ពិនិត្យបញ្ជីចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ លើកទី៤ តាមប្រព័ន្ធកុំព្យូទ័រ

  • 2020-02-25 04:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គណៈកម្មាធិការជាតិរៀបចំការ បោះ​ឆ្នោត (គ.ជ.ប) ត្រូវរៀបចំបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់តាមរយៈការពិនិត្យបញ្ជីឈ្មោះ និង​ការ​ចុះ​ឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ ដែល​ដំណើរ​ការ​នេះ​ត្រូវ​ធានា​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់បោះឆ្នោត និង​ដើម្បី​ឱ្យ​បញ្ជី​បោះ​ឆ្នោត​មាន​គុណ​ភាព ដែលធានាបាននូវ ភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព។

បន្ទាប់ពីការរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និង​ការ​ចុះឈ្មោះបោះ​ឆ្នោត​នៅ​ឆ្នាំ​២០២០នេះ គឺជាលើកទី៤ នៃការអនុវត្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាម​ប្រព័ន្ធ​កុំព្យូ​ទ័រ។ នេះ​ជាការគូសបញ្ជាក់របស់លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ​២០២០ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប។

លោក សោម សូរីដា បានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងរំលឹក និង​ផ្តល់​ជូន​បន្ថែមនូវការយល់ដឹងឱ្យកាន់តែច្បាស់លាស់ អំពីនីតិវិធីនៃការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ពិសេស​គឺ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូ​ទ័រ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ គោលការណ៍សំខាន់ៗនៃបទបញ្ជា និង​នីតិវិធី​សម្រាប់​អនុវត្ត​ការងារ​មួយ​ចំនួន នឹងត្រូវធ្វើបទបង្ហាញដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្រ្តីជំនាញរបស់ គ.ជ.ប ដែល ផ្តោត​សំខាន់លើប្រធានបទ ដូចខាងក្រោម៖

  • បទប្បញ្ញត្តិទូទៅពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
  • តួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ លធ.ខប ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត។
  • ដំណើរប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
  • នីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និង លិខិតបញ្ជាក់ទីលំនៅ។
  • ការប្រើប្រាស់កម្មវិធី និងនីតិវិធីអនុវត្តការចុះឈ្មោះបោះឆ្នោត និង​ការ​បញ្ជូន​ទិន្នន័យ​អ្នក​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ។
  • នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០ ២ ០ ដោយមានអ្នកចូលរួមជាគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប សរុបចំនួន ៨០នាក់។ សូម​ជម្រាប​ជូនថា គ.ជ.ប ក៏​នឹងរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ សម្រាប់មន្ត្រី លធ.ខប តំណាង​គណបក្ស​នយោ​បាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;