ថៃ៖ បុរសម្នាក់ចេញរោគសញ្ញាកូវីដ១៩ ក្រោយមកពីខេត្តសុរិន្ទ ឥឡូវស្លាប់ហើយ
- 2020-04-02 08:54:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ៖ បុរសម្នាក់ចេញរោគសញ្ញាកូវីដ១៩ ក្រោយមកពីខេត្តសុរិន្ទ ឥឡូវស្លាប់ហើយ
ចន្លោះមិនឃើញ
រដ្ឋាភិបាលថៃ បានប្រកាសនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ អំពីការរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ១០៤នាក់ថែមទៀត ហើយលើសពីនេះ គឺមានអ្នកស្លាប់ដោយសារជំងឺនេះ ៣នាក់បន្ថែមទៀតផងដែរ។ ជារួម អ្នកជំងឺសរុបកើនឡើងដល់ ១៨៧៥នាក់ ខណៈអ្នកស្លាប់កើនដល់ ១៥នាក់។
ក្នុងចំណោម៣នាក់ដែលបានស្លាប់ មានម្នាក់ជាបុរសថៃ អាយុ ៥៥ឆ្នាំ ដែលអ្នកបើករថយន្តសាធារណៈនៅព្រលានយន្តហោះសុវណ្ណភូមិ។ កាលពីថ្ងៃទី១៥មីនា គាត់បានទៅលេងផ្ទះនៅក្នុងខេត្តសុរិន្ទ ហើយត្រឡប់ទៅក្រុងបាងកកវិញ នៅថ្ងៃបន្ទាប់ (១៦មីនា)។ ដល់ថ្ងៃ១៨មីនា គាត់ក៏ចាប់ផ្តើមចេញរោគសញ្ញាគ្រុនក្តៅ និងក្អកស្ងួត ហើយមានអារម្មណ៍អស់កម្លាំង គាត់ក៏បានទៅព្យាបាលនៅគ្លីនីកមួយកន្លែង។ នៅថ្ងៃទី២១មីនា ស្ថានភាពជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងក្រុងបាងកក កាលពីថ្ងៃអាទិត្យកន្លងទៅ និងបានស្លាប់កាលពីម្សិលមិញនេះ។
អ្នកជំងឺម្នាក់ទៀតដែលបានស្លាប់ គឺជាបុរសថៃ អាយុ ៥៧ឆ្នាំ។ គាត់មកពីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២៩ ខែមីនា។ គាត់បានស្លាប់ដោយសារជំងឺនេះ នៅលើរថភ្លើងពេលធ្វើដំណើរពីបាងកក ទៅខេត្ត Khiri Khan កាលពីថ្ងៃទី៣០មីនា។ ការស្លាប់របស់បុរសរូបនេះ ធ្វើឱ្យអ្នកបម្រើការលើរថភ្លើង ១៥នាក់ដែលបានទាក់ទងគាត់ ត្រូវនៅដាច់ដោយឡែក។
អ្នកស្លាប់ម្នាក់ទៀត ក៏ជាបុរសជនជាតិថៃដែរ អាយុ ៧៧ឆ្នាំ។ គាត់ចាប់ផ្តើមក្តៅខ្លួន ក្អក និងឈឺបំពង់ក កាលពីថ្ងៃទី១៨មីនា។ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្ត Pattani ហើយស្ថានភាពជំងឺកាន់តែអាក្រក់នៅថ្ងៃទី២០មីនា និងបានស្លាប់កាលពីថ្ងៃអង្គារកន្លងទៅ៕