ផលិតករ ស៊ុម ភារិន ដាក់មួយរឿងទៀត ហើយពោលថា ទីផ្សារនៅតែត្រូវការរឿងខ្មោច
- 2020-03-03 03:42:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករ ស៊ុម ភារិន ដាក់មួយរឿងទៀត ហើយពោលថា ទីផ្សារនៅតែត្រូវការរឿងខ្មោច
ចន្លោះមិនឃើញ
បើទោះជាមានការលើកទឹកចិត្តឲ្យមានការផលិតភាពយន្តមានរសជាតិផ្សេងក្រៅពីរឿងខ្មោច ដើម្បីបន្ថែមពណ៌សម្បុរឲ្យឧស្សាហកម្មភាពយន្តក្នុងស្រុកដែលធ្លាប់រុងរឿងកាលទសវត្សទី៦០ ប៉ុន្តែងាកមកមើលបច្ចុប្បន្នលោក ស៊ុម ភារិន ផលិតករភាពយន្តលើកឡើងថា ទីផ្សារនៅតែត្រូវការរឿងខ្មោចជាងរឿងផ្សេង។
ថ្លែងបែបនេះ ក្នុងពេលលោកបានបើកសម្ពោធដាក់ផលិតផលភាពយន្តថ្មីរបស់លោករឿង "វិញ្ញាណតៃហោង" ចូលទៅក្នុងទីផ្សារនាយប់មិញ។ "វិញ្ញាណតៃហោង" គឺជាប្រភេទរឿងអប្បិយជំនឿ ខ្មោចចងអាឃាតមួយរឿងថ្មីទៀត ខណៈពេលគេកត់សម្គាល់ផលិតកម្ម "បិដហារ្យ" របស់លោក ស៊ុម ភារិន និយមផលិតតែរឿងប្រភេទនេះ។ ផលិតករ និងជាចាងហ្វាងផលិតកម្ម បានលើកឡើងថា វាពិតជាពិបាកក្នុងការងាកចេញ ខណៈទីផ្សារនៅតែត្រូវការរឿងប្រភេទនេះនៅឡើយ។
លោក ភារិន បានលើកអំណះអំណាងថា កន្លងមក បដិហារ្យ ក៏បានព្យាយាមសាកល្បងដាក់ផលិតផលភាពយន្តរសជាតិផ្សេងដែរ ប៉ុន្តែលទ្ធផលខុសពីការរំពឹងទុកឆ្ងាយ។ លោកលើកឡើងថា "ទីផ្សារយើងនៅតែត្រូវការរឿងខ្មោច...កន្លងមកយើងក៏ធ្លាប់ធ្វើរឿងរសជាតិផ្សេងដែរ ដូចជារឿង "បំណុលឈាមអ្នកប្រយុទ្ធ" យើងឆ្លុះបង្ហាញពីល្បុក្កតោ ប៉ុន្តែលទ្ធផល គឺអត់ត្រូវទីផ្សារ...អីចឹងហើយ ឲ្យតែយើងធ្វើភាពយន្តខុសទីផ្សារតែបន្តិច គឺយើងពិបាក!”។
មិនត្រឹមតែរសជាតិភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែតាមផលិតករដដែល ផលិតផលភាពយន្តខ្មែរនៅប្រឈមនឹងការកើនឡើងភាពយន្តនៅលើទីផ្សារថែមទៀតថា។ លោកថា កាលពីអតីតកាល ភាពយន្តដែលមានបញ្ចាំងនៅលើទីផ្សារមានត្រឹម ៥-៦រឿង ប៉ុន្តែបច្ចុប្បន្នចំនួននេះ បានកើនឡើងដល់ទៅប្រមាណ ១៥រឿងទៅហើយ។ ដូច្នេះក្រៅពីប្រជែងនឹងរសជាតិទីផ្សារ ភាពយន្តខ្មែរនៅប្រជែងនឹងបរិមាណទៀត។
ឈរលើហេតុផលទាំងនេះ លោកប្រាប់ថា មានហានិភ័យច្រើនក្នុងការងាកទៅរករសជាតិថ្មីសុទ្ធ ឬងាកក្នុងភាគរយច្រើន។ បែបនេះក្ដី លោកថា បដិហារ្យ នឹងនៅតែព្យាយាមបង្វែរអារម្មណ៍តាមរយៈការផ្ដល់ជូននូវភាពយន្តប្រភេទថ្មីដែរ។ ជាក់ស្ដែងរឿងក្រោយមួយក្នុងចំណោម៣ ដែលផលិតកម្មបានត្រៀមផលិតក្នុងឆ្នាំ ២០២០ នេះ គឺមិនមែនជារឿងខ្មោចឡើយ ប៉ុន្តែជារឿងពាក់ព័ន្ធនឹងស្នេហាយុវវ័យវិញម្ដង។
បើទោះជាទីផ្សារនៅតែត្រូវការរឿងខ្មោច ប៉ុន្តែលោក ស៊ុម ភារិន ថ្លែងថា វានៅតែទាមទារគុណភាពខ្ពស់ដដែល ប្រសិនបើរឿងនោះជារឿងខ្មោចក៏ពិតមែន ពោលគឺប្រសិនបើការផលិតមិនបានល្អ ការគាំទ្រក៏ទៅតាមនោះ។ ដូច្នេះហើយ ងាកមករឿង "វិញ្ញាណតៃហោង" របស់លោក បានសម្រាំង និងបានបន្ថែមលើគុណភាពបច្ចេកទេសឲ្យប្រសើរជាងមុនឆ្ងាយ ព្រោះលោកដឹងថា បច្ចុប្បន្នរសនិយមរបស់អ្នកមើល ផ្ដោតលើទំនើបកម្មនៃបច្ចេកទេសជាងមុនដែរ។
យ៉ាងណាក៏ដោយ លោកមិនហ៊ានអះអាងជាមុនទេថា រឿងថ្មីរបស់លោកនេះ នឹងជាទីពេញចិត្តរបស់ទស្សនិកជនគ្រប់គ្នាឬអត់ គឺអាស្រ័យលើការមកទស្សនាផ្ទាល់ ហើយធ្វើការវាយតម្លៃរៀងៗខ្លួន។ រឿង "វិញ្ញាណតៃហោង" ចូលដោយតារាល្បីជាច្រើនដូចជា លោក សេម កញ្ញា ហ្វាហ្វា ស្វែង សុជាតិ និងតារាជាច្រើនរូបទៀត។ រឿងនេះ នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ០៥មីនា នេះតទៅនៅគ្រប់រោងភាពយន្តទំនើបនៅរាជធានីភ្នំពេញ៕