយគ្នា៖
ការញុំាអាហារជាមួយគ្រួសារ ស្តាប់ទៅដូចធម្មតា តែវាមានអត្ថន័យយ៉ាងខ្លាំងព្រោះនៅក្នុងថ្ងៃពិសេសមួយ អ្នកអាចមានឱកាសប្រារព្ធវាជាមួយមនុស្សជាទីស្រឡាញ់និងមានន័យបំផុតក្នុងជីវិតអ្នក។ អ្នកអាចហៅសមាជិកគ្រួសារ និង សាច់ញាតិរបស់អ្នកមកពិសារអាហាររួមគ្នា ដែលក្នុងនោះអ្នកអាចបន្ថែមជាមួយធុងបាសនិងបទចម្រៀងបែបញាក់ៗ កន្ត្រាក់អារម្មណ៍ទៀតនោះ វានឹងបង្កឱ្យបរិយាកាសកាន់តែមានភាពអ៊ូអរ និង សប្បាយរីករាយ។ លើសពីនេះទៀត អ្នកអាចដាក់វេនគ្នាឡើងច្រៀង ឬ រាំលេងកម្សាន្តលក្ខណៈគ្រួសារយ៉ាងហ៊ឹកហ៊ាក់ទៀតផង ដើម្បីញុំាងឱ្យរាត្រីឆ្លងឆ្នាំនេះកាន់តែរីករាយ។
២. បបួលមិត្តភក្តិមកគេងលេងឆ្លងឆ្នាំជាមួយគ្នា
បើអ្នកមិនបាននៅជាមួយក្រុមគ្រួសារទេ អ្នកអាចជ្រើសរើសវិធីបន្ទាប់នេះបាន។ ក្នុងរាត្រីពិសេសបែបនេះ បើមានគ្នាកំដរដល់ម៉ោង១២អាធ្រាត្រ មិនដឹងសប្បាយយ៉ាងណាទេ។ បើសិនជាអាច អ្នកគួរបបួលមិត្តភក្តិដែលអ្នកចង់ឆ្លងឆ្នាំជាមួយមករាប់ថយក្រោយជាមួយគ្នា ឬ អ្នកអាចទៅផ្ទះមិត្តរបស់អ្នកក៏បាន មានគ្នាកាន់តែច្រើនកាន់តែល្អ សំខាន់បាននិយាយគ្នាលេង លេងបៀរ លេងហ្គេម និង បង្កើតបរិយាកាសសប្បាយៗផ្សេងៗទៀតជាមួយគ្នា រួចក៏រាប់ថយក្រោយជាមួយគ្នាយ៉ាងមានន័យ។
៣. រំលឹកដល់អនុស្សាវរីយល្អៗ
អ្នកអាចចូលទៅប្រអប់ផ្ទុករូបថតក្នុងទូរសព្ទអ្នកហើយជ្រើសរើសរូបប៉ុន្មានសន្លឹកដែលអ្នកពេញចិត្តជាងគេ យកទៅបង្ហោះក្នុងគណនីបណ្តាញសង្គមរបស់អ្នក ហើយភ្ជាប់ជាមួយសារខ្លីៗដែលរ៉ាយរ៉ាប់នូវការចងចាំល្អៗ មនុស្សល្អៗ និងទីកន្លែងស្អាតៗ ដែលនៅក្នុងរូបទាំងនោះ។ វិធីនេះហាក់បីដូច ការចែករំលែកនូវអនុស្សាវរីយល្អៗ និង ការសង្ខេបនៃឆ្នាំចាស់របស់អ្នកទៅកាន់មិត្តភក្តិ បងប្អូន និង អ្នកស្គាល់គ្នាឱ្យបានដឹង។
៤. សរសេរ ឬ និយាយរឿងក្នុងចិត្តមុនម៉ោង១២ឈានមកដល់
ការសរសេររឿងក្នុងចិត្តនេះ មានន័យថា អ្នកអាចសរសេររៀបរាប់រឿងដែលអ្នកពេញចិត្ត និង មិនពេញចិត្ត ឬ រឿងល្អ និង មិនល្អក្នុងឆ្នាំចាស់ឱ្យអស់ទៅលើសៀវភៅកំណត់ហេតុ ឬ អ្នកអាចវាយរៀបរាប់នៅក្នុងកុំព្យូទ័រ ឬ ទូរសព្ទដៃរបស់អ្នកទុកជាអនុស្សាវរីយ និង ជាការចងចាំមួយនៅក្នុងឆាកជីវិត ថានៅក្នុងឆ្នាំមួយនោះ មានរឿងល្អ អាក្រក់អ្វីបានកើតឡើងខ្លះ ហើយអ្នកបានធ្វើអ្វីខ្លះដើម្បីគ្រប់គ្រងនូវគ្រប់រឿងរ៉ាវទាំងឡាយ។ វិធីមួយទៀត អ្នកអាចបញ្ចេញនូវអារម្មណ៍ដែលអ្នកមានចំពោះឆ្នាំចាស់នោះបានទៅកាន់មនុស្សជាទីស្រឡាញ់ ឬ មនុស្សដែលអ្នកទុកចិត្តបំផុត។ លើសពីនេះ អ្នកក៏អាចថតជាវីដេអូឃ្លីបនិយាយរឿងក្នុងចិត្តអ្នកនោះ សម្រាប់ទុកមើលនៅពេលក្រោយ។ ការធ្វើបែបនេះ គឺជាវិធីបន្ធូរអារម្មណ៍មួយយ៉ាងល្អសម្រាប់គ្រប់យ៉ាងដែលកើតមានក្នុងឆ្នាំចាស់ ហើយជាការដាក់សតិខ្លួនឯងយ៉ាងល្អក្នុងការត្រៀមខ្លួនដើម្បីទទួលឆ្នាំថ្មីជាមួយនឹងអារម្មណ៍ថ្មីស្រឡាងតែម្តង៕
អានបន្ត៖ ចាត់ចែងគោលដៅជីវិតដោយចាប់ផ្តើមរឿង៦យ៉ាងក្នុងឆ្នាំថ្មី ដើម្បីជីវិតកាន់តែប្រសើរ