កីឡាករធ្លាប់លើកពាន Premier League តែជាប់ស្ថិតិលេងអន់បំផុតទាំង ១០
- 2020-04-01 00:30:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករធ្លាប់លើកពាន Premier League តែជាប់ស្ថិតិលេងអន់បំផុតទាំង ១០
ចន្លោះមិនឃើញ
គិតត្រឹម ១ ទសវត្សន៍ចុងក្រោយ កីឡាករធ្លាប់លើកពាន Premier League សុទ្ធតែលេចធ្លោ មានស្ថិតិផ្សេងៗគ្នាតាមតំណែងលេងរបស់ពួកគេ មានដូចជា បោះឲ្យមិត្តរួមក្រុមបានច្រើនបំផុត និងស៊ុតបញ្ចូលទីបានច្រើនបំផុតជាដើម។
ទោះជាយ៉ាងនេះក៏មានដែរ កីឡាករ ១០ រូបតាមរដូវកាលនិមួយៗបង្ហាញទម្រង់លេងមិនល្អ ឬមិនសូវបានលេងតែម្តង តែមានឈ្មោះនៅក្នុងក្រុមលើកពាន លីគ ដ៏មានប្រជាប្រិយភាពមួយនេះ រហូតដល់ជាប់ក្នុង ស្ថិតិកីឡាករអន់បំផុត ដែលស្រង់ចេញពីសារព័ត៌មានអង់គ្លេស The Mirror ។
-រដូវកាល ២០០៩-២០១០ កីឡាករ Yuri Zhirkov លេងឲ្យ Chelsea
ក្លឹប Chelsea អាចឈ្នះលើកពានលីគជាលើកទី ៣ ។ ជាពិសេសក្រោមការដឹកនាំរបស់លោក Carlo Ancelotti រដូវកាល ២០០៩-២០១០ មានកីឡាករល្អៗជាច្រើន តែមានខ្សែការពារស្លាបឆ្វេងសញ្ជាតិរុស្ស៊ី Yuri Zhirkov លេងបានតែ ១៧ ប្រកួតគត់ ពេញមួយរដូវកាល។ ចំពោះមូលហេតុ អាចមកពីអ្នកជំនួសរូបគេគឺ Ashley Cole បញ្ចេញសមត្ថភាពត្រូវចិត្ត អ្នកចាត់ការ ។
-រដូវកាល ២០១០-២០១១ កីឡាករ Darron Gibson លេងឲ្យ Manchester United
ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ក្លឹប Manchester United លើកពានលីគរដូវកាល ២០១០-២០១១ ដោយមានជម្រើសកីឡាករសុទ្ធតែកំពូលៗតួយ៉ាងដូចជា Wayne Rooney, Ryan Giggs និង Paul Scholes ប៉ុន្តែកីឡាករខ្សែបម្រើសញ្ជាតិអ៊ីស្លង់ Darron Gibson ដែលមានឈ្មោះដែរនោះ ទៅជាមិនសូវបានលេងវិញ។ ពេញមួយរដូវកាល លេងបានតែ ១២ ប្រកួតគត់(ប្តូរចេញពីកៅអីបម្រុង ៦ ដង)។
-រដូវកាល ២០១១-២០១២ កីឡាករ Stefan Savic លេងឲ្យ Manchester City
ក្រោមការដឹកនាំរបស់លោក Roberto Mancini ក្លឹប Manchester City លើកពានលីគរដូវកាល ២០១១-២០១២ ជាលើកដំបូងបំផុត។ ប៉ុន្តែក្នុងជម្រើសកីឡាករទាំងអស់ មានខ្សែការពារសញ្ជាតិបម៉ុងតេណេក្រូ Stefan Savic បង្ហាញទម្រង់លេងមិនល្អ ជាប់ក្នុង ស្ថិតិកីឡាករអន់បំផុតនៅ PL ។
-រដូវកាល ២០១២-២០១៣ កីឡាករ Alexander Büttner លេងឲ្យ Manchester United
ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ដដែលក្លឹប Manchester United លើកពានលីគរដូវកាល ២០១២-២០១៣ ជាលើកចុងក្រោយបង្អស់ ហើយក៏ក្លាយជាក្លឹបជោគជ័យជាងគេឈ្នះពានលីគ ១៣ ដង។ ចំណែកកីឡាករដែលមិនសូវបានលេងគឺ ខ្សែការពារសញ្ជាតិហូឡង់ បង្ហាញខ្លួនបានតែ ៥ ប្រកួតគត់ នៅរដូវកាលនោះ។
