ប្រធានរដ្ឋសភាកម្ពុជា នឹង​​ទៅ​ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅអូស្រា្តលី

  • 2020-01-08 04:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅទីក្រុងកង់បេរ៉ា ប្រទេស​អូស្ត្រាលី ដែលកិច្ចប្រជុំនឹងដំណើរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា ការអញ្ជើញចូលរួមកិច្ចប្រជុំ APPF របស់​សម្តេច​ប្រធាន​រដ្ឋសភានាឱកាសនេះ តបតាមការអញ្ជើញរបស់ប្រធានស្ថាប័ននីតិប្បញ្ញត្តិប្រទេសអូស្រ្តាលី។ សម្តេច ហេង សំរិន នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ ក្នុងនាមសម្តេច ធ្លាប់​ជាប្រធាន APPF លើកទី២៧ កាលពីដើមឆ្នាំ២០១៩ នៅ​ពេល​ដែល​សភា​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧។ ជាមួយគ្នានេះ សម្តេច​ក៏​នឹង​អញ្ជើញ​ឡើង​ថ្លែង​បទ អន្តរាគមន៍ចែករំលែកបទពិសោធន៍ពីការដឹកនាំនិងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការប្រតិបត្តិ ផងដែរ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីត​នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មាន​គោល​បំណង​ប្រមូល​ផ្តុំ​សភា​ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។ អង្គការ​សភា​មួយនេះ មានសមាជិក ២៧​ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែល​ហ្សឺឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋ​អាមេរិក អេក្វាឌ័រ កូស្តារីការ។

សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៩៥ និង​បាន​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ប្រចំាឆ្នាំ APPF លើកទី២៧ កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ កំឡុង​ពេល​ចូលរួមកិច្ចប្រជុំ ក្នុងប្រទេសអូស្រ្តាលីនេះ សម្តេចប្រធានរដ្ឋសភា គ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីប្រធានរដ្ឋសភាប្រទេសអូស្រា្តលី និង​ទទួល​ជូប​សវនាការ​ជាមួយ​ថ្នាក់​ដឹកនាំ​សភា​ប្រទេស​ជាមិត្ត​មួយចំនូនទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ច​សហប្រតិបត្តិការ​វិស័យ​ការ​ទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិទំាងក្របខ័ណ្ឌពហុភាគីនិងទ្វេភាគី។

ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំ តាមគណៈកម្មាធិការជាច្រើនរបស់ APPF ដែលមានដូចជា គណៈកម្មាធិការនយោបាយនិងសន្តិសុខ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការ​សមាជិកសភាស្រ្តី និងគណៈកម្មាធិការប្រកាសរួម គណៈកម្មា​ធិការ​សហ​ប្រតិបត្តិការ​តំបន់ជាដើម៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;