កម្ពុជា ទទួលបាន​ថ្នាំ​​បាញ់​សម្លាប់​មេរោគ​​លើ​យន្តហោះ ពីប្រទេសចិន

  • 2020-03-31 08:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២០ លោក​នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចាត់តាំងមន្ត្រី០២ រូប ទៅ​ទទួលថ្នាំបាញ់សម្លាប់មេរោគ​លើ​យន្តហោះ​ចំនួន ២០ ធុង (​ក្នុង១ធុងមានទឹកថ្នាំចំណុះ ២៥លីត្រ) និងឧបករណ៍បាញ់ថ្នាំ ចំនួន​៤០គ្រឿង ពីស្ថានទូតចិន​ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា។

សូម​បញ្ជាក់ថា ការផ្តល់សម្ភារៈខាងលើ ជាការ​ឆ្លើយតប​តាមការ​សន្យា​របស់​លោកស្រី Zuo Wenxing អនុប្រធាន​ស្ថានបេសកកម្ម និង​ជាទីប្រឹក្សា នយោបាយ (Deputy Chief of Mission and Political Counselor of the Chinese Embassy ) ប្រចាំ​ស្ថានទូត​ចិន ដែលបាន​សន្យា​ផ្តល់​នូវឧបរណ៍ សម្ភារៈ និង ថ្នាំសម្លាប់​មេរោគ ក្នុងឱកាស​ជំនួបពិភាក្សារការងារ ជាមួយ​លោក ម៉ៅ ហាវណ្ណាល់ កាលពី​ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ កន្លងទៅ។

លោក​រដ្ឋមន្រ្តី បាន​មានប្រសាសន៍ថា ថ្នាំបាញ់ ២០ធុង និងឧ​បករណ៍៤០គ្រឿង មានសារៈសំខាន់ណាស់ សម្រាប់​បាញ់លើ​យន្តហោះពិសេស ( VVIP Flight) ជាព្រះទីនាំងនៃ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​ថ្នាក់ដឹកនាំ​កំពូលៗ​នៃរាជរដ្ឋាភិបាល​កម្ពុជា និង​សម្រាប់​បាញ់លើ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​ដែលត្រូវការ​ចាំបាច់។

លោក​នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានជូនលិខិតថ្លែងអំណរគុណដល់លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ដែលបានផ្តល់​នូវឧបរណ៍ សម្ភារៈ និង ថ្នាំសម្លាប់មេរោគខាងលើ ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងត្រូវការជាចាំបាច់ ដែលលោកបានគូសបញ្ជាក់បន្ថែមថា នេះជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ក្រោមពាក្យស្លោក «មិត្តភាពដែកថែប៖ កម្ពុជា-ចិន»។

ដើម្បីទប់ស្កាត់ និងការពារ ការរាលដាលមេរោគ កូវិត ១៩ (COVID 19) រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងអនុវត្តនូវវិធានការ វាស់កំដៅយ៉ាងតឹរឹងគ្រប់មន្ត្រីថ្នាក់ដឹកនាំ និងភ្ញៀវជាតិ អន្តរជាតិ ទាំងអស់ពេលចូលធ្វើការ និងមកដល់ក៏បានបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ អាគារធ្វើការ និងគ្រប់នាយកដ្ឋាន ព្រមទាំងការិយាល័យធ្វើការទាំងអស់ ក្នុងគោលបំណង ទប់ស្កាត់ និងការពារ ការរាលដាលមេរោគ កូវិត ១៩ (COVID 19)ដែលជាសត្រូវមើលមិនឃើញ៕

អត្ថបទ និងរូបថត៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

អត្ថបទថ្មី
;