រឿងរ៉ាវច្រើនយ៉ាងដែលយុវវ័យមិនគួរធ្វើ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់
- 2020-02-13 07:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវច្រើនយ៉ាងដែលយុវវ័យមិនគួរធ្វើ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់
ចន្លោះមិនឃើញ
ក្នុងថ្ងៃ ១៤ កុម្ភៈ ដែលត្រូវនឹងទិវានៃក្តីស្រលាញ់ ថ្វីត្បិតតែមិនមែនជាថ្ងៃឈប់សម្រាកឬបុណ្យប្រពៃណីជាតិ ប៉ុន្តែមានមនុស្សជាច្រើន តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចង់បង្ហាញពីទឹកចិត្ត ការគោរព ចំណងមិត្តភាព ក្តីស្រលាញ់ ទៅកាន់ដៃគូ មិត្តភ័ក្តិនិងក្រុមគ្រួសារជាដើម។
១. បង្ហាញពីទំនាក់ទំនងស្នេហានៅក្នុងបណ្តាញសង្គមជ្រុលពេក
ជឿជាក់ថា ក្នុងថ្ងៃពិសេសបែបនេះ អ្នកពិតជាចង់បង្ហាញពីភាពរ៉ូមែនទិក ស្និទ្ធស្នាល រួមទាំងពាក្យពេចន៍ផ្អែមល្ហែមជាមួយមនុស្សដែលខ្លួនស្រលាញ់ ឲ្យមិត្តភ័ក្តិក្នុងបណ្តាញសង្គមបានឃើញ។ និយាយពីទំនាក់ទំនងស្នេហា ទោះមើលទៅស្រស់បំព្រងយ៉ាងណា ក៏គ្មាននរណាម្នាក់ទាយដឹងថា ទៅថ្ងៃមុខនឹងមានរឿងអ្វីកើតឡើងដែរ។ ហេតុនេះហើយ គូស្នេហ៍អាចរក្សាភាពជាឯកជន ព្រោះតួលេខដែលអ្នកទាំងពីរចំណាយពេលនៅជាមួយគ្នា វាមានសារៈសំខាន់ជាងរូបភាពដែលអ្នកបង្ហាញ។ ម្យ៉ាងទៀតគួរអាណិតដល់ចិត្តអ្នកនៅលីវ ដែលកំពុងតែដេកមើលនៅផ្ទះខ្លះផង។
២. អង្គុយកើតទុក្ខតូចចិត្តព្រោះគ្មានគូនឹងគេ
អ្នកគ្មានគូយូរណាស់មកហើយ មិនមែនតែថ្ងៃ ១៤ កុម្ភៈ ឯណា? គ្មានហេតុផលអ្វី មកត្រូវអង្គុយកើតទុក្ខបក់មិនល្ហើយមួយថ្ងៃនេះទេ។ ដាច់ខាតកុំមានអារម្មណ៍ថាឯកា តូចចិត្តនឹងខ្លួនឯង ព្រោះអ្នកក៏អាចធ្វើរឿងផ្សេងៗជាមួយមិត្តភ័ក្តិ ក្រុមគ្រួសារ ឬចាត់ទុកថាវាគ្រាន់តែថ្ងៃសាមញ្ញធម្មតាក៏បានដែរ។
៣. សុំបែកគ្នាជាមួយដៃគូ
កំហឹង កំហុស ការឈឺចាប់រួមទាំងជម្លោះរាប់មិនអស់ បានជំរុញអ្នកឲ្យសម្រេចចិត្តបែកគ្នាជាមួយដៃគូ។ ជ្រុលតែធ្លាប់ស្រលាញ់គ្នា និងមានអនុស្សាវរីយ៍ល្អៗពីមុនមកដែរ គួរចាំផុតថ្ងៃ ១៤ កុម្ភៈ សិនទៅ ពុំដូច្នោះទេអ្នកទាំងពីរនឹងកាន់តែមានអារម្មណ៍ឈឺចាប់ទ្វេដង។
៤. ចំណាយលុយច្រើនលើសលប់លើផ្កានិងកាដូ
ប្រសិនបើអ្នកមិនចង់ខ្ជះខ្ជាយលុយកាក់ច្រើនទេ ត្រឹមផ្កាមួយទង ឬកាដូបន្តិចបន្តួច ជូនទៅកាន់មនុស្សដែលខ្លួនស្រលាញ់ ក៏មានតម្លៃលើសលប់ដែរ។ ទឹកចិត្តនិងទំហំស្នេហា ធំធេងជាងទំហំនៃកាដូ។
៥. ខឹងមួម៉ៅពេលដៃគូខកខានមិនបានទិញកាដូឲ្យ
ប្រហែលមកពីអ្នករំពឹងទុកខ្ពស់ពេក ឬចូលចិត្តយកទង្វើរបស់អ្នកដៃមកប្រៀបធៀប។ ពេលខ្លះដៃគូរបស់អ្នកគាត់មមាញឹកជាមួយកិច្ចការងារជាច្រើន ដោយមិនបាននឹកឃើញទិញអ្វីសូម្បីបន្តិច។ តែយ៉ាងណាគួរចេះយោគយល់ មិនត្រូវខឹងមួម៉ៅឬលួចអាក់អន់ស្រពន់ចិត្តតែម្នាក់ឯងឡើយ។ ថ្វីត្បិតតែគាត់ភ្លេចភ្លាំងមិនបានចាប់អារម្មណ៍ មិនមែនមានន័យថា គាត់ឈប់ស្រលាញ់អ្នកនោះទេ។
៦. យកកាដូប្តូរជាមួយនឹងរាងកាយ
សម័យនេះទៅហើយ ជឿជាក់ថាគ្រប់គ្នា សុទ្ធតែចេះគិតគូរពិចារណាបានវែងឆ្ងាយខ្លាំងណាស់។ ស្ថិតក្នុងភាពជាយុវវ័យមែនពិត ក៏មិនគួរបណ្តោយខ្លួន ព្រោះតែភាពត្រេកត្រអាលនិងអារម្មណ៍រំភើបមួយឆាវដែរ។ ប្រកាន់នូវគំនិតចាស់ទុំ ធ្វើអ្វីមានហេតុផលទើបគ្មានវិប្បដិសារីទៅថ្ងៃមុខ៕
ចុចអានបន្ត៖ មុនជូនផ្កាកូឡាបទៅកាន់នរណាម្នាក់ក្នុងទិវានៃក្តីស្រលាញ់ គួរដឹងពីអត្ថន័យនៃពណ៌ខុសៗគ្នាជាមុនសិន