តាចេក ត្រូវ​រថយន្ត​ធំ​បើក​កៀរ​អោយ​ដួល​ម៉ូតូ គ្រា​ជិះ​ទៅ​ចូល​រួម​បុណ្យ​សព​នាយ "ស្មាញ"

  • 2020-01-02 03:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ព័ត៌មាន​ដែល​បញ្ចេញ​ដោយ​លោក​ទំព័រ "សិល្បករ​កម្ពុជា" របស់​លោក អ៊ឹម ជីវ៉ា បាន​ឲ្យ​ដឹង​ថា តា​ចេក​ អតីត​តារា​កំប្លែង​ក្នុង​ក្រុម​នាយ កុយ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្នាក់​ទៀត ក្រោយ​ពី​លោក​ត្រូវ​ឡាន​ធំ​មួយ​គ្រឿង​បើក​លឿន​ហើយ​កៀរ​លោក​ឲ្យ​ដួល។

តាម​លោក អ៊ឹម ជីវ៉ា បាន​ឲ្យ​ដឹង​ថា មុន​ពេល​ជួប​គ្រោះ តាចេក បាន​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​(សង្ស័យ​ជា​ភរិយា)ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម ក្នុង​គោល​បំណង​មក​ចូល​រួម​បុណ្យ​សព​របស់​នាយ ស្មាញ ដែល​បាន​បាត់បង់​ជីវិត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ ៦០ម៉ែត្រ កាល​ពី​សប្ដាហ៍​មុន។ ប៉ុន្តែ​មិន​ទាន់​បាន​ដល់​គោលដៅ​ផង លោក ក៏​បាន​ជួប​គ្រោះ​ថ្នាក់​ខ្លួន​ឯង។

តាម​សារ​របស់​លោក ជីវ៉ា តាចេក ត្រូវ​រថយន្ត​ធំ​មួយ​គ្រឿង​ដែល​បើក​ក្នុង​ល្បឿន​លឿន​បាន​កៀរ​ម៉ូតូ​របស់​តាចេក​ឲ្យ​ទៅ​កៀន ហើយ​បាន​បុក​នឹង​ពំនូក​ថ្មី​បណ្ដាល​ឲ្យ​ដួល​តែ​ម្ដង។ គ្រោះ​ថ្នាក់​នេះ បាន​ធ្វើ​ឲ្យ​តារា​កំប្លែង​ជើង​ចាស់ រង​របួស​ស្រាល ដោយ​រលាត់​ដៃ​ជើង។ តែ​យ៉ាង​ណា ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​ទៅ​សរសេរ​សារ​ថ្លែង​ពី​ការ​អាណិត​របស់​ពួក​គេ​ចំពោះ​តា​ចេក ព្រោះ​ថា តារា​កំប្លែង​រូប​នេះ លោក​មាន​វ័យ​ជរា និង​មិន​សូវ​មាំទាំ​ឡើយ។

ក្រោយ​ពី​គ្រោះ​ថ្នាក់​នេះ តាចេក ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល។ ចំណុច​ល្អ​មួយ តាម​លោក អ៊ឹម ជីវ៉ា បាន​ឲ្យ​ដឹង​ថា តាចេក បាន​ជួប​នឹង​គ្រូ​ពេទ្យ​ចិត្ត​ធម៌​មួយ​រូប ហើយ​គ្រូ​ពេទ្យ​រូប​នេះ បាន​ផ្ដល់​ការ​ព្យាបាល​ដល់​តារា​កំប្លែង​វ័យ​ចំណាស់​ដោយ​មិន​គិត​ថ្លៃ​ឡើយ។

តាចេក គឺ​ជា​អតីត​តារា​កំប្លែង​ក្នុង​ក្រុម​នាយ​កុយ ប៉ុន្តែ​លោក​បាន​ឈប់​លេង​កំប្លែង​យូរ​មក​ហើយ ហើយ​គេ​បាន​ឃើញ​លោក​បាន​ទៅ​ប្រកប​របរ​លក់​ដូរ​ទឹក​សុទ្ធ​ជា​ដើម​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤។ ប៉ុន្តែ​ម្ដង​ម្កាល​លោក​តែង​លេច​មុខ ពេល​មិត្ត​រួម​អាជីព​របស់​លោក​មាន​បញ្ហា។ ជាក់​ស្ដែង គ្រា​ដែល​មិត្ត​រួម​ក្រុម​របស់​លោក គឺ​លោក សានម៉ៅ មរណភាព​កាល​ពី​ចុង​ឆ្នាំ ២០១៩ នោះ តាចេក ក៏​បាន​ធ្វើ​ដំណើរ​ពី​ឆ្ងាយ​ដោយ​ម៉ូតូ ដើម្បី​មក​ចូល​រួម​បុណ្យ​សព​មិត្តភ័ក្ដិ​ដែរ៕

រូបភាព៖ ទំព័រ​សិល្បករ​កម្ពុជា

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;