ហ៊ុយ យ៉ាឡេង រំពឹងយុវវ័យនាំអ្នកមានគុណ ទៅទស្សនាភាពយន្ត "ដើម្បីកូន"
- 2020-01-08 08:43:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុយ យ៉ាឡេង រំពឹងយុវវ័យនាំអ្នកមានគុណ ទៅទស្សនាភាពយន្ត "ដើម្បីកូន"
ចន្លោះមិនឃើញ
លោក ហ៊ុយ យ៉ាឡេង បាន និងកំពុងត្រៀមនាំយកខ្សែភាពយន្តជីវិតពិតរៀង "ដើម្បីកូន" ឡើងទៅលើរោងភាពយន្តនាដំណាច់ខែនេះ ស្របពេលដែលលោករំពឹងថា យុវវ័យនឹងជូនកាដូដល់អ្នកមានគុណ ដោយការនាំពួកគាត់មកទស្សនាភាពយន្តសម្រាំងពិសេសមួយនេះ។
អ្នកនិពន្ធ និងដឹកនាំរឿង ហ៊ុយ យ៉ាឡេង បានសម្រេចផលិតភាពយន្តរសជាតិថ្មីរបស់លោកក្នុងរង្វង់២០ឆ្នាំដោយនិយាយពីជីវិតតស៊ូ បង្កប់ដោយរសជាតិកម្សត់ហូរទឹកភ្នែក ស្របពេលដែលទីផ្សារនៅមិនទាន់ដាច់អាល័យរឿងប្រភេទ ខ្មោច កំប្លែងនៅឡើយ។ យ៉ាងណា លោកថា លោកសុខចិត្តឈានមុនគេ ក្នុងការទម្លាក់ភាពយន្តរសជាតិថ្មី ប្រភេទរឿងកម្សត់បែបនេះ។
លោក ហ៊ុយ យ៉ាឡេង បញ្ជាក់ថា លោកបានឃើញមានភាពខុសប្លែកខ្លះ ក្រោយពីលោកបង្ហោះ Poster នៅលើបណ្ដាញសង្គម ពោលគឺចំនួនអ្នក like និង Share ហាក់មានចំនួនតិចជាង កាលដែលលោកបង្ហោះពីរឿង ខ្មោច កំប្លែងកន្លងមក។ យ៉ាងណាលោកថា លោកនៅតែមានជំនឿថា ភាពយន្ត "ដើម្បីកូន" នឹងទទួលបានការឲ្យតម្លៃច្រើន ជាក់ស្ដែង នាយកដ្ឋានភាពយន្ត បានវាយតម្លៃរួចហើយថា ភាពយន្តរបស់លោកមួយនេះ មានគុណភាពល្អ។
សំខាន់ជាងនេះ លោកលើកឡើងថា លោកធ្វើរឿងនេះ ដើម្បីលម្អវិស័យសិល្បៈបន្ថែម និងចង់ឃើញទិដ្ឋភាពខ្លះ ដែលបានកើតមានក្នុងអតីតកាល។ លោកថា កាលពីជំនាន់ទសវត្សទី ៦០ មនុស្សម្នាច្រើនណាស់ ទាំងចាស់ទាំងក្មេងដឹកដៃគ្នាទៅមើលទៅមើលកុន ហើយលោកមានទឹកចិត្តមួយ ចង់ឲ្យទិដ្ឋភាពនោះកើតមាននៅក្នុងសម័យកាលនេះ។លោក បន្តថា មនុស្សសម័យនោះ គាំទ្រគ្រប់រសជាតិនៃភាពយន្តទាំងអស់ ទើបជាហេតុធ្វើឲ្យវិស័យភាពយន្តខ្មែរសម័យនោះ រីកចម្រើនខ្លាំង និងមានគ្រប់រសជាតិ។
វិលមកសម័យបច្ចុប្បន្ន យុវវ័យគឺជាអ្នកត្រួតត្រាទីផ្សារទាំងអស់ រាប់ទាំងភាពយន្ត ទើបភាពយន្ត កំប្លែង សើច មានច្រើនអនេក។ តែក៏មិនមានន័យថា អ៊ុំ ពូ មា មីង មិនចង់មកទស្សនាភាពយន្តដែរ ប៉ុន្តែអាចមកពីខ្វះភាពយន្តដែលពួកគាត់អាចមើលបាន ជាក់ស្ដែងរឿង "ទឹកចិត្តម្ដាយសម័យថ្មី" របស់អ្នកស្រី ពាន់ ភួងបុប្ផា កាលពីប៉ុន្មានឆ្នាំមុន បានបង្ហាញថា អ៊ុំ ពូ មា មីង ក៏ចង់មានពេលមកទស្សនាភាពយន្ត និងចង់ទស្សនារឿងដែលពួកគាត់អាចទស្សនាបានដែរ។
ដូច្នេះហើយ លោកនៅតែរំពឹងលើយុវវ័យ ពោលគឺសង្ឃឹមថា ពួកគេអាចជូនកាដូដល់អ្នកមានគុណ ដោយការជូនពួកគេគាត់មកទស្សនាភាពយន្តដែលត្រូវនឹងពួកគាត់នេះ។ "ខ្ញុំសង្ឃឹមថា យុវវ័យអាចនាំឪពុកម្ដាយគាត់មកទស្សនារឿង "ដើម្បីកូន" នេះ ទុកជាអំណោយពួកគាត់...ព្រោះខ្ញុំជឿថា ពួកគាត់ក៏ចង់មានពេលបែបនេះដែរ...ហើយក្រោយពីមើលហើយ ខ្ញុំជឿទៀតថា កូនៗនឹងកាន់តែស្រឡាញ់ឪពុកម្ដាយ ហើយឪពុកម្ដាយក៏រឹតតែស្រឡាញ់កូនវិញដែរ!”៕
រឿង "ដើម្បីកូន" បានកំណត់ថ្ងៃឡើងរោងកុន នៅចុងខែមករានេះ។ យ៉ាងម្សិលមិញ ភាពយន្តនេះ បានធ្វើពិធីប្រគល់ប្រាក់ ១០០០ដុល្លារដល់មូលនិធិគន្ធបុប្ផា ហើយការផ្ដល់ជូនបន្ថែម នឹងធ្វើនៅក្រោយការចាក់បញ្ចាំង។
"ឥឡូវនេះ ខ្ញុំប្រគល់ជូនមូលនិធិគន្ធបុប្ផា ១០០០ដុល្លារ ហើយនេះមិនមែនយកគន្ធបុប្ផាមកធ្វើពាណិជ្ជកម្មទេ ប៉ុន្តែវាជាបេះដូងរបស់ខ្ញុំ ដែល២០ឆ្នាំមកហើយក្នុងវិស័យកុន ខ្ញុំអត់បានធ្វើអ្វីជួយជាតិសោះ...ខ្ញុំឥឡូវអាយុច្រើនហើយ គិតថា ៥ឆ្នាំទៀត ខ្ញុំអាចនឹងសម្រាកពីកុន អីចឹងខ្ញុំគិតថា ល្មមដល់ពេលដែលគួរធ្វើកិច្ចការខ្លះជួយជាតិ ទើបខ្ញុំធ្វើរឿងឆ្លុះបង្ហាញពីសង្គមមួយនេះ។ ឥឡូវជូន ១ពាន់ដុល្លារសិន តែខ្ញុំនឹងកាត់ប្រាក់ចំណេញ ១០% ទៀត ទៅមូលនិធិគន្ធបុប្ផា បន្ថែមទៀតពេលក្រោយ"៕