EU យល់ព្រម​បង្វែរ​ជំនួយ​ជាង ៦០លានដុល្លារ យក​មកជួយ​ការងារ​បន្ទាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា

  • 2020-04-21 08:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហភាពអឺរ៉ុប ទើបតែ​បាន​អនុម័ត​អនុញ្ញាត​ឱ្យ​បង្វែរ​ហិរញ្ញប្បទាន​ឥតសំណង​សរុបចំនួន ៥៦លានអឺរ៉ូ (ជាង ៦០,៦៨លានដុល្លារ) ពី​កម្មវិធី​កំពុងដំណើរការ​មួយ​ចំនួន​ដែល​ហិរញ្ញប្បទាន​ដោយ​សហភាព​អឺរ៉ុប សម្រាប់​យក​មក​ហិរញ្ញប្បទាន​លើ​វិស័យ​គាំពារ​សង្គម​ដែល​ជាការងារ​អាទិភាព​ និង​បន្ទាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ស្តារសម្បទាសេដ្ឋកិច្ច-សង្គម​ឡើងវិញពីវិបត្តិជំងឺកូវីដ១៩។

ការ​បញ្ជាក់​ខាងលើ​នេះ ធ្វើឡើង​ដោយ​លោកស្រី Carmen Moreno ឯអគ្គរដ្ឋទូត​នៃសហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក្នុង​ជំនួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ តាមរយៈ​ Video Conference កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២០។

រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្នុង​ជំនួប​នេះ លោក ឧបនាយករដ្ឋមន្រ្តី​បាន​ថ្លែងថា ក្នុង​ការ​អនុវត្ត​វិធានការ​ស្តារ​សេដ្ឋកិច្ច-សង្គម​ពីផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ក្រុមការងារ​ចំនួន ០៤​រួមមាន៖

១. ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​ការផ្គត់ផ្គង់ និង​ថ្លៃ​ទំនិញ​យុទ្ធសាស្រ្ត​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩។

២. ក្រុម​ការងារ​ចំពោះ​កិច្ច​រៀបចំ​ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។

៣. ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ​គោលនយោបាយ​ថវិកា ហិរញ្ញប្បទាន និង​ជំនួយ​សង្គម​ដើម្បី​គ្រប់​គ្រង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩

៤. ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​ចំពោះ​កិច្ច​សិក្សា​រៀបចំ​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ ដើម្បី​គ្រប់គ្រង និង​ដោះស្រាយ​ផល​ប៉ះពាល់​ពីការ​រីករាល​ដាល​នៃ​ជំងឺកូវីដ១៩ និង​ការ ព្យួរ EBA លើ​មុខ​ទំនិញ​មួយចំនួនផងដែរ៕

រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ សំភី

អត្ថបទថ្មី
;