-រដូវកាល ២០១៣-២០១៤ កីឡាករ Costel Pantilimon លេងឲ្យ Manchester City
ក្រោមការដឹកនាំរបស់លោក Manuel Pellegrini ក្លឹប Manchester City លើកពានលីគរដូវកាល ២០១៣-២០១៤ ជាលើកទី ២។ ប៉ុន្តែអ្នកចាំទីសញ្ជាតិរ៉ូម៉ានី Costel Pantilimon ចូលលេងបានតែ ៧ ប្រកួតគត់ ពេញមួយរដូវកាល។
-រដូវកាល ២០១៤-២០១៥ កីឡាករ Filipe Luis លេងឲ្យ Chelsea
ក្រោមការដឹកនាំរបស់លោក José Mourinho ក្លឹប Chelsea លើកពានលីគរដូវកាល ២០១៣-២០១៤ ជាលើកទី ៤ ។ ខ្សែការពារសញ្ជាតិប្រេស៊ីល Filipe Luis ត្រូវបានរំពឹងថា នឹងបង្ហាញទម្រង់លេងល្អ ប៉ុន្តែពេញមួយរដូវកាល រូបគេចូលលេងបានតែ ៩ ប្រកួតប៉ុណ្ណោះ។ រូបគេលេងបាន ១ ឆ្នាំត្រូវបានផ្ទេរទៅ Atletico Madrid ជំនួសវិញដោយប្រធានក្រុមសព្វថ្ងៃគឺ Cesar Azpilicueta ។ យ៉ាងណាមកទល់ពេលនេះ រូបគេជា ជញ្ជាំងដ៏រឹងមាំមួយរបស់ក្រុម AT ។
-រដូវកាល ២០១៥-២០១៦ កីឡាករ Gokhan Inler លេងឲ្យ Leicester City
ក្រោមការដឹកនាំរបស់លោក Claudio Ranieri ក្លឹប Leicester City លើកពានលីគរដូវកាល ២០១៥-២០១៦ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តក្លឹប។ ចំណែកខ្សែការពារសញ្ជាតិស្វីស Gokhan Inler មកលេងតែ ១ រដូវកាល អាចលើកពាន ប៉ុន្តែរូបគេចូលលេងបាន ៥ ប្រកួតគត់ ហើយចប់រដូវកាលដ៏ប្តូរចេញទៅក្លឹបតួគី Besiktas ។
-រដូវកាល ២០១៦-២០១៧ កីឡាករ Nathaniel Chalobah លេងឲ្យ Chelsea
ក្រោមការដឹកនាំរបស់លោក Antonio Conte ក្លឹប Chelsea លើកពានលីគរដូវកាល ២០១៦-២០១៧ ជាលើកទី ៥ ក្នុងប្រវត្តិសាស្រ្តក្លឹប។ ចំណែកខ្សែបម្រើសញ្ជាតិអង់គ្លេស Chalobah ចូលលេងបានតែ ១០ ប្រកួតគត់។
-រដូវកាល ២០១៧-២០១៨ កីឡាករ Eliaquim Mangala លេងឲ្យ Manchester City
ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្លឹប Manchester City លើកពានលីគរដូវកាល ២០១៧-២០១៨ ជាមួយនឹងពិន្ទុ ១០០ ពេញ(ដំបូងបំផុត)។ ចំណែកខ្សែការពារកណ្ដាល Mangala ដែលទិញមក ៣២ លានផោន មិនបានជួយអ្វីច្រើនទេ រូបគេលេងបានតែ ៩ ប្រកួតគត់។
-រដូវកាល ២០១៨-២០១៩ កីឡាករ Danilo លេងឲ្យ Manchester City
ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្លឹប Manchester City លើកពានលីគរដូវកាល ២០១៨-២០១៩ ចំនូន ២ ដងជាប់ៗគ្នាជាមួយនឹងពិន្ទុលើសក្រុមគូប្រជែង Liverpool តែ ១ ពិន្ទុប៉ុណ្ណោះ។ ចំណែកខ្សែការពារសញ្ជាតិប្រេស៊ីល Danilo ដែល Pep ចាយលុយយកពី Real Madrid ក្នុងតម្លៃ ៥០លានផោន ត្រូវបានគេរំពឹងខ្ពស់ថា នឹងធ្វើបានល្អ តែទៅជាផ្ទូយទៅវិញ។
យ៉ាងណាមិញខាងលើនេះ គ្រាន់តែជាទស្សនះប៉ុណ្ណោះ បើអ្នកគិតថា កីឡាករណាផ្សេងដែលមានស្ថិតិយ៉ាប់ជាងនេះ អាច cmt បាន៕