គ.ជ.ប ពន្យារពេល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និងការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២០

  • 2020-04-08 00:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុលោម​តាមច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បានសមេ្រច​ពន្យារពេល​ដំណើរការ​នៃការ​ពិនិត្យ​បញ្ជី​ឈ្មោះ និងការ​ចុះឈ្មោះ​បោះឆ្នោត និងការ​ផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត ឆ្នាំ២០២០ ដោយត្រូវរៀបចំ​អនុវត្ត​ចាប់ពីថ្ងៃទី​០១ ខែ​តុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ នេះបើយោង​តាមសេចក្តីប្រកាសព័ត៌មាន​របស់​ គ.ជ.ប កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ការសម្រេចពន្យារពេលនេះ ដោយសារតែ គ.ជ.ប បានពិនិត្យឃើញថា ស្ថានការណ៍បច្ចុប្បន្ននៃការរីករាលដាលជាសកលមេរោគកូរ៉ូណា ឬកូវីដ ១៩ នៅតែជាក្តីបារម្ភសម្រាប់ប្រជាជាតិទូទាំងពិភពលោក ជាពិសេសដើម្បីចូលរួមទប់ស្កាត់ និងបង្ការការចម្លងមេរោគកូរ៉ូណា ឬកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបជូនថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងមានឯកសារគ្រប់គ្រាន់មានសិទ្ធិចុះឈ្មោះបោះឆ្នោត។ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋខ្មែរគ្រប់អាយុ ១៨ឆ្នាំ ត្រូវគិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ គឺកើតមុន ឬកើតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣។

គួរបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្ប ន្ន ភាពបញ្ជីបោះឆ្នោត ដើម្បីធានាឱ្យបានបញ្ជីបោះឆ្នោតមួយ ដែលមានគុណភាពមានភាពពេញលេញ ភាពត្រឹមត្រូវនិងមានបច្ចុប្បន្នភាព។

ឆ្នាំ២០២០នេះគឺជាលើកទី៤ហើយសម្រាប់ការអនុវត្តការងារចុះឈ្មោះបោះឆ្នោតនិងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័របើគិតចាប់ពីការរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវរៀបចំបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ ដែលដំណើរការនេះត្រូវធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់បោះឆ្នោត និងដើម្បីឱ្យបញ្ជីបោះឆ្នោតមានគុណភាព ដែលធានាបាននូវ ភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព។ បន្ទាប់ពីការរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២០នេះ គឺជាលើកទី៤ នៃការអនុវត្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;