នាយកដ្ឋាន​ភាពយន្ត ចេញ​វិធានការ​ក្ដៅ កោះ​ហៅ​ម្ចាស់​បទ "ចាក់​សាំង" មក​ជួប​ក្រោយ​រង​ការ​រិះគន់​ខ្លាំង

  • 2020-03-24 06:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​ភាពយន្ត​ថ្មី​ៗ​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​អំពី​ករណី​បទ​ចម្រៀង​រ៉េប​មួយ​បទ​មាន​ចំណង​ជើង​ថា "ចាក់សាំង" ដោយ​ស្នើ​ឲ្យ​ម្ចាស់​បទ​ចូល​ខ្លួន​ជា​បន្ទាន់​ដើម្បី ទទួល​យក​ចំណាត់​ការ​មួយ​ចំនួន។

លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌

សេចក្ដី​ជូន​ដំណឹង​បាន​ចេញ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​បទ​ចម្រៀង​ខាង​លើ បាន​ចេញ​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​យូធូប និង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ប្រិយមិត្ត​ជា​ច្រើន​បាន​ធ្វើ​ការ​រិះគន់​បទ​ចម្រៀង​មួយ​បទ​នេះ លើ​​ខ្លឹមសារ​ដែល​ហាក់​មាន​ភាព​មិន​សមរម្យ លើស​ពី​កម្រិត​ដែល​ទទួល​យក​បាន។ អ្នក​នាង សារីណា គឺ​ជា​ម្នាក់​ក្នុង​ចំណោម​នោះ បាន​ធ្វើ​ការ​រិះគន់​បទ​ចម្រៀង​រ៉េប​នេះ។

ភរិយា​លោក ស៊ុក សុភា បាន​លើក​ឡើង​ថា បទ "ចាក់​សាំង" តាំង​ពី​ដើម​ដល់​ចប់ គឺ​មាន​ភាព​អាសអាភាស​ហួស​ហេតុ។ "ជ្រុល​ពេក​ហើយ​ពួក​អា​ក្អូន​ៗ ផ្ដល់​មុខ​អោយ​សង្គម​បាន​ត្រឹម​តែ​បុណ្ណឹង​ទេ​ឬ?”។ ក្រៅ​ពី​នេះ អ្នក​នាង សារីណា បន្ត​ថា​ពាក្យ​ពេចន៍​ដែល​ប្រើ​ក្នុង​បទ​ចម្រៀង គឺ​មិន​មាន​សុជីវធម៌​ដែល​ក្នុង​នោះ អ្នក​លើក​បន្ថែម​ថា សូម្បី​តែ​យុវជន​ដែល​ធំ​ធាត់​នៅ​បរទេស ក៏​មិន​ដល់​ថ្នាក់​ប្រើ​ពាក្យ​ពេចន៍​ពិបាក​ស្ដាប់​បែប​ហ្នឹង​ដែរ។

នាយកដ្ឋាន​ភាពយន្ត ក៏​បាន​ចាត់​ទុក​ថា បទ​ចម្រៀង​មាន​ចំណង​ជើង​ថា "ចាក់សាំង" ដែល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ YOUTUBE នោះ មាន​រូបភាព និង​ខ្លឹមសារ គ្រោតគ្រាត ប្រាស​ចាក​ប្រពៃណី​ទំនៀម​ទម្លាប់ ជា​ពិសេស​តម្លៃ និង​សេចក្តី​ថ្លៃថ្នូរ​របស់​វប្បធម៌​ជាតិ​ដែរ និង​ថា​បទ​ចម្រៀង​នេះ ក៏​ផលិត​ឡើង​ដោយ​មាន​ការ​ការ​អនុញ្ញាត​ពី​នាយកដ្ឋាន​ដែល​ជា​សមត្ថកិច្ច​ជំនាញ​ទៀត។

ដូច្នេះ​ហើយ "នាយកដ្ឋាន កំពុង​ស្រាវជ្រាវ​រក​អ្នក​ផលិត​បទ​ចម្រៀង​នេះ​ដើម្បី​មក​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។ តែ​បើ​សាមី​ជន ពុំ​ចេញ​មក​ទទួល​ខុស​ត្រូវ​នោះ​ទេ នាយកដ្ឋាន​នឹង​មាន​វិធានការណ៍​តាម​ផ្លូវ​ច្បាប់។ លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ តាមរយៈ​សារ​អេឡិចត្រូនិក​ឆ្លើយ​ឆ្លង​នៅ​ព្រឹក​នេះ បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​របស់​លោក ពិត​ជា​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កោះ​ហៅ​ម្ចាស់​បទ "ចាក់​សាំង" នោះ​មែន។

ការណ៍​នោះ លោក​ថា គឺ​ដើម្បី​អប់​រំ​ណែនាំ។ "ជា​ទូទៅ​យើង​នៅ​តែ​រក្សា​គោលការណ៍​ទន់​ភ្លន់ គឺ​អប់រំ​ណែនាំ ព្រោះ​ពេល​ខ្លះ គាត់​ក៏​មាន​ស្នាដៃ​ជួយ​ធ្វើ​ស្នាដៃ​ដែល​មាន​​ការ​អប់រំ​ល្អ​ដែរ មិន​មែន​បែប​ហ្នឹង​តែ​រហូត​នោះ​ទេ អីចឹង​ហើយ​ជា​គោល​ការណ៍ គឺ​យើង​ហៅ​គាត់​មក​ជួប​ដើម្បី​អប់រំ​ណែនាំ និង​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ស្នាដៃ​ដែល​ប៉ះពាល់​ជាតិ​សាសន៍​ខ្លួន​ឯង​អីចឹង​ទៀត"។ លោក ប៉ុក បូរក្ស ថ្លែង។

យ៉ាង​ណា មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី ២៤ មីនា ២០២០ នេះ មិន​ទាន់​មាន​តំណាង​ភាគី​ខាង​ផលិត​បទ​ចម្រៀង​ណា​ម្នាក់​បង្ហាញ​ខ្លួន​នៅ​ឡើយ។ ប៉ុន្តែ​បទ​ចម្រៀង​ខាង​លើ ត្រូវ​បាន​លុប​ចេញ​ពី​ប្រព័ន្ធ​យូធូប​ផ្លូវ​ការ​របស់​ក្រុម​ផលិត​នោះ​ហើយ។ បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ដដែល បញ្ជាក់​ថា មិន​ចូល​ខ្លួន​មក ព្រម​ទាំង​នៅ​តែ​បន្ត​យក​ស្នាដៃ​ខាង​លើ​ទៅ​ប្រើ​នៅ​ទី​កន្លែង​ផ្សេង​ទៀត ម្ចាស់​ផលិត​អាច​នឹង​ត្រូវ​ប្រឈម​ជាមួយ​ផ្លូវ​ច្បាប់​ដោយ​ចៀស​មិន​រួច៕

អត្ថបទ៖ ទារិកា

;