ភរិយា​លោក​គួច ចំរើន ចូលរួម​សម្ដែង​របាំ​ព្រះរាជទ្រព្យ ដើម្បី​គោលបំណង​ធំ២

  • 2020-01-21 07:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី អ៊ូ​ ធីតាពៅ ភរិយាលោក គួច​ ចំរេីន​ អភិបាលខេត្ត​ ព្រះសីហនុ នឹង​ចូលរួម​សម្ដែង​ល្ខោនព្រះរាជទ្រព្យ រឿង​ "ព្រះអនុរុទ្ធនាងឱស្សា" ជា​សាធារណៈ នៅ​ថ្ងៃ​ទី២៧ ដល់ ២៩ ខែមីនា នៅ​សាល​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ។

លោកស្រីបាន​បញ្ជាក់ថា បច្ចុប្បន្ន​លោកស្រីកំពុង​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ដើម្បី​សាង​ប្រវត្តិសាស្រ្ដ​ថ្មីមួយ ក្រោយសម្តេចសម្តេចព្រះរាម នរោត្តមបុប្ផាទេវី យាងសោយទិវង្គត។

លោកស្រី អ៊ូ​ ធីតាពៅ (រូបភាពផ្ដល់ឲ្យ)
លោក​ស្រីបាន​ប្រាប់ Sabay ថា៖ "នេះជាស្នាដៃរៀបចំដំបូងបំផុតរបស់ខ្ញុំ ហើយខ្ញុំក៏រាំរបាំព្រះរាជទ្រព្យ លើកទី១ ដែរ។ តាមពិតទៅ ខ្ញុំបានផ្តួចផ្តើមគំនិតធ្វើរឿងនេះ តាំងពី​មុនសម្តេចព្រះរាមយាងសោយទិវង្គត ប្រហែល ២ខែមកម្ល៉េះ តែអកុសល សម្តេចព្រះរាម បានយាងសោយទិវង្គតមុន"។

ភរិយា​អភិបាលខេត្ត​ព្រះសីហនុ បាន​បន្ថែមថា ទោះ​រវល់​យ៉ាង​ណា លោកស្រីបាន​ហ្វឹកហាត់​ចំនួន ៦ដង​រួចមកហើយ និង​បន្ត​ហ្វឹកហាត់​ រហូត​ចេះចាំស្ទាត់ នៅ​មុន​ការ​សម្ដែង​មកដល់។

លោកស្រីបាន​បញ្ជាក់ថា ​កម្មវិធីនេះ ត្រូវ​បាន​រៀបចំ​ឡើង ក្នុង​គោលបំណង​ធំៗ​ចំនួន ២ គឺ​ទី១ ដើម្បី​លើកស្ទួយវប្បធម៌ខ្មែរ ផ្នែកសិល្បៈបូរាណ និង​ទី២ ដើម្បីរកថវិកា ​ជូនអ្នករបាំបុរាណក្រីក្រ ជូន​សាលារបាំបុរាណ និង​ជួយដល់នាយកដ្ឋានសិល្បៈ​បុរាណ​។

លោកស្រី អ៊ូ​ ធីតាពៅ បាន​បន្ថែម​ថា លោកស្រីនឹង​សម្ដែង​ហោមរោង នៅ​ថ្ងៃ​បើកឆាកតែមួយថ្ងៃគត់ គឺ​ថ្ងៃទី២៧ ខែមីនា។ ចំណែក​ថ្ងៃទី២៨ និង២៩ សំបុត្រ​នឹង​មាន​ដាក់​លក់ នា​ពេលឆាប់ៗ​ខាងមុខ។ លោកស្រីក៏បាន​ឲ្យដឹង​ដែរថា លោកស្រីនឹង​រាំ​របាំ​ព្រះរាជទ្រព្យ​ម្ដងទៀត នៅ​បុណ្យ​សមុទ្រ​ចុង​ឆ្នាំ២០២០ នេះ។

ជាចុងក្រោយ លោកស្រី បាន​ថ្លែង​អំណរ​គុណ​សម្រាប់​​ការគាំទ្រ និង​ទឹកចិត្តស្រលាញ់វប្បធម៌ខ្មែរ។ លោកស្រី ក៏​សូម​សំណូមពរ បងប្អូនប្រជាពលរដ្ឋខ្មែរ ជួយជ្រមជ្រែងលើកស្ទួយវប្បធម៌ខ្មែរ ថែរក្សាវប្បធម៌ដ៏ផូរផង់របស់ដូនតាខ្មែរ និង​ស្នើរ​ដល់សប្បុរសជនទាំងឡាយ ជួយកម្មវិធីនេះ ដើម្បីបាន​ទុន​បណ្តុះបណ្តាល​ក្មេងជំនាន់ក្រោយ ឲ្យ​ស្រលាញ់ចូលរួមថែរក្សាវប្បធម៌ខ្មែរមរតកដូនតាខ្មែរយើង៕

លោកជំទាវ អ៊ូ​ ធីតាពៅ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ
អត្ថបទថ្មី
